ក្រុម​ឧទ្ទាម Houthis ក្រុម Hezbollah និងហាម៉ាស់​គឺជាសម្ព័ន្ធមិត្ត​ដ៏ស្វិតស្វាញ ដែល​ប្រទេស​អ៊ីរ៉ង់ ហៅថា​ជាក្រុម​តស៊ូ​ប្រឆាំង​នឹង​អ៊ីស្រាអែល។ ថ្មីៗនេះ ក្រុម Houthis បានបើក​ការវាយឆ្មក់​ទៅលើ​នាវា​ដឹកទំនិញ​ដែលឆ្លងកាត់​ទន្លេ​ក្រហម (Red Sea)  ដែលអាចជា​មូលហេតុ​រុញឱ្យ​ទំនិញឡើង​ថ្លៃ​ទូទាំង​ពិភពលោក។

សកម្មភាព​វាយឆ្មក់​នេះ ត្រូវបាន​ក្រុម​ឧទ្ទាម Houthis ហៅថា​ជាការសងសឹក​តបតនឹង​សហរដ្ឋ​អាមេរិក ដែលកំពុងតែ​ដាក់​យុទ្ធនាការ​បញ្ចូន​ជំនួយ​យោធា​ទៅកាន់​តំបន់​ហ្គាហ្សា។ ប៉ុន្តែ​យ៉ាងណា ការវាយ​ប្រហារ​ជាបន្តបន្ទាប់​នេះ បានបង្ក​ការរំខាន​យ៉ាងខ្លាំង​ដល់ការធ្វើ​ពាណិជ្ជកម្ម​ពិភពលោក។ 

ការវាយ​ប្រហារ​ចុងក្រោយ​បំផុត បានរារាំង​ការដឹកជញ្ជូន​ទំនិញ​នៅច្រកព្រែក​ជីក​ស៊ុយអេ ជាច្រក​ភ្ជាប់​ដ៏សំខាន់មួយពី​អាស៊ី ទៅកាន់​អឺរ៉ុប។ ព្រែកជីក​ស៊ុយអេ​នេះ តំណាង​ឱ្យ​ទំនិញ​ប្រមាណ​ជា ១២% នៃ​ទំនិញ​ទូទាំង​ពិភពលោក។

តាមរយៈ​ការវាយប្រហារ​នេះ កាលពីថ្ងៃទី ២១ ធ្នូកន្លងទៅ បណ្ដាប្រទេស​នាំចេញ​ទំនិញធំៗ​ដូចជា អាល្លឺម៉ង់ ក្រិក ទីក្រុងឡុងដ៍ និងសហរដ្ឋ​អាមេរិក បានប្ដេជ្ញា​ផ្លាស់ប្ដូរ​ការដឹកជញ្ជូន​ទំនិញ ដោយបញ្ចៀស​នូវ​ផ្លូវទឹក ជាពិសេស​គឺទន្លេ​ក្រហម និងព្រែកជីក​ស៊ុយអេ។  

ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏ធំមួយ​គឺ Hapag-Lloyd បានឱ្យដឹង​ថា ខ្លួននឹង​ផ្លាស់ប្ដូរ​ផ្លូវ​ដឹកជញ្ជូន​សម្រាប់ កប៉ាល់​ចំនួន ២៥ គ្រឿង​នៅត្រឹម​ចុងឆ្នាំនេះ ដោយហេតុ​ថា​ស្តុក​ទំនិញ​បានកើនឡើង​កាន់តែ​ច្រើន ហើយនឹង​បន្ត​ជាប់គាំង បើមិនមាន​ចំណាត់​ការទេ។

បើមិនប្រើ​ច្រក​សមុទ្រ​ក្រហម និងច្រក​ព្រែកជីក​ស៊ុយអេ​ទេ ក៏មានន័យ​ថា​កប៉ាល់​ដឹកទំនិញ​ធំៗ​របស់​ពិភពលោក នឹងត្រូវធ្វើ​ដំណើរ​វាងទ្វីប​អាហ្រ្វិក​ទាំងមូល​តែម្ដង។ ក្នុងន័យ​នេះ បើទោះជា​ទំនិញ​ត្រូវបានដឹក​ចេញតាម​ផ្លូវថ្មី ដោយមិនមាន​ការរំខានក្ដី ក៏វា​ទាមទារ​ពេលវេលា​យូរជាង​មុន ដែលអាច​ជាមូល​ហេតុ ធ្វើឱ្យ​ទំនិញ​ត្រូវឡើង​ថ្លៃ​ផងដែរ។ 

Freightos (CRGO.O) ដែល​ជាក្រុមហ៊ុន​ដំណើរ​ការកក់ និងទូទាត់​លើ​ទំនិញ​អន្តរជាតិ​បាននិយាយ​នៅដើម​សប្តាហ៍នេះ​ថា ការចំណាយ​លើការ​ដឹកជញ្ជូន​តាមកុងតឺន័រ​ពីប្រទេស​ចិន​ទៅកាន់​សមុទ្រ​មេឌីទែរ៉ាណេ​បានហក់ឡើង​ដល់ ៤៤% ហើយនៅ​ក្នុងខែ​ធ្នូ​នេះ ដោយសារតែ​ការរំខាន​នៅសមុទ្រ​ក្រហម។ 

ក្រុមហ៊ុន​នេះ ​បានឱ្យដឹង​ទៀតថា ប្រសិនបើ​ជម្លោះ​នេះនៅតែ​បន្ត​អូសបន្លាយ ប្រភេទ​ទំនិញ​ដែលមិន​ស្ថិតក្រោម​កុងត្រា នឹងអាច​កើនឡើង​ទ្វេដង ឬបីដង​ពីលើ​តម្លៃ​បច្ចុប្បន្ន។

ជាមួយគ្នានេះ​ដែរ ក្រុមហ៊ុន​គ្រឿង​សង្ហារិម​លំដាប់​ពិភពលោក IKEA ក៏ជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន​ជាច្រើនទៀត ដែលមាន​ទំនិញ​ជាប់គាំង ដោយសារ​ការពន្យារ​ពេលដឹកជញ្ជូន​ផងដែរ។ បើតាម​ក្រុមហ៊ុន​នេះ ទំនិញ​របស់​ខ្លួន​រួមជាមួយ​នឹង​ទំនិញ​ផ្សេងទៀត អាចនឹង​ត្រូវ​ពន្យារ​ពេល​ពី ២ ទៅ ៣ សប្ដាហ៍។ 

គួរបញ្ជាក់​ថា ក្រុម Houthis ដែលជា​សម្ព័ន្ធមិត្ត​នឹងអ៊ីរ៉ង់ បានចាប់ផ្ដើម​បើកការវាយ​ប្រហារ​លើ​នាវា​ដែលឆ្លងកាត់​ច្រក​សមុទ្រ Bab al-Mandab នៅចុងភាគខាងត្បូង​នៃសមុទ្រ​ក្រហម​អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ៕