១ ឆ្នាំនៃភាពចលាចលរវាងមហាអំណាចពិភពលោកគឺ ចិន និងអាមេរិក ជុំវិញបញ្ហាបង្ហោះបាឡុងចារកម្ម ការប្រកួតប្រជែងគ្នាលើការផលិតបន្ទះឈីប និងភាពតានតឹងផ្នែកយោធា បានរុញឱ្យទំនាក់ទំនងប្រទេសទាំង ២ កាន់តែល្អក់កករ។
ដោយឡែកឆ្នាំ ២០២៤ ត្រូវបានគេមើលឃើញថាជាឆ្នាំដែលទំនាក់ទំនងប្រទេសទាំង ២ មានភាពចលាចលកាន់តែខ្លាំង។ ហេតុការណ៍ដែលនឹងបង្កភាពស្មុគស្មាញ ការប្រឈមខ្លាំងនោះក៏អាចបណ្ដាលមកពីការបោះឆ្នោតប្រធានាធិបតីថ្មីនៅតៃវ៉ាន់ ក៏ដូចជាការបោះឆ្នោតប្រធានាធិបតីថ្មីនៅអាមេរិក និងសង្គ្រាមពាណិជ្ជកម្មបន្តទៀត។
នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ គណបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចហាក់ដូចជាបន្តនាំមុខសម្រាប់ការបោះឆ្នោតអាណត្តិក្រោយខណៈដែលចិនដីគោកចាត់ទុកគណបក្សនេះថាមានភាពឯករាជ្យនិយមហួសហេតុពេក។
នៅរាល់មុនការបោះឆ្នោតម្ដងៗ តៃវ៉ាន់ និងចិនតែងមានភាពតានតឹងផ្នែកនយោបាយនិងយោធាជាមួយរដ្ឋអំណាចតៃវ៉ាន់ដែលតែងចោទថា ចិនបានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតទៀតផង។ មានម្ដងនោះក្នុងឆ្នាំ ១៩៩៦ ចិនរហូតដល់ធ្វើសមយុទ្ធយោធានិងតេស្តមីស៊ីលនាំឱ្យអាមេរិកដែលជាសម្ព័ន្ធមិត្តរបស់តៃវ៉ាន់ បញ្ចូនយន្ដហោះចម្បាំងទៅកាន់តំបន់កោះនោះតែម្ដង។
ចំណែកឯការបោះឆ្នោតលើកនេះទីក្រុងប៉េកាំងបានដាក់សម្ពាធផ្នែកយោធានិងនយោបាយម្ដងទៀតនិងថែមទាំងបានព្រមានតៃវ៉ាន់ក្នុងការសម្រេចចិត្តឱ្យបានហ្មត់ចត់ ព្រោះពួកគេមានតែជម្រើស ២ ប៉ុណ្ណោះគឺសង្គ្រាមឬសន្តិភាព។
រីឯការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកវិញក៏ទំនងជាជួបប្រទះបញ្ហាចម្រូងចម្រាស កាន់តែខ្លាំងផងដែរ។ ចម្រូងចម្រាសដោយសារចុងឆ្នាំ ២០២៣ នេះ សម្ទុះនៃការគាំទ្រអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំហាក់កក្រើកឡើងគួរឱ្យកត់សម្គាល់។
ទន្ទឹមនឹងស្ថានការណ៍នេះសាធារណជនក៏ដូចជាថ្នាក់ដឹកនាំជុំវិញពិភពលោកកំពុងដាក់ចម្ងល់ថា តើលោកត្រាំអាចនឹងវិលមកកាន់តំណែងជាប្រធានាធិបតីនៅអាណត្តិក្រោយដែរឬទេ?
សម្រាប់ចិន អតីតប្រធានាធិបតី ដូណាល់ ត្រាំប្រៀបបានទៅនឹងសុបិនអាក្រក់មួយរបស់គេស្ដែងចេញតាមរយៈការថ្កោលទោសចិនចំពោះជំងឺកូវីដ ១៩ កាលពីពេលកន្លងទៅ។
ប៉ុន្តែនៅក្នុងន័យមួយទៀតការវិលត្រឡប់របស់លោកត្រាំក៏អាចជាអត្ថប្រយោជន៍ភូមិសាស្ត្រនយោបាយសម្រាប់ប្រទេសចិនផងដែរ ព្រោះកន្លងមកលោក បៃឌិន បានបង្កើនសម្ពាធពាណិជ្ជកម្មយ៉ាងខ្លាំងដល់ចិនតាមរយៈការដំឡើងពន្ធនិងការពង្រឹងសម្ព័ន្ធមិត្តរបស់ខ្លួនជាពិសេសនៅតំបន់អាស៊ីដែលហាក់ឡោមព័ទ្ធចិនជាប់។
នយោបាយរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ចូ បៃដិន បានពង្រឹងយ៉ាងខ្លាំងជាមួយសម្ព័ន្ធមិត្តរបស់ពួកគេ ដូចជាការពង្រឹងទំនាក់ទំនងយោធាជាមួយឥណ្ឌា ដែលជាសត្រូវប្រវត្តិសាស្ត្ររបស់ចិន ការពង្រឹងវិស័យយោធាជាមួយហ្វីលីពីន និងវៀតណាមជាដើមធ្វើឱ្យចិនប្រឈមខ្លាំង។
សង្គ្រាមពាណិជ្ជកម្មរវាងចិននិងអាមេរិកលើបញ្ហាបន្ទះឈីបឯណោះវិញក៏ទំនងជាផ្ដល់ភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង។ អាមេរិកដែលមានបំណងចង់ក្លាយជាអ្នកផលិតបន្ទះឈីបជាមួយបច្ចេកវិទ្យាទំនើបបំផុតនោះនឹងត្រូវប្រឈមការប្រកួតប្រជែងជាមួយចិនដែលកំពុងតាមប្រកៀកប្រកិតពីក្រោយ។
ជារឿយៗ ភាគីទាំង ២ តែងមានជម្លោះលើបច្ចេកវិទ្យាផលិតបន្ទះឈីប។ ជាក់ស្ដែងថ្មីៗនេះ អាមេរិកបានរឹតបន្តឹងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិនខណៈដែលចិនកំពុងសិក្សាពីបច្ចេកវិទ្យារបស់អេមេរិកសំដៅសម្រេចមហិច្ឆតាក្លាយជាមហាអំណាចបច្ចេកវិទ្យាបន្ទះឈីបនៅលើពិភពលោក៕