ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ជនស៊ីវិលប៉ាឡេស្ទីនជាង ៩០ នាក់ រួមទាំងមនុស្សរាប់សិបនាក់ដែលរស់នៅក្រោមតំបូលផ្ទះនៃពូជពង្សវង្សត្រកូលតែមួយ ត្រូវបានសម្លាប់ក្រោមការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើផ្ទះចំនួន២ ខ្នងក្នុងតំបន់ហ្គាហ្សា។
នេះបើតាមការឱ្យដឹងរបស់ក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីមន្ទីរពេទ្យប៉ាឡេស្ទីនកាលពីថ្ងៃសៅរ៍ ពោលគឺ១ថ្ងៃ បន្ទាប់ពីប្រមុខអង្គការសហប្រជាជាតិបានព្រមានជាថ្មីថា គ្មានកន្លែងណាមានសុវត្ថិភាពនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយការវាយប្រហាររបស់អ៊ីស្រាអែល បានបង្កើតឧបសគ្គដ៏ធំដល់ការចែកចាយជំនួយមនុស្សធម៌។
លោក Mahmoud Bassal អ្នកនាំពាក្យនាយកដ្ឋានការពារជនស៊ីវិលនៅហ្គាហ្សា បាននិយាយថា ការវាយប្រហារតាមអាកាសកាលពីថ្ងៃសុក្រ បានកម្ទេចផ្ទះចំនួន២ខ្នងឱ្យរាបស្មើ។ មនុស្សចំនួន៧៦នាក់ដែលរស់ក្នុងផ្ទះមួយខ្នងនៅទីក្រុងហ្គាហ្សា ដែលជាផ្ទះនៃគ្រួសារវង្សត្រកូល al-Mughrabiត្រូវបានសម្លាប់ ដែលធ្វើឱ្យការវាយប្រហារលើផ្ទះនេះ ក្លាយជាការវាយប្រហារដ៏សាហាវបំផុតនៃសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា។
ចំណែកឯការវាយប្រហារមួយទៀត បានកើតឡើងនៅជុំរំភៀសខ្លួនNuseirat និងនៅលើផ្ទះរបស់លោក Mohammed Khalifaដែលជាយកព័ត៌មានឱ្យទូរទស្សន៍ក្នុងស្រុក ដោយបានសម្លាប់មនុស្ស ១៥ នាក់ រួមទាំងលោក Mohammed Khalifa ផងដែរ។ នេះបើតាមមន្រ្តីមន្ទីរពេទ្យ Al Aqsa Martyrs' Hospital ដែលទទួលសាកសពជនរងគ្រោះ។
តួលេខនៃជនរងគ្រោះទាំង ៩០ នាក់នេះ គិតត្រឹមតែ២ផ្ទះក្នុងតំបន់ហ្គាហ្សាប៉ុណ្ណោះ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលក្នុងរយៈពេល ២៤ ចុងក្រោយ បានសម្លាប់មនុស្សប្រមាណ ២០១ នាក់។
អ៊ីស្រាអែលបានប្រកាសសង្រ្គាមកម្ទេចក្រុមហាម៉ាស់ បន្ទាប់ពីខ្មាន់កាំភ្លើងនៃក្រុមសកម្មប្រយុទ្ធមួយនេះ បានឆ្លងព្រំដែនបើកការវាយប្រហារលើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ដោយសម្លាប់មនុស្សប្រហែល ១២០០ នាក់ និងចាប់មនុស្ស ២៤០ នាក់ជាចំណាប់ខ្មាំង ដែលភាគច្រើនជាជនស៊ីវិល។
ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដែលក្រុមអ្នកគាំទ្រប៉ាឡេស្ទីនហៅថាជា «ការប្រល័យពូជសាសន៍» មកទល់ពេលនេះ បានសម្លាប់មនុស្ស ២០ ០០០ នាក់ និងធ្វើឱ្យរបួស ៥៣ ០០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល រួមមានស្រ្តី និងកុមារ។ នេះបើតាមមន្រ្តីសុខាភិបាលហ្គាហ្សា។
កន្លងមក អ៊ីស្រាអែលបានបន្ទោសក្រុមហាម៉ាស់ ចំពោះចំនួនជនស៊ីវិលស្លាប់ខ្ពស់ ដោយលើកឡើងថា ក្រុមនេះយកតំបន់រស់នៅរបស់ប្រជាជនច្រើន ធ្វើជាខែលការពារគ្រាប់។ ចាប់តាំងពីថ្ងៃ ៧ តុលា មក អ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសរាប់ពាន់ដងមកហើយ ហើយភាគច្រើនបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការវាយប្រហារជាក់លាក់ណាមួយឡើយ។
បើតាមការវាយលុករបស់អ៊ីស្រាអែល គឺជាយុទ្ធនាការយោធាដ៏បំផ្លិចបំផ្លាញបំផុត១នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបនេះ ដោយធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជិត ៨៥ ភាគរយនៃចំនួនប្រជាជនសរុប ២,៣ លាននាក់ ផ្លាស់ទីក្នុងលំហដ៏តូចនៃតំបន់ហ្គាហ្សា។
ប្រជាជនជាងកន្លះលាននាក់នៅហ្គាហ្សា ដែលស្មើនឹង ១/៤ នៃចំនួនប្រជាជនកំពុងតែអត់ឃ្លាន។ នេះបើយោងតាមរបាយការណ៍ថ្មីៗនេះ ពីអង្គការសហប្រជាជាតិ និងទីភ្នាក់ងារផ្សេងទៀត៕