រុស្ស៊ីដែលជាប់ផុងក្នុងសង្គ្រាមនៅអ៊ុយក្រែនអស់រយៈពេលជិត ២ ឆ្នាំដោយទទួលបានមកវិញនូវការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីប្រទេសលោកសេរី បានបង្ហាញជំហរជាថ្មីក្នុងការចរចាជាមួយអ៊ុយក្រែនតាមរយៈការផ្តល់យោបល់និងការសម្របសម្រួលពីភាគីទី៣។
ចាប់តាំងពីសង្គ្រាមតំបន់ហ្គាហ្សាបានផ្ទុះឡើងរវាងក្រុមហាម៉ាស់និងប្រទេសអ៊ីស្រាអែល សម្ពាធការទូតដល់ធ្លាប់ធ្លាក់លើរុស្ស៊ីទាំងស្រុងដោយសារតែខ្លួនលើកទ័ពចូលឈ្លានពានអ៊ុយក្រែននេះ បានរំលែកទៅលើអ៊ីស្រាអែលនិងអាមេរិក។
សម្ពាធអន្តរជាតិធ្លាក់ទៅលើអ៊ីស្រាអែល ដោយសារការបាញ់ប្រហារលើពួកហាម៉ាស់នៅតំបន់ហ្គាហ្សាបណ្តាលឱ្យស្លាប់ជនស៊ីវិលជាង ២ ម៉ឺននាក់ និងរបួសជាង ៥ ម៉ឺននាក់រហូតមកដល់ពេលនេះ។
អំឡុងពេលសង្គ្រាមនៅហ្គាហ្សាជាង ២ ខែនេះ រុស្ស៊ីបានស្ថាបនាមុខមាត់ឡើងវិញក្នុងឆាកអន្តរជាតិជាពិសេសជាមួយពិភពអារ៉ាប់ដែលនៅខាងក្រុមហាម៉ាស់ស្រាប់នោះ ហើយរុស្ស៊ីក៏រំពឹងថា បណ្តុំរដ្ឋអារ៉ាប់នឹងជួយរកវិធីដើម្បីរំលត់សង្គ្រាម។
នៅថ្ងៃទី ២០ ខែធ្នូនេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយថា ប្រទេសរុស្ស៊ី ស្វាគមន៍ចំពោះគំនិតស្ថាបនាណាមួយ រួមទាំងពីសម្ព័ន្ធរដ្ឋអារ៉ាប់ផងដែរ អំពីរបៀបបង្កើតលក្ខខណ្ឌសម្រាប់ដំណោះស្រាយដោយយុត្តិធម៌នៃជម្លោះអ៊ុយក្រែន ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។
សេចក្តីថ្លៃងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានលើកឡើងថា៖ «សេចក្តីថ្លែងការណ៍ថ្ងៃនេះ ដែលយើងអនុម័ត សង្កត់ធ្ងន់ថា រុស្ស៊ីស្វាគមន៍ចំពោះគំនិតស្ថាបនាណាមួយ រួមទាំងគំនិតរបស់សម្ព័ន្ធរដ្ឋអារ៉ាប់ អំពីរបៀបបង្កើតលក្ខខណ្ឌសម្រាប់ជម្លោះនេះ ដើម្បីទទួលបានដំណោះស្រាយដោយយុត្តិធម៌ ដោយផ្អែកលើច្បាប់អន្តរជាតិ»៕