រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានហ្វីលីពីន ឱ្យដោះស្រាយជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងតាមរយៈកិច្ចសន្ទនាគ្នា ក្រោយភាពតានតឹងកើនឡើងជុំវិញការប៉ះទង្គិចគ្នាថ្មីៗនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក វ៉ាង បានប្រាប់សមភាគីហ្វីលីពីន លោក Enrique Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីន នៅក្នុងការហៅទូរស័ព្ទកាលពីថ្ងៃពុធថា ប្រសិនបើហ្វីលីពីនធ្វើការវិនិច្ឆ័យខុស ឬឃុបឃិតជាមួយកងកម្លាំង «ដែលមានចេតនាអាក្រក់» ពីខាងក្រៅ ក្នុងដែនទឹកជម្លោះនោះ នោះប្រទេសចិននឹងការពារសិទ្ធិរបស់ខ្លួនហើយឆ្លើយតបយ៉ាងម៉ឺងម៉ាត់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
មន្រ្តីការទូតជាន់ខ្ពស់ចិនដដែល បានព្រមានទៀតថា៖ «ទំនាក់ទំនងចិន និងហ្វីលីពីន ស្ថិតនៅលើផ្លូវបំបែកមួយ។អាទិភាពកំពូល គឺត្រូវដោះស្រាយគ្នា និងគ្រប់គ្រងស្ថានភាពដែនសមុទ្របច្ចុប្បន្នឱ្យបានត្រឹមត្រូវ»។
ខាងភាគីហ្វីលីពីនវិញ លោករដ្ឋមន្រ្តី Manalo បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានប្លាស់ប្តូរសន្ទនាជាមួយលោក វ៉ាង ដោយស្មោះអស់ពីចិត្ត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន។
លោកបន្តយ៉ាងដូច្នេះថា៖«យើងទាំង២បានកត់សម្គាល់ពីសារៈសំខាន់នៃការសន្ទនាក្នុងការដោះស្រាយបញ្ហាទាំងនេះ»។
បើតាមរ៉យទ័រ គេមិនដឹងច្បាស់ទេ ថាភាគីណាមួយជាអ្នកផ្ដើមការហៅទូរស័ព្ទការទូតចុងក្រោយនេះ។
ចិនទាមទារដែនទឹកសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុង ដោយស្របតាមផែនទី «បន្ទាត់ក្រហម៩ឆ្នូត»របស់ខ្លួន ដែលធ្វើឱ្យមានភាពចម្រូងចម្រាសគ្នាពីប្រទេស និងកោះក្នុងតំបន់ជាច្រើន រួមមានហ្វីលីពីន វៀតណាម តៃវ៉ាន់ ប្រ៊ុយណេ និងម៉ាឡេស៊ីជាដើម។
ថ្មីៗនេះ ភាពតានតឹងរវាងចិន និងហ្វីលីពីនកើនឡើងកាន់តែខ្លាំង ដោយប្រទេសទាំង២បានធ្វើការចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការប៉ះទង្គិចទូកនេសាទ នាវាឆ្មាំឆ្នេរសមុទ្រ និងនាវាផ្សេងៗទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រដែលប្រទេសទាំង២ទាមទារថាជារបស់ខ្លួនរៀងៗខ្លួន។
ជម្លោះចុងក្រោយ ទាក់ទាញ់ការបង្ហាញជំហរគាំទ្រចំពោះហ្វីលីពីន ពីសម្ព័ន្ធមិត្តផ្សេងៗ ជាពិសេសអាមេរិក និងកាណាដា ជាដើម៕