ទោះបីមានការលើកឡើងថាកញ្ចប់ជំនួយដល់អ៊ុយក្រែនទំនងកើតមានឡើងនៅមុនថ្ងៃបុណ្យណូអែល ប៉ុន្តែពេលនេះច្បាស់ហើយ គឺព្រឹទ្ធសភាអាមេរិកនឹងមិនបោះឆ្នោតលើកញ្ចប់ជំនួយថ្មីបន្ថែមទៀតដល់អ៊ុយក្រែនឡើយមុនដំណាច់ឆ្នាំ ២០២៣។
មេដឹកនាំព្រឹទ្ធសភាអាមរិកបាននិយាយនៅថ្ងៃអង្គារទី ១៩ ខែធ្នូថា ខណៈពេលនេះ អ្នកចរចាពីខាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋកំពុងបន្តការងារសម្របសម្រួលរបស់ពួកគេ។
តាមរយៈសេចក្តីថ្លែងការណ៍រួមមួយ មេដឹកនាំព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ លោក Chuck Schumer និងលោក Mitch McConnell ពីបក្សសាធារណរដ្ឋ បានលើកឡើងថា៖«នៅខណៈពេលដែលក្រុមអ្នកចរចាកំពុងធ្វើការលើបញ្ហាដែលនៅសេសសល់ គេសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីអាមេរិកនឹងជួយឱ្យព្រឹទ្ធសភាអាចចាត់វិធានការបានយ៉ាងឆាប់រហ័ស និងដោយរលូន...នៅដើមឆ្នាំថ្មី»។
ទាក់ទងរឿងនេះដែរសេតវិមានបានក្រើនរំឭកថា នៅចុងឆ្នាំ ២០២៣ ជំនួយបន្ថែមរបស់អាមេរិកនឹងគ្មានទៀតឡើយសម្រាប់អ៊ុយក្រែន ដើម្បីយកទៅដណ្តើមទឹកដីដែលរុស្ស៊ីចូលកាន់កាប់ចាប់តាំងពីឆ្នាំ ២០២២។
សំណើជំនួយសម្រាប់អ៊ុយក្រែនរបស់រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន ក្នុងចំនួន ៦១ ពាន់លានដុល្លារផ្សេងទៀតក៏ត្រូវបានជាប់គាំងនៅក្នុងសភាដែរ។ ក្រុមអ្នកសាធារណរដ្ឋនិយាយថា បញ្ហានេះ ត្រូវគិតគូរផ្ទៀងផ្ទាត់គ្នាជាមួយនឹងបញ្ហាគ្រប់គ្រងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនអាមេរិក-ម៉ិកស៊ិក។
អន្តោប្រវេសន៍គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលចម្រូងចម្រាសបំផុតនៅក្នុងនយោបាយអាមេរិក ហើយការប៉ុនប៉ងធ្វើកំណែទម្រង់ទ្វេភាគីបានបរាជ័យម្តងហើយម្តងទៀតក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។
ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនកាលពីសប្តាហ៍មុនលោកប្រធានាធិបតីអ៊ុយក្រែនវ៉ូឡូឌីមៀរ ហ្សេឡេនស្គីហាក់ទទួលបានការស្វាគមន៍ដែលបង្កប់ដោយមន្ទិលសង្ស័យពីគណបក្សសាធារណរដ្ឋ។
យ៉ាងណាក៏ដោយលោក ហ្សេឡេនស្គី នៅតែមានសង្ឃឹមថា សហរដ្ឋអាមេរិកនឹងមិនឈប់ការជួយជ្រោមជ្រែងអ៊ុយក្រែនក្នុងកាលៈទេសៈដ៏លំបាកនេះទេ។ ជាក់ស្តែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ លោកប្រមុខដឹកនាំអ៊ុយក្រែនបាននិយាយថា អាមេរិកនឹងមិនបោះបង់ចោលប្រទេសអ៊ុយក្រែនរបស់លោកដែលកំពុងតែរងការឈ្លានពានឡោមព័ទ្ធពីសំណាក់សត្រូវមហាអំណាចរុស្ស៊ីនោះទេ៕