សហភាពអឺរ៉ុបនៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣ បានសម្រេចដាក់ចេញឱ្យមានកិច្ចព្រមព្រៀងមួយស្ដីពីវិធានការថ្មីក្នុងការរៀបចំឡើងវិញនូវការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលបានធ្វើចំណាកស្រុកទៅតាមប្រទេសសមាជិកសហភាពអឺរ៉ុបនីមួយៗ និងកាត់បន្ថយចំនួនជនអន្តោប្រវេសន៍។
បន្ទាប់ពីបើកកិច្ចពិភាក្សាពេញមួយយប់ ដោយមានការជជែកគ្នាយ៉ាងស៊ីជម្រៅក្រុមអ្នកតំណាងសភាអ៊ឺរ៉ុប និងរដ្ឋាភិបាលសហភាពអឺរ៉ុប បានឈានដល់ការសម្រេចបាននូវកិច្ចព្រមព្រៀងស្តីពីច្បាប់ធ្វើចំណាកស្រុកនិងសិទ្ធិជ្រកកោន ដែលអាចនឹងចូលជាធរមាននៅឆ្នាំក្រោយ។
ច្បាប់ថ្មីនេះមានវិសាលគ្របដណ្តប់លើការជ្រើសរើសប្រភេទជនចំណាកស្រុកនៅពេលដែលពួកគេបានទៅដល់សហភាពអ៊ឺរ៉ុប នីតិវិធីនៃការដោះស្រាយបញ្ហាជុំវិញពាក្យសុំសិទ្ធិជ្រកកោន និងការកំណត់ថាតើប្រទេសនអ៊ឺរ៉ុបមួយណាដែលត្រូវទទួលខុសត្រូវក្នុងការទទួលយកជនចំណាកស្រុកទាំងនោះនិងដោះស្រាយវិបត្តិនានាផ្សេងទៀត។
ប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមានជនចំណាកស្រុកទៅកាន់សហភាពអឺរ៉ុបច្រើនដូចនៅឆ្នាំ២០១៥ នោះទេ ប៉ុន្តែក៏មានការកើនឡើងខ្លះដែរបើគិតចាប់ពីឆ្នាំ ២០២០មក មានប្រមាណជា ២៥៥០០០ នាក់ គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៣។ ជាង ៥០% នៃជនអន្តោប្រវេសន៍ទាំងអស់បានធ្វើដំណើរឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ ចេញពីទ្វីបអាហ្វ្រិក ដែលភាគច្រើនឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអ៊ីតាលីលោកម៉ាតេអូ ផេនតេដូស៊ី (Matteo Piantedosi)បានសាទរចំពោះកិច្ចព្រមព្រៀងនេះថាជាជ័យជម្នះដ៏ធំមួយសម្រាប់ទ្វីបអឺរ៉ុបទាំងមូល និងប្រទេសអ៊ីតាលីដោយឡែក ដើម្បីធានាថាបណ្ដាប្រទេសនៅក្នុងសហភាពអឺរ៉ុបចូលរួមដោះស្រាយបញ្ហាចំណាកស្រុកនេះទាំងអស់គ្នា។
អធិការបតីរបស់អាឡឺម៉ង់លោក អូឡាហ្វ ស្កូល (OlaF Scholz) បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចព្រមព្រៀងនេះជាពិសេសគឺការបន្ធូរបន្ថយបន្ទុកលើបណ្តាប្រទេសមួយចំនួនដែលរងផលប៉ះពាល់ច្រើន ដូចជាប្រទេសអាល្លឺម៉ង់ជាដើម។
កាលពីមុន ក៏ធ្លាប់មានការព្យាយាមបែងចែកកាតព្វកិច្ចក្នុងការចូលរួមទទួលយកជនអន្តោប្រវេសន៍នេះដែរប៉ុន្តែបានបរាជ័យ ដោយសារតែសមាជិកសហភាពអឺរ៉ុបខាងកើតមិនព្រមទទួលយកជនអន្តោប្រវេសន៍ដែលបានទៅដល់ប្រទេសក្រិកអ៊ីតាលីនិងប្រទេសមួយចំនួនទៀត។
ស្ថិតនៅក្រោមប្រព័ន្ធច្បាប់នៃកិច្ចព្រមព្រៀងថ្មីនេះ បណ្តាប្រទេសដែលមិនមានព្រំដែនជាប់សមុទ្រត្រង់កន្លែងច្រកចូលរបស់ជនអន្តោប្រវេសន៍ នឹងមានជម្រើសពីរសម្រាប់ជ្រើសរើស ទី១ ត្រូវទទួលយកជនចំណាកស្រុកចំនួន៣៣០០០ នាក់ដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោន ឬជម្រើសទី២ ត្រូវបង់ប្រាក់យ៉ាងតិច២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់យ៉ាងតិច ទៅក្នុងមូលនិធិសហភាពអឺរ៉ុប។
ប្រព័ន្ធជ្រើសរើសជនអន្តោប្រវេសន៍គឺជាប្រព័ន្ធមួយដែលអាចត្រួតពិនិត្យ វាយតម្លៃ និងកំណត់អត្តសញ្ញាណជនចំណាកស្រុកទាំងនោះ ថាតើនរណាខ្លះដែលពិតជាត្រូវការការគាំពារពីអន្តរជាតិ ហើយនរណាខ្លះទៀតដែលអាចមានលទ្ធភាពគ្រប់គ្រាន់ហើយ។
ជាក់ស្ដែង ជនអន្តោប្រវេសន៍ដែលបានដាក់ពាក្យសុំសិទ្ធិជ្រកកោនមកពីប្រទេសឥណ្ឌា ទុយណេស៊ី និងតួកគី គឺភាគច្រើនមិនអនុញ្ញាតឱ្យចូលទ្វីបអឺរ៉ុបនោះទេ។ ហើយមនុស្សមួយចំនួននឹងត្រូវចាប់ឃុំនៅច្រកព្រំដែន ប្រសិនបើសង្ស័យថាពួកគេជាបុគ្គលគ្រោះថ្នាក់។
ជាការកត់សម្គាល់ កិច្ចព្រមព្រៀងថ្មីនេះនឹងជួយដល់ការដោះស្រាយបញ្ហាចំនួនអ្នកដាក់ពាក្យសុំសិទ្ធិជ្រកកោនបានលឿនជាងមុន។យ៉ាងណាក៏ដោយ អង្គការលើកលែងទោសអន្តរជាតិបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងអាចបង្កើនការលំបាកសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជួបការលំបាកជាងមុន ក្នុងការស្វែងរកទីសុវត្ថិភាព ជាពិសេសក្រុមគ្រួសារ និងជនងាយរងគ្រោះ អាចនឹងត្រូវចាប់ឃុំខ្លួននៅព្រំដែន ដោយសារតែការអនុវត្តតាមច្បាប់នៃកិច្ចព្រមព្រៀងថ្មីនេះ៕