នៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៣ ប្រទេសចិន ដែលជាប្រទេសកែច្នៃសារធាតុកម្រឈានមុខគេនៅលើពិភពលោក បានដាក់ចេញនូវវិធានការហាមឃាត់ការនាំចេញបច្ចេកវិទ្យាចាំបាច់មួយចំនួនដែលប្រើសម្រាប់ទាញយក និងចម្រាញ់សារធាតុកម្រសំខាន់ៗ។ វិធានការនេះមានគោលបំណងគ្រប់គ្រងទៅលើខ្សែសង្វាក់ផ្គត់ផ្គង់លោហៈធាតុសំខាន់ៗនៅលើពិភពលោក។
សារធាតុកម្រ គឺសំដៅទៅលើលោហៈចំនួន ១៧ ប្រភេទដែលជាសារធាតុសំខាន់ក្នុងការយកទៅបង្កើតមេដែកដែលអាចបំប្លែងថាមពលសម្រាប់រថយន្តអគ្គិសនី ទួរប៊ីនខ្យល់ និងឧបករណ៍អេឡិចត្រូនិកជាដើម។
បច្ចុប្បន្ននេះ ប្រទេសលោកខាងលិចកំពុងធ្វើការបង្កើតកន្លែងកែច្នៃសារធាតុកម្រដោយខ្លួនឯង។ យ៉ាងណាក៏ដោយ វិធានការហាមឃាត់ការនាំចេញរបស់ចិននេះ នឹងប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សារធាតុកម្រដែលប្រទេសផ្សេងមិនងាយមាន និងពិបាកធ្វើបានខ្លាំង ហើយសារធាតុកម្រទាំងនោះទៀតសោត មានសារៈសំខាន់ណាស់សម្រាប់យកទៅផលិតម៉ូទ័រយានយន្តអគ្គិសនី (EV Motor) ឧបករណ៍វេជ្ជសាស្ត្រ និងអាវុធទំនើបៗមួយចំនួន។ ចិនជាប្រទេសដែលគ្រប់គ្រងការចម្រាញ់សារធាតុទាំងអស់នេះនៅក្នុងតំបន់ ស្ទើរតែផ្តាច់មុខទៅហើយ។
លោក ណាថាន់ ភីខាស៊ីក (Nathan Picarsic) សហស្ថាបនិកក្រុមហ៊ុនប្រឹក្សាភូមិសាស្ត្រនយោបាយ ឈ្មោះថា Horizon Advisory បាននិយាយថា «ការណ៍នេះជាការបញ្ជាក់យ៉ាងច្បាស់ថា ការពឹងផ្អែកលើប្រទេសចិននៅក្នុងផ្នែកណាមួយនៃខ្សែសង្វាក់ផលិតកម្ម គឺមិនមាននិរន្តរភាពនោះទេ»។ កាលពីខែធ្នូ ឆ្នាំមុន ក្រសួងពាណិជ្ជកម្មចិនបានបើកឱ្យមានការចូលរួមមតិយោបល់ពីសាធារណជន អំពីថាតើចិនគួរហាមឃាត់ការនាំចេញប្រភេទបច្ចេកវិទ្យាណាខ្លះ។
បន្ថែមលើនេះ ចិនក៏បានធ្វើការហាមឃាត់ការនាំចេញនូវបច្ចេកវិទ្យាដែលប្រើក្នុងការផលិតលោហៈធាតុកម្រ និងមេដែកផងដែរ ដោយលើកហេតុផលថា ដើម្បីការពារសន្តិសុខជាតិ និងផលប្រយោជន៍សាធារណៈ។ អស់រយៈពេលពេញមួយឆ្នាំមកនេះ ចិនបានរឹតបន្តឹងច្បាប់នាំចេញលើលោហៈធាតុផ្សេងៗ ខណៈដែលកំពុងមានជម្លោះជាមួយលោកខាងលិចជុំវិញការគ្រប់គ្រងសារធាតុរ៉ែសំខាន់ៗ។
ប្រទេសចិនមានបំណងការពារបច្ចេកវិទ្យាដែលផលិតសារធាតុកម្ររបស់ខ្លួន ខណៈដែលអឺរ៉ុប និងសហរដ្ឋអាមេរិកព្យាយាមកាត់បន្ថយការពឹងផ្អែកលើសារធាតុកម្ររបស់ចិន ដែលស្មើនឹងជិត ៩០% នៃទិន្នផលចម្រាញ់សរុបរបស់ពិភពលោក។ ប្រទេសចិនពូកែក្នុងការចម្រាញ់សារធាតុទាំងនេះណាស់ ដោយប្រើប្រាស់ដំណើរការដែលក្រុមហ៊ុនលោកខាងលិចដូចជា ក្រុមហ៊ុនចម្រាញ់សារធាតុដើម MP Materials ជាដើម បានជួបប្រទះបញ្ហាប្រឈមដោយសារបញ្ហាបច្ចេកទេស និងបញ្ហាបំពុលបរិស្ថាន។
ភាគហ៊ុនរបស់ក្រុមហ៊ុន MP បានកើនឡើងជាង ១០% ភ្លាមៗកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីចិនបានដាក់ចេញនូវវិធានការហាមឃាត់ការនាំចេញខាងលើ ប៉ុន្តែក្រុមហ៊ុន MP នៅមិនទាន់ឆ្លើយតបជុំវិញរឿងនេះនៅឡើយទេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនចម្រាញ់សារធាតុដើម Ucore Rare Metals ក៏ទើបតែបានប្រកាសថ្មីៗនេះថា ខ្លួនបានបញ្ចប់ការសាងសង់មន្ទីរបច្ចេកវិទ្យាកែច្នៃសារធាតុកម្ររបស់ខ្លួនរួចស្រេចហើយ។ គួរបញ្ជាក់ថា ផ្នែកខ្លះនៃក្រុមហ៊ុននេះ បានទទួលជំនួយមូលនិធិពីក្រសួងការពារជាតិសហរដ្ឋអាមេរិក។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ucore លោក ផាត រីយ៉ាន់ (Pat Ryan) បានលើកឡើងថា បច្ចេកវិទ្យាថ្មីគឺចាំបាច់ខ្លាំងណាស់ដើម្បីផលិត និងចម្រាញ់សារធាតុកម្រដោយខ្លួនឯង ដើម្បីទប់ទល់ជាមួយនឹងប្រទេសចិន។ ការណ៍នេះបានធ្វើឱ្យភាគហ៊ុនរបស់ក្រុមហ៊ុន Ucore កើនឡើងរហូតដល់ទៅ ១៦% ភ្លាមៗ។
យ៉ាងណាក៏ដោយ ប្រទេសចិនបានគ្រប់គ្រងការចម្រាញ់លោហៈធាតុកម្រដែលប្រើប្រាស់ក្នុងបច្ចេកវិទ្យាធុនធ្ងន់ និងសំខាន់ៗ ខណៈដែលលោកខាងលិចបានផ្តោតលោហៈធាតុកម្រដែលប្រើប្រាស់ក្នុងបច្ចេកវិទ្យាធុនស្រាល ធម្មតាៗ។ ដូច្នេះ ការហាមមិនឱ្យនាំចេញបច្ចេកវិទ្យារបស់ចិន នឹងធ្វើឱ្យលោកខាងលិចកាន់តែពិបាកក្នុងការចម្រាញ់យកសារធាតុកម្រធុនធ្ងន់បានគ្រប់គ្រាន់៕