ប៉ុន្មានសប្ដាហ៍កន្លងមកនេះ ក្រុមឧទ្ទាមដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ហ៊ូធីបានបង្កភាពចលាចលនៅតាមច្រកដឹកជញ្ជូនសមុទ្រធំៗតាមរយៈការឆ្មក់វាយប្រហារកប៉ាល់ដឹកទំនិញ។សកម្មភាពនេះបាននាំឱ្យក្រុមហ៊ុនដឹកជញ្ជូនអន្តរជាតិរិះរកផ្លូវផ្សេងដោយបញ្ចៀសច្រកសមុទ្រក្រហមនិងច្រកសមុទ្រមេឌីទែរ៉ាណេ។
ដោយឡែកនាថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៣ មេបញ្ជាការកងទ័ពអ៊ីរ៉ង់ បាននិយាយបែបគម្រាមថា ពួកគេនឹងបិទច្រកសមុទ្រមេឌីទែរ៉ាណេប្រសិនបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនៅបន្តចូលរួមគាំទ្រការប្រយុទ្ធនៅតំបន់ហ្គាហ្សា។នេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ប៉ុន្តែមិនបានពន្យល់ថាការបិទច្រកសមុទ្រនឹងធ្វើឡើងក្នុងរូបភាពបែបណានោះទេ។
យ៉ាងណាមិញ ការចោទប្រកាន់អាមេរិកបែបនេះធ្វើឡើងក្រោយការផ្ទុះឡើងកាន់តែខ្លាំងនូវការប្រយុទ្ធតាមរយៈការទម្លាក់គ្រាប់បែកនៅតំបន់កាហ្សានិងបានសម្លាប់ជីវិតប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ហើយជាច្រើននាក់ទៀតត្រូវបង្ខំចិត្តចាកចេញពីផ្ទះ។
មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិយាយយ៉ាងដូច្នេះថា៖«បន្តិចទៀតច្រកសមុទ្រមេឌីទែរ៉ាណេភាគខាងលិច (Gibraltar) ដែលត្រូវនឹងភាគខាងត្បូងប្រទេសអេស្ប៉ាញក៏នឹងត្រូវបិទផងដែរ»។
គិតមកដល់ពេលនេះគឺមានរយៈពេលជាង១ខែហើយដែលក្រុមឧទ្ទាមហ៊ូធី (Houthi) ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់ វាយឆ្មក់កាប៉ាល់ដឹកទំនិញដែលឆ្លងកាត់ច្រកសមុទ្រក្រហម។ការណ៍នេះបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មពិភពលោកជាពិសេសការដឹកជញ្ជូនទំនិញពីប៉ែកអឺរ៉ុបមកកាន់តំបន់អាស៊ី។
ទោះបីជាយ៉ាងនេះក្ដី អ៊ីរ៉ង់មិនមានសិទ្ធិអំណាចអ្វីក្នុងការកាន់កាប់តំបន់សមុទ្រមេឌីទែរ៉ាណេនោះទេ ម្លោះហើយសម្ដីរបស់មេបញ្ជាការកងទ័ពអ៊ីរ៉ង់បាននិងកំពុងធ្វើឱ្យគេឆ្ងល់ថាតើពួកគេនឹងបិទច្រកសមុទ្រទាំងអស់ដោយប្រើវិធីណា?
ប៉ុន្តែវាអាចទៅរួចប្រសិនបើអ៊ីរ៉ង់ប្រើប្រាស់សម្ព័ន្ធមិត្តរបស់ខ្លួនដូចជាលីបង់ស៊ីរីហេបូឡាដែលមានអធិបតេយ្យភាពលើផ្នែកខ្លះនៃសមុទ្រមេឌីទែរ៉ាណេរហូតដល់ច្រក Gibraltar (ភាគខាងលិចសមុទ្រមេឌីទែរ៉ាណេ)។
សមុទ្រមេឌីទែរ៉ាណេគឺជាតំបន់ដែលសម្បូរទៅដោយជីវចម្រុះដូច្នេះហើយវាជាប្រភពចម្បងនៃអាហារសម្រាប់មនុស្សរាប់លាននាក់។វាក៏ជាតំបន់ក្ដៅដែលប្រទេសជុំវិញនោះប្រទាញប្រទង់គ្នាលើអធិបតេយ្យភាពដែនសមុទ្រតាំងតែពីសម័យអតីតកាលមកផងដែរ។
ផ្លូវទឹករបស់សមុទ្រមេឌីទែរ៉ាណេក៏ជាតំណាងឱ្យការដឹកជញ្ជូនប្រមាណជា១៥% នៃការដឹកជញ្ជូនទូទាំងពិភពលោក។ការបង្កើតព្រែកជីកស៊ុយអេទៀតសោតបានជំរុញឱ្យការដឹកជញ្ជូនទំនិញកើនឡើងទ្វេដង។ដូច្នេះហើយប្រសិនបើការវាយប្រហារកប៉ាល់ដឹកទំនិញនេះនៅតែបន្តមានតម្លៃទំនិញនឹងត្រូវឡើងថ្លៃដោយចៀសមិនរួច៕