កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ សមាជិកសភាថៃបានបោះជំហានទៅមួយដំណាក់កាលទៀត ពោលគឺបានអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន ៤ ដែលទាក់ទងនឹងអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងដំណាក់កាលប្រជុំសភាលើកដំបូង។ ការណ៍នេះបានបង្ហាញពីវឌ្ឍនភាពឆ្ពោះទៅរកការគាំទ្រផ្នែកច្បាប់ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នាក្នុងប្រទេសថៃ ដែលជាប្រទេសមានសហគមន៍ LGBT លេចធ្លោ និងបើកចំហគួរឱ្យកត់សម្គាល់នៅអាស៊ី។
យ៉ាងណាក៏ដោយ ក្រុមសកម្មជនសិទ្ធិមនុស្សបានលើកឡើងថា ច្បាប់ និងស្ថាប័នរបស់ប្រទេសថៃនៅតែមិនទាន់បានផ្លាស់ប្តូរ និងបត់បែនទៅតាមអាកប្បកិរិយារបស់មនុស្សក្នុងសង្គមនៅឡើយ ហើយនៅតែរើសអើងចំពោះស្ត្រីស្រឡាញ់ភេទដូចគ្នា ខ្ទើយ មនុស្សប្តូរភេទ និងគូស្នេហ៍ភេទដូចគ្នាជាដើម។
គួរដឹងដែរថា ស្ទើរតែទាំងអស់នៃសមាជិកសភាសរុបចំនួន ៣៧១ នាក់នៅក្នុងសភាជាន់ទាប បានបោះឆ្នោតយល់ព្រមចំពោះសេចក្តីព្រាងច្បាប់នេះ។ នេះមានន័យថា ពួកគេកំពុងរៀបចំចងក្រងសេចក្ដីព្រាងច្បាប់ទាំង ៤ ទៅជាឯកសារមួយបញ្ចូលគ្នា ហើយឆ្នាំក្រោយនេះ សភាថៃនឹងបើកកិច្ចពិភាក្សា និងបោះឆ្នោតលើច្បាប់នេះម្តងទៀត។
គួររំឭកថា កាលពីឆ្នាំមុន សមាជិកសភាក៏ធ្លាប់បានលើកយកសេចក្ដីព្រាងច្បាប់ស្រដៀងគ្នានេះដាក់ជូនសភាថៃ និងច្បាប់ស្តីពីសហជីពស៊ីវិលសម្រាប់គូស្នេហ៍ភេទដូចគ្នាដែលបានដាក់ស្នើដោយរដ្ឋាភិបាលផងដែរ ប៉ុន្តែកិច្ចប្រជុំសភាបានបិទបញ្ចប់ នៅមុនពេលដែលឈានទៅដល់ដំណាក់កាលបោះឆ្នោតសម្រេចចុងក្រោយ។
កាលពីថ្ងៃព្រហស្បតិ៍ សភាថៃបានបើកកិច្ចប្រជុំអំពីសេចក្ដីព្រាងច្បាប់ទាំង ៤ នេះ ដោយច្បាប់ទី១ មកពីខាងរដ្ឋាភិបាលថ្មីដែលជាប់ឆ្នោតក្នុងខែឧសភាកន្លងទៅ មួយទៀតមកពីអង្គការសង្គមស៊ីវិល និង ២ ទៀតមកពីគណបក្សឈានទៅមុខ (Move Forward) ដែលជាគណបក្សប្រឆាំង និងប្រជាធិបតេយ្យនិយម។
ឧបនាយករដ្ឋមន្ត្រី លោក សុំសាក់ ថេបស៊ូធិន (Somsak Thepsuthin) បានមានប្រសាសន៍ថា៖ «សេចក្តីព្រាងច្បាប់របស់រដ្ឋាភិបាលមានគោលបំណងផ្លាស់ប្តូរច្បាប់មួយចំនួនក្នុងក្រមរដ្ឋប្បវេណី ដើម្បីអាចអនុញ្ញាតឱ្យអ្នកដែលស្រឡាញ់ភេទដូចគ្នា អាចរៀបការជាមួយមនុស្សដែលខ្លួនស្រលាញ់បាន"។
លោកបានបញ្ជាក់បន្ថែមថា៖«ច្បាប់នេះនឹងផ្តល់សិទ្ធិ កាតព្វកិច្ច និងការទទួលស្គាល់គ្រួសាររបស់ពួកគេ ដូចគ្នាទៅនឹងអាពាហ៍ពិពាហ៍ដែលកើតចេញពីបុរសនិងស្ត្រីនាពេលបច្ចុប្បន្ននេះផងដែរ»។ មិនត្រឹមតែប៉ុណ្ណោះ លោក សុំសាក់ បានកត់សម្គាល់ថា ការស្ទង់មតិរបស់រដ្ឋាភិបាលដែលបានធ្វើឡើងនៅចន្លោះពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ១៤ ខែវិច្ឆិកា កន្លងទៅបានបង្ហាញពីការគាំទ្រពីសាធារណជនរហូតដល់ទៅ ៩៦,៦% ចំពោះសេចក្តីព្រាងច្បាប់នេះ។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័តចេញ និងទទួលបានការយល់ព្រមឡាយព្រះហស្ដលេខាពីព្រះមហាក្សត្រ នោះប្រទេសថៃនឹងក្លាយទៅជាប្រទេសទី ៣ នៅអាស៊ី បន្ទាប់ពីតៃវ៉ាន់ និងនេប៉ាល់ ដែលបានអនុញ្ញាតឱ្យមានអាពាហ៍ពិពាហ៍ស្របច្បាប់សម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា៕