ក្រសួងការពារជាតិអាមេរិក បានអះអាងប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា នាវាដឹកសារធាតុគីមីឈ្មោះ CHEM PLUTO បានរងការប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលបាញ់ចេញពីអ៊ីរ៉ង់ នៅក្បែរឆ្នេរសមុទ្រឥណ្ឌានៅថ្ងៃសៅរ៍។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកនិយាយថា៖ «នាវា CHEM PLUTO ដែលដាក់ទង់ជាតិលីបេរីយ៉ា គ្រប់គ្រងដោយជប៉ុន និងប្រតិបត្តិការដោយប្រទេសហូឡង់ បានរងការវាយប្រហារដោយ្រដូនបាញ់ចេញពីអ៊ីរ៉ង់ នៅម៉ោង ១០ ព្រឹក (ម៉ោងក្នុងតំបន់) នៅមហាសមុទ្រឥណ្ឌា ចម្ងាយប្រមាណ ៣៧០ គីឡូម៉ែត្រពីឆ្នេរសមុទ្រឥណ្ឌា»។
ការវាយប្រហារនេះ បណ្ដាលឱ្យមានភ្លើងឆេះលើនាវា ប៉ុន្តែត្រូវបានគេពន្លត់ទៅវិញ ហើយមិនបង្កឱ្យមានជនរងគ្រោះទេ។ បើតាមមន្ទីរបញ្ចកោណ វាគឺជាការវាយប្រហារលើកទី ៦ របស់អ៊ីរ៉ង់ លើការដឹកជញ្ជូនពាណិជ្ជកម្មចាប់តាំងពីឆ្នាំ ២០២១ មក។ កងទ័ពជើងទឹកឥណ្ឌាបានបញ្ជូនយន្តហោះ និងនាវាចម្បាំង ដើម្បីផ្តល់ជំនួយ។
អ៊ីរ៉ង់មិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានោះទេជុំវិញការចោទប្រកាន់នេះ ប៉ុន្តែហេតុការណ៍ដដែល ត្រូវបានគេមើលឃើញថា បង្ហាញពីកំណើននៃភាពតានតឹងក្នុងតំបន់ និងហានិភ័យថ្មីចំពោះផ្លូវដឹកជញ្ជូនតាមសមុទ្រក្រោមបរិបទនៃសង្គ្រាមនៅជ្រោយហ្គាហ្សារបស់អ៊ីស្រាអែល។
បើតាមក្រុមហ៊ុនសន្តិសុខដែនសមុទ្រ Ambrey នាវារងគ្រោះមានទំនាក់ទំនងនឹងអ៊ីស្រាអែល ហើយកំពុងធ្វើដំណើរពីអារ៉ាប៊ី សាអ៊ូឌីត ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។
ការវាយប្រហារនេះ ធ្វើឡើងចំពេលដែលការដឹកជញ្ជូនតាមសមុទ្រក្រហមរងហានិភ័យផ្នែកសន្ដិសុខ ដោយសារការបង្កើនការវាយប្រហារពីក្រុមសកម្មប្រយុទ្ធហ៊ូធីរបស់ប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់។
ហ៊ូធីនិយាយថា ខ្លួនដាក់គោលដៅតែនៅលើនាវាពាក់ព័ន្ធនឹងអ៊ីស្រាអែលប៉ុណ្ណោះ ហើយថានឹងបន្តសកម្មភាពអរិភាពរបស់ខ្លួន លុះត្រាតែអ៊ីស្រាអែលឈប់វាយប្រហារនៅហ្គាហ្សា។
នៅថ្ងៃសៅរ៍នោះដែរ អាមេរិកបានចោទអ៊ីរ៉ង់ថា បានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការរៀបចំផែនការប្រតិបត្តិការប្រឆាំងនឹងនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោកស្រី Adrienne Watson បាននិយាយថា វាស្របទៅនឹងការគាំទ្រផ្នែកអាវុធរយៈពេលវែង និងការលើកទឹកចិត្តចំពោះសកម្មភាពបង្កអស្ថិរភាពរបស់ក្រុមហ៊ូធីក្នុងតំបន់ ពីសំណាក់ប្រទេសអ៊ីរ៉ង់។
ប៉ុន្តែមេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោក Mohammad Reza Naqdi បានព្រមានក្នុងថ្ងៃជាមួយគ្នាថា ខ្លួននឹងបង្ខំឱ្យបិទផ្លូវទឹកក្រៅពីសមុទ្រក្រហម ប្រសិនបើអាមេរិក និងសម្ព័ន្ធមិត្ត បន្តប្រព្រឹត្តឧក្រិដ្ឋកម្មនៅតំបន់ហ្គាហ្សា។ ផ្លូវទឹកទាំងនោះអាចរួមបញ្ចូលទាំងសមុទ្រមេឌីទែរ៉ាណេ និងច្រកសមុទ្រជីប្រាលតារ៍ (Gibraltar)៕