មនុស្សយ៉ាងហោចណាស់ ១៣ នាក់ បានស្លាប់ និង ៣៨ នាក់ផ្សេងទៀតបានរងរបួស ក្នុងហេតុការណ៍ផ្ទុះរោងចក្រកែច្នៃនីកែល នៅភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី នាថ្ងៃអាទិត្យ ទី២៤ ខែធ្នូនេះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ហេតុការណ៍ផ្ទុះរោងចក្រនេះបានកើតឡើងនៅម៉ោងប្រហែល ៥កន្លះព្រឹក នៅរោងចក្ររបស់ក្រុមហ៊ុនចិន សាខាឥណ្ឌូនេស៊ី Tsingshan Stainless Steel ( ITSS) ក្នុងសួនឧស្សាហកម្ម Morowali ដែលស្ថិតនៅខេត្តសិនត្រលស៊ូឡាវេស៊ី (Central Sulawesi)។ នេះបើតាមអ្នកនាំពាក្យប្រចាំរោងចក្ររបស់ក្រុមហ៊ុន និយាយក្នុងសេចក្តីថ្លែងការណ៍។
ក្នុងចំណោមអ្នកដែលស្លាប់ទាំង ១៣ នាក់ មាន ៨ នាក់ ជាកម្មករជនជាតិឥណ្ឌូនេស៊ី និង៥ នាក់ទៀត ជាកម្មករជនជាតិចិន។
អ្នកនាំពាក្យដដែលបន្តថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ការផ្ទុះបានកើតឡើងកំឡុងពេលជួសជុលលើឡដុត ក្រោយពេលដែលវត្ថុរាវងាយឆេះបានឆាបឆេះ ហើយបង្កការផ្ទុះជាបន្តបន្ទាប់គ្នា រួមទាំងបំពង់អុកហ្ស៊ីហ្សែនដែលនៅក្បែរនោះ។ ភ្លើងដែលឆាបឆេះ ត្រូវបានពន្លត់ដោយជោគជ័យនៅព្រឹកថ្ងៃអាទិត្យ។
នេះមិនមែនជាលើកទី១នោះទេ ខណៈបញ្ហាភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅតាមរោងចក្រ តែងកើតឡើងជារឿយៗក្នុងប្រទេសឥណ្ឌូណេស៊ី ដោយសារតែបទប្បញ្ញត្តិសុវត្ថិភាពធូររលុង។
កាលពីខែមិថុនា អគ្គិភ័យនៅរោងចក្រចិនមួយក្នុងសួនឧស្សាហកម្មដដែល បានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង ៦ នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ដែលធ្វើឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនៅរោងចក្រផ្សេងៗ ដែលផ្តល់មូលនិធិ និងដំណើរការដោយក្រុមហ៊ុនចិន ដែលមានការវិនិយោគច្រើនក្នុងតំបន់។
ក្រុមហ៊ុនចិន Tsingshan Holding Group ដែលជាក្រុមហ៊ុនផលិតនីកែលដ៏ធំបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតដែកអ៊ីណុកដ៏ធំបំផុតរបស់ចិន បានកាន់កាប់ភាគហ៊ុនភាគច្រើននៅក្រុមហ៊ុនITSS ។ ក្រុមហ៊ុន ITSS មានរោងចក្រនៅសួនឧស្សាហកម្មMorowaliដែលភាគច្រើនគ្រប់គ្រងដោយTsingshanរួមជាមួយក្រុមហ៊ុនដៃគូរ៉ុករករ៉ែឥណ្ឌូណេស៊ី BintangDelapan៕