ក្រសួង​ធន​ធាន​ធម្មជាតិ​ និង​បរិស្ថាន​​ និង​ក្រសួង​កសិកម្ម​ និង​សហករណ៍​ថៃ​ បាន​រួម​គ្នា​ប្រកាស​ «ធ្វើ​សង្គ្រាម​ប្រឆាំង​» នឹង​​ការ​ដុត​ជញ្រ្ជាំង ឬ​​ដំណាំ​ ​​ដែល​ជា​ប្រភព​នៃ​ការ​បំពុល​ខ្យល់ដ៏​ធំ​មួយ​​ ខណៈ​កម្រិត​ខ្យល់​កខ្វក់ចាប់​ផ្ដើម​​​​កើន​ឡើង​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​ The Nation នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

​រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ធម្មជាតិ ​លោក​ Phaatcharavat Wongsuwan​ និង​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ លោក ​Thammanat Prompow បាន​​ជួប​ប្រជុំ​គ្នាក្នុង​សប្តាហ៍​នេះ​ ដើម្បី​ពិភាក្សា​អំពី​វិធានការ​ដោះ​ស្រាយ​ប្រភព​នៃ​កំហាប់​ភាគ​ល្អិតនិចល​​​PM2.5 ​ក្នុង​វិស័យ​កសិកម្ម​។

រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ធម្មជាតិ ​លោក​ Phaatcharavat Wongsuwan​ និង​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម​ លោក ​Thammanat Prompow។​The Nation

 

ក្រោយ​កិច្ច​ប្រជុំ​ រដ្ឋ​មន្រ្តី​ទាំង​២​ ​បាន​ប្ដេជ្ញា​ប្រើ​វិធានការ​តឹង​រ៉ឹង​ ដើម្បី​លុប​បំបាត់​ការ​ដុត​បំផ្លាញជញ្រ្ជាំង​ និង​ដំណាំ​​ រួម​ទាំង​​ការ​​ចុះ​​ឈ្មោះ​កសិករ​ដែល​​​​ដាំ​​អំពៅ​​និង​​ពោត​ ​ដែល​ជា​​ប្រភេទ​ដំណាំ​ដែល​កសិករ​ដុត​ចោល​ក្រោយ​ប្រមូល​ផល​រួច​ ហើយ​បង្ក​ឱ្យ​មាន​​បំពុល​​ផ្សែង​ពុល​ធ្ងន់​ធ្ងរ​ភាយ​ទៅ​លើ​អាកាស​។

ជា​មួយ​គ្នា​នេះ​ ក្រសួង​ក៏​ចេញ​វិធី​សាស្រ្ត​​​អប់រំ​កសិករ​ អំពី​ផល​ប៉ះ​ពាល់​ផ្លូវ​ច្បាប់​ និង​បរិស្ថាន​ ដោយ​សារ​តែ​ការ​ដុត​ជញ្រ្ជាំង​ និង​ដំណាំ​ផង​ដែរ​។​

លោក ​Thammanat ​បាន​និយាយ​ថា​​៖«​យើង​ជំរុញ​ឱ្យ​កសិករ​ទូទាំង​ប្រទេស​ បញ្ឈប់​ការ​ដុត​​ទាំង​ស្រុង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​​​ជា​ពេល​ដែល​ការ​បំពុល​បរិយាកាស​ឈាន​​ដល់​ចំណុច​ធ្ងន់​ធ្ងរ​​»។ ​

​លោក​​ បា​ន​​បន្ថែម​​ថា​ លិខិត​​បន្ទាន់​​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​អភិបាល​​ខេត្ត​ថៃ​​ទាំង​​អស់​ ដើម្បី​​បង្កើន​​ការ​​ត្រួត​​ពិនិត្យ​​ពី​​មន្ត្រី​​មូលដ្ឋាន​ និង​​ដាក់​​ពិន័យ​​យ៉ាង​​តឹង​រ៉ឹង​​ចំពោះ​ជន​ល្មើស​​​។ 

បន្ថែម​ពី​នេះ​ លោក​រដ្ឋ​មន្រ្តី​ក្រសួងកសិកម្ម​ដដែល​​ ​​និយាយ​ថា​ ក្រសួង​​នឹង​ពិចារណា​ផង​ដែរ​ អំ​​ពី​ការ​ព្យួរ​ការ​ឧបត្ថម្ភធន​របស់​រដ្ឋាភិបាល​សម្រាប់​កសិករ​ដែល​មាន​សិទ្ធិ​ទទួល​បានឧបត្ថម្ភធន​​ ប្រសិន​បើ​ពួក​គេ​បំពាន​ច្បាប់​ ដោយ​ការ​ដុត​វាលស្រែ​របស់​ខ្លួន​​។ ​

លោក​បន្ថែម​ថា ​​ក្រសួង​​នឹង​ធ្វើ​ការ​ជាមួយ​ភ្នាក់​​ងារ​ពាក់​ព័ន្ធ​ ដើម្បី​បង្កើន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​លុប​បំបាត់​ប្រភព​បំពុល​បរិយាកាស​ពី​វិស័យ​កសិកម្ម​ ហើយ​នឹង​ជួប​គ្នា​ម្តង​ទៀត​ដើម្បី​តាម​ដាន​វឌ្ឍនភាព​នៃ​ «សង្គ្រាម​ប្រឆាំង​នឹង​ការ​ដុត​ដំណាំ»​​។

ប្រទេស​ថៃ​តែង​រង​នូវ​ការ​បំពុល​ខ្យល់​ធ្ងន់​ធ្ងរ​ ជា​ពិសេស​នា​រដូវ​ប្រមូល​ផល​រួច​ ដោយ​សារ​តែ​ប្រជាកសិករ​នាំគ្នា​ដុត​ជញ្រ្ជាំង ឬ​ដំណាំ​​ ដើម្បី​ត្រៀម​ដី​ទុក​សម្រាប់​ការ​ដាំ​ដុះ​ថ្មី​ ទោះ​បី​ជា​វា​ខុស​ច្បាប់​ ហើយ​រង​ការ​ឃ្លាំ​មើល​ពី​អាជ្ញាធរ​ក៏​ដោយ​។ ​

ការ​​អនុវត្តន៍​វិធី​សាស្រ្ត​កសិកម្ម​បែប​នេះ​ ធ្វើ​ឱ្យ​​កម្រិត​បំពុល​ខ្យល់​នៅ​ថៃ​កាន់​តែ​អាក្រក់​ទៅៗ  ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​កំហាប់​ភាគ​ល្អិតនិចល​​​PM2.5 ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​ដល់​សុខភាព​សាធារណៈ។ កម្រិត​ ​​ PM2.5 នៅ​ថៃ​ភាគ​ច្រើន​កើត​ឡើង​ពី​ចន្លោះ​ខែ​ធ្នូ​ និង​ខែ​មីនា ជាពិសេស​នៅ​តាម​ទីក្រុង​ធំ​ៗ​ ដែល​រង​ការ​បំពុល​បរិយាកាស​រួច​ទៅ​ហើយ​ ដោយ​សារ​តែ​ការ​បំភាយ​ខ្យល់​ពុល​ពី​រោង​ចក្រ​ឧស្សាហកម្ម​ និង​ចរាចរណ៍​៕