ឧបនាយករដ្ឋមន្ត្រី លោក សុំសាក់ ថេបស៊ូធិន (SomsakThepsutin) បានបញ្ជាក់ថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នឹងមានសិទ្ធិទទួលបានការឃុំខ្លួននៅក្រៅពន្ធនាគារក្រោមបទប្បញ្ញត្តិថ្មីមួយដែលអនុញ្ញាតឱ្យមានការឃុំខ្លួនអ្នកទោសដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់។
លោក សុំសាក់ ដែលធ្លាប់ជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានបញ្ជាក់ថា លោក ថាក់ស៊ីន មានលក្ខណសម្បត្តិគ្រប់គ្រាន់ក្រោមបទប្បញ្ញត្តិថ្មីដែលទើបបានចូលជាធរមានកាលពីដើមខែនេះ។ ច្បាប់នេះអនុញ្ញាតឱ្យទណ្ឌិតអាចនៅក្រៅពន្ធនាគារប្រសិនបើពួកគេបំពេញតាមលក្ខណៈវិនិច្ឆ័យដែលកំណត់ដោយនាយកដ្ឋានកែប្រែ (ពន្ធនាគារ) ហើយត្រូវបានអនុម័តដោយក្រុមត្រួតពិនិត្យជំនាញដែលបង្កើតឡើងដោយនាយកដ្ឋានផ្ទាល់។
លោក សុំសាក់ ក៏បានបញ្ជាក់បន្ថែមថា ទោសជាប់ពន្ធនាគាររបស់លោកថាក់ស៊ីន មានរយៈពេលតិចជាង ៤ ឆ្នាំហើយលោកជាអ្នកទោសដែលមិនមានការគំរាមកំហែងឬបង្កគ្រោះថ្នាក់ដល់សាធារណជននោះទេ ដូច្នេះលោកមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលអាចទទួលបានការឃុំខ្លួនក្រៅពន្ធនាគារហើយរយៈពេលអនុវត្តទោសក៏នៅសល់ត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។
លោក សុំសាក់ បានរំលេចថា៖ «ការឃុំខ្លួនក្រៅពន្ធនាគារក្រោមច្បាប់ថ្មីនេះ គឺដើម្បីកាត់បន្ថយចំនួនអ្នកទោសលើសចំណុះនៅក្នុងពន្ធនាគារ។ការធ្វើបែបនេះគឺជារឿងធម្មតាទៅហើយនៅទូទាំងពិភពលោកហើយមិនមែនអនុវត្តទៅលើតែករណីលោកថាក់ស៊ីននោះទេ»។ លោកបានទទួលស្គាល់ថា សាធារណជនមានការចាប់អារម្មណ៍លើករណីនេះច្រើន ដោយសារតែលោក ថាក់ស៊ីន ជាឥស្សរជននយោបាយដ៏ល្បីម្នាក់។
បន្ទាប់ពីបានឃ្លាតឆ្ងាយពីប្រទេសថៃអស់រយៈពេល ១៥ ឆ្នាំ លោក ថាក់ស៊ីន ដែលមានវ័យ ៧៤ ឆ្នាំ បានត្រលប់ចូលប្រទេសវិញនៅថ្ងៃទី ២២ ខែសីហាដោយត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទពុករលួយកាលពីមុនឆ្នាំ ២០០៦។ តុលាការបានកាត់ទោសឱ្យលោកជាប់ពន្ធនាគារ ៨ ឆ្នាំបន្ទាប់មកក៏មានការលើកលែងទោសពីព្រះមហាក្សត្រ ដោយបានកាត់បន្ថយរយៈពេលអនុវត្តទោសក្នុងពន្ធនាគារមកត្រឹម ១ ឆ្នាំ។
បច្ចុប្បន្ននេះ លោកថាក់ស៊ីនកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប៉ូលិសមួយក្រោយត្រឡប់ចូលមាតុប្រទេស ដោយសារបញ្ហាសុខភាពលោកធ្លាក់ចុះខ្សោយ។ គិតមកទល់ពេលនេះ លោកបានស្នាក់នៅមន្ទីរពេទ្យនោះអស់រយៈពេល ១២០ ថ្ងៃ ហើយបើចង់នៅបន្ត ត្រូវមានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕