ប៉ូលិស​ស្រីលង្កា​បានប្រកាស​នៅ​ថ្ងៃទី​ ២៤ ខែធ្នូ សមត្ថកិច្ច​បាន​ចាប់ខ្លួន​មនុស្ស​ជិត​ ១៥០០០ ​នាក់​ក្នុងអំឡុងពេល ១​ សប្តាហ៍​នៃ​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន​ដែល​គាំទ្រ​ដោយ​យោធា ដែលជា​ការបង្ក្រាប​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​សកម្មជន​សិទ្ធិមនុស្ស​។​

​តាម​ការចុះផ្សាយ​របស់​ទី​ភ្នា​ក់​ងារ​ព័ត៌មាន​បារាំង AFP ប៉ូលិស​បាន​និយាយថា ប្រតិបត្តិការ​របស់​ពួកគេ​មាន​ឈ្មោះថា ​«Yuktiya»  ​ឬ​«​យុត្តិធម៌ (Justice)» បាន​ឈានដល់​ការ​រឹបអូស​ថ្នាំ​ញៀន​ជិត ៤៤០ ​គីឡូក្រាម រួមទាំង​កញ្ឆា ​២៧២​ គីឡូក្រាម ហា​ស៊ី​ស ៣៥ ​គីឡូក្រាម និង​ហេ​រ៉ូ​អ៊ី​ន ៩​ គីឡូក្រាម​។​

​អាជ្ញាធរ​ជឿថា ប្រទេស​ស្រីលង្កា​ក្នុង​មហាសមុទ្រ​ឥណ្ឌា ត្រូវបាន​គេ​ប្រើប្រាស់​ជា​ចំណុច​ឆ្លងកាត់​នៃ​ការជួញដូរ​គ្រឿងញៀន​។​

​សេចក្តីថ្លែងការណ៍​រប​ស់​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ចំនួន ​១៣ ៦៦៦​ នាក់​ត្រូវបាន​ចាប់ខ្លួន ខណៈដែល​អ្នកញៀន​ជិត​ ១ ១០០​ នាក់​ត្រូវបាន​ឃុំខ្លួន និង​បញ្ជូន​ទៅធ្វើ​ការស្តារ​នីតិ​សម្បទា​ជា​កំហិត​នៅ​មជ្ឈមណ្ឌល​គ្រប់គ្រង​ដោយ​យោធា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានបង្ហាញ​ខ្សែ​វីដេអូ​របស់​ប៉ូលិស និង​ទាហាន​ដែល​ប្រើ​ឆ្កែ​ហិតក្លិន​ដើម្បី​ឆែកឆេរ​ផ្ទះ​ក្នុង​រដ្ឋធានី និង​កន្លែង​ផ្សេងទៀត​។​

​ប៉ូលិស​បាន​និយាយថា ការ​​វាយឆ្មក់​បង្ក្រាប​នឹង​ផ្អាក​សម្រាប់​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ណូអែល ខណៈដែល​មន្ត្រី​ត្រូវដាក់​ពង្រាយ​លើ​ភារកិច្ច​ទាក់ទង​នឹង​សន្តិសុខ ប៉ុន្តែ​នឹង​បន្ត​ឡើងវិញ​បន្ទាប់ពី​ថ្ងៃទី ​២៦ ខែធ្នូ ដែលជា​ថ្ងៃ បុណ្យ​ព្រះពុទ្ធសាសនា​។​

​ការចាប់យក​គ្រឿងញៀន​ធំ​បំផុត​របស់​ស្រីលង្កា គឺ​នៅ​ខែធ្នូ ឆ្នាំ​ ២០១៦ ដែល​ប៉ូលិស​រឹបអូស​បាន​កូ​កាអ៊ី​ន ៨០០​ គីឡូក្រាម​។​ស្រីលង្កា​ជា​ប្រទេស​ដែល​ជួប​វិបត្តិ​សេដ្ឋកិច្ច និង​នាំទៅដល់​វិបត្តិ​ប្រេងឥន្ធនៈ​ក្នុង​ឆ្នាំ ​២០២២ និង​បាតុកម្ម​ទម្លាក់​រដ្ឋាភិបាល​៕