រដ្ឋាភិបាលនៃប្រទេសប៊ូរុនឌីកាលពីថ្ងៃសៅរ៍បានប្រាប់ក្រុមអ្នកយកព័ត៌មានថា ខ្មាន់កាំភ្លើង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់និងរបួស ៩ នាក់ផ្សេងទៀតនៅជិតព្រំដែនភាគខាងលិចជាប់នឹងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោនៅក្នុងការវាយប្រហារមួយ ដែលត្រូវបានអះអាងថា បានធ្វើឡើងដោយក្រុមឧទ្ទាមតាបារ៉ាក្រហម។
អ្នកនាំពាក្យរដ្ឋាភិបាល លោក Jerome Niyonzima បាននិយាយថាការវាយឆ្មក់កាលពីល្ងាចថ្ងៃសុក្រកើតឡើងនៅក្នុងភូមិមួយឈ្មោះថា Vugizo ចំណែកជនរងគ្រោះក្នុងនោះរួមមានកុមារចំនួន១២នាក់ស្ត្រីមានផ្ទៃពោះពីរនាក់និងមន្ត្រីប៉ូលិសម្នាក់។
ដោយឡែកពីសំណាក់ក្រុមបារ៉ាក្រហម ដែលកំពុងប្រយុទ្ធជាមួយរដ្ឋាភិបាលប៊ូរុនឌី នៅភាគខាងកើតកុងហ្គោបានអះអាងនៅលើបណ្តាញសង្គម X ថាបានសម្លាប់ទាហាន៩នាក់និងប៉ូលីសម្នាក់។ខណៈក្រុមនេះបដិសេធថាមិនបានកំណត់គោលដៅជនស៊ីវិលទេ។
សាក្សីដែលបាននិយាយទៅកាន់សារព័ត៌មានបាននិយាយថាក្រុមឧទ្ទាមហាក់ដូចជាស្លៀកពាក់ឯកសណ្ឋានកងទ័ពប៊ូរុនឌីហើយជនស៊ីវិលត្រូវបានទុកចោលបន្ទាប់ពីយោធានិងប៉ូលីសបានរត់គេចខ្លួន។
លោក Priscille Kanyange ជាកសិករម្នាក់បាននិយាយថា៖ «យើងបានដឹងថាពួកគេជាអ្នកវាយប្រហារនៅពេលដែលពួកគេបានវាយប្រហារទីតាំងប៉ូលីសដែលការពារព្រំដែន»។
កសិករម្នាក់ទៀតឈ្មោះ Innocent Hajayandi ដែលបានឃើញការវាយប្រហារនេះបាននិយាយថាកងកម្លាំងសន្តិសុខបានរត់គេចខ្លួនដោយទុកឱ្យអ្នកស្រុកការពារខ្លួនពួកគេផ្ទាល់។
ការវាយប្រហារនេះគឺជាលើកទី២ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះនៅក្នុងប្រទេសប៊ូរុនឌីបន្ទាប់ពីពួកឧទ្ទាមខកខានសកម្មភាពនៅក្នុងប្រទេសចាប់តាំងពីខែកញ្ញាឆ្នាំ២០២១មកម្ល៉េះក្រោយពេលដែលពួកគេបានធ្វើការវាយប្រហារជាបន្តបន្ទាប់រួមទាំងនៅលើអាកាសយានដ្ឋាន Bujumbura ផងដែរ។
ស្របពេលជាមួយគ្នានេះកាលពីថ្ងៃសុក្រប្រធានាធិបតីប៊ូរុនឌី លោក Evariste Ndayishimiye បានប្រាប់កងទ័ពប៉ូលិសនិងមន្ត្រីស៊ើបការណ៍ឱ្យរក្សាការប្រុងប្រយ័ត្នដោយព្រមានថាសត្រូវមិនដែលដេកទេទោះបីជាយើងមានកងកម្លាំងក៏ដោយ៕