អតីត​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក អ៊ីម​រ៉ា​ន ខាន់ (Imran Khan) បាន​ប្រើប្រាស់​កម្មវិធី AI ដើម្បី​ថ្លែង​សុន្ទរកថា​បំផុសគំនិត​ដល់​អ្នកគាំទ្រ​របស់លោក ក្នុងន័យ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត ខណៈដែល​ខ្លួន​ត្រូវ​ជាប់​ក្នុង​ពន្ធនាគារ​។​

​អ្នកនយោបាយ​រូបនេះ​បាន​ប្រើប្រាស់​ ​AI ដើម្បី​ធ្វើការ​ក្លូន​សំឡេង ដោយ​អាចឱ្យ​គាត់​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​បាន​យ៉ាង​ល្អ​មុន​ការបោះឆ្នោត​ដែល​នឹងត្រូវ​រៀបចំ​នៅ​ខែកុម្ភៈ ឆ្នាំ​ ២០២៤​។​

​លោក ខាន់ បាន​ជាប់ពន្ធនាគារ​ចាប់​តាំងពី​ខែសីហា ដោយសារតែ​លោក​ត្រូវបាន​តុលាការ​កាត់ទោស​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ​។ លោក​ក៏​រង​ការ​ចោទ​ប្រកាន់​ពីបទ​ធ្វើឱ្យ​បែកធ្លាយ​ឯកសារ​សម្ងាត់​មួយចំនួន​ផងដែរ​។​

​យ៉ាងណាក៏ដោយ លោក​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ទាំងនោះ ហើយ​ថា​ការចោទប្រកាន់​ទាំងអស់នោះ គឺ​ដើម្បី​រារាំង​រូបលោក​មិនឱ្យ​ឈរឈ្មោះ​បោះឆ្នោត​ក្នុង​អាណត្តិ​ថ្មី​នៅ​ខែកុម្ភៈ​ខាងមុខនេះ​តែប៉ុណ្ណោះ​។ ស្ថានីយទូរទស្សន៍​ក្នុងស្រុក​នានា​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចាក់ផ្សាយ​សុន្ទរកថា​របស់លោក ខាន់​ទេ​។​

​លោក ខាន់ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​ខែ​ឧសភា ដែល​កាល​នោះបាន​បង្ក​ឱ្យ​កើតមាន​កុបកម្ម​ពាសពេញ​ផ្ទៃ​ប្រទេស និង​បានធ្វើឱ្យ​រដ្ឋាភិបាល​បង្ខំ​ចិត្ត​សម្រេច​បិទ​អ៊ីន​ធឺ​ណិ​ត​រយៈពេល​ ៣ ​ថ្ងៃ​។ បន្ថែម​លើ​នេះ ការកាត់ក្តី​របស់លោក ខាន់ ក៏បាន​ធ្វើឡើង​ដោយ​សម្ងាត់ ហើយក៏​មិនដែល​ឃើញ​មាន​រូបភាព​របស់លោក​នៅក្នុង​ពន្ធនាគារ​ដែរ​។​

​ដោយឡែក គណបក្ស​របស់លោក​ឈ្មោះថា គណបក្ស​ប៉ា​គី​ស្ថាន​តេ​រីក​អេ​អ៊ី​ន​សា​ហ្វ (Tehreek-e-Insaf) ឬ​ហៅ​កាត់​ថា PTI បានរៀបចំ​យុទ្ធនាការ​តាម​អ៊ីន​ធឺ​ណិ​ត​រយៈពេល ​៧ ​ម៉ោង​កាល​ពីថ្ងៃ​អាទិត្យ ដោយ​ពួកគេ​បាន​ចែករំលែក​វីដេអូ​រយៈពេល​ ៤​ នាទី​ដោយ​ប្រើ AI ដើម្បី​ចម្លង​សំឡេង​របស់លោក ខាន់​និង​ផ្គូផ្គង​ជាមួយនឹង​វីដេអូ​ចាស់ៗ និង​រូបថត​ចាស់ៗ​របស់លោក​។​

​នៅក្នុង​វីដេអូ​នោះ ក្រុមការងារ​របស់លោក ខាន់ បាន​ប្រើ AI ដើម្បី​បង្កើត​ចេញ​ជា​សំឡេង​របស់លោក ដោយ​ផ្អែកលើ​កំណត់ត្រា​របស់លោក​ដែល​បាន​សរសេរ​នៅក្នុង​ពន្ធនាគារ​។ លោក​បាន​អរគុណ​ដល់​ក្រុមការងារ ហើយ​បាន​ទទូចថា ការទាមទារ​សិទ្ធិសេរីភាព​នឹង​នៅតែ​បន្ត ទោះបី​មានការ​ហាមឃាត់​មិនឱ្យ​មានការ​ជួបជុំ ការចាប់ខ្លួន​សមាជិក​បក្ស​ជា​បន្តបន្ទាប់ និង​ការ​បៀតបៀន​ដល់​ក្រុមគ្រួសារ​របស់​ពួកគេ​ក៏ដោយ​។​

​សំឡេង AI នៅក្នុង​វីដេអូ​នោះ​ក៏បាន​អំពាវនាវ​ឱ្យ​អ្នកគាំទ្រ​របស់លោក​ទាំង​អស់ ទៅ​បោះឆ្នោត​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាងមុខនេះ​។ លោក ខាន់ ធ្លាប់​បានឈ្នះ​ការបោះឆ្នោត​ក្នុង​អាណត្តិ​ដំបូង​របស់គាត់​គឺ​ក្នុង​ឆ្នាំ​ ២០១៨ ​ដោយសារតែ​លោក​បាន​សន្យាថា នឹង​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ ហើយ​ប្រជាជន​ប៉ា​គី​ស្ថាន​វ័យក្មេង​ភាគច្រើន​មានការ​ធុញទ្រាន់​នឹង​ប្រព័ន្ធ​នយោបាយ​ចាស់​ដែល​ដឹកនាំ​ដោយ​គ្រួសារនិយម និង​ប្រើ​អំណាច​យោធា​។​

​រយៈពេល​ ៤ ​ឆ្នាំ​នៃ​ការដឹកនាំ​របស់លោក ខាន់ លោក​បាន​ប្រឈមមុខ​នឹង​ការចោទប្រកាន់ថា​បាន​ដឹកនាំ​ប្រទេស​ទៅរក​វិបត្តិ​សេដ្ឋកិច្ច ហើយ​សភា​អនុម័ត​ដក​ចេញពី​អំណាច​នៅ​ឆ្នាំ​ ២០២២៕