សហរដ្ឋអាមេរិកគេចចេញពីការបោះឆ្នោតវេតូជាលើកទី៣ ក្នុងដំណោះស្រាយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយការបោះឆ្នោតអនុបវាទលើដំណោះស្រាយចុងក្រោយបំផុតដោយអំពាវនាវឱ្យមានការពន្លឿនការផ្តល់ជំនួយភ្លាមៗដល់ជនស៊ីវិលដែលស្រេកឃ្លាន និងអស់សង្ឃឹមនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែដំណោះស្រាយដែលដាក់ចេញចុងក្រោយនេះ មិនទាមទារឱ្យមានបទឈប់បាញ់ទេ។
ការបោះឆ្នោតដែលពន្យារពេលជាយូរក្នុងក្រុមប្រឹក្សាដែលមានសមាជិកទាំង ១៥ ក្នុងនោះមានសមាជិកអចិន្រៃ្តយ៍ ៥ និងសមាជិកមិនអចិន្រៃ្តយ៍ ១០ ដោយមានសំឡេងគាំទ្រ ១៣ ទល់នឹងអនុបវាទ ២ ដែលមានសហរដ្ឋអាមេរិក និងរុស្ស៊ី។
ការអនុបវាទរបស់សហរដ្ឋអាមេរិក ដែលនៅពីក្រោយសម្ព័ន្ធមិត្តអ៊ីស្រាអែលកាលពីថ្ងៃសុក្រនោះបានបញ្ចៀសការវេតូរបស់ខ្លួនជាលើកទី ៣ នៃដំណោះស្រាយតំបន់ហ្គាហ្សា បន្ទាប់ពីការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា នៅក្នុងប្រទេសអ៊ីស្រាអែល។
សហរដ្ឋអាមេរិកដែលគាំទ្រអ៊ីស្រាអែលស្ទើរគ្រប់មធ្យោបាយ ទាំងការទូត និងការឧបត្ថម្ភអាវុធយុទ្ធភណ្ឌ និងមធ្យោបាយគាំទ្រផ្សេងៗទៀត ដូចជាការបញ្ជូននាវាមុជទឹក និងនាវាផ្ទុកយន្តហោះទៅកាន់សមុទ្រមេឌីទែរ៉ាណេ តែងប្រើសិទ្ធិរបស់ខ្លួនក្នុងការខ្ទប់សេចក្តីសម្រេចចិត្ត ណាមួយចេញពីក្របខ័ណ្ឌអង្គការសហប្រជាជាតិដែលដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបន្ថយដៃក្នុងការវាយកម្ទេចក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សា។
ប៉ុន្តែអាមេរិកទប់លែងជាប់នៅពេលដែលមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតគាំទ្រច្រើនលើសលប់រហូតដល់ ១៥៣ លើសមាជិក ១៩៣ លើដំណោះស្រាយទាមទារឱ្យមានបទឈប់បាញ់មនុស្សធម៌។
ដំណោះស្រាយចុងក្រោយក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះបានស្នើឡើងដោយប្រទេសអារ៉ា់ប់រួម ដែលជាតំណាងប្រទេសជាសមាជិករដ្ឋអារ៉ាប់ដែលមាន ២២ ប្រទេសក្នុងកិច្ចខិតខំដើម្បីរកដំណោះស្រាយដល់តំបន់ហ្គាហ្សាដែលជាប់គាំងជាង ២ ខែ ហើយបញ្ហាមនុស្សធម៌បានក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតដល់ជនស៊ីវិល។
ទោះជាយ៉ាងនេះក្តី ឯកអគ្គរដ្ឋទូតអារ៉ាប់រួម Lana Nusseibeh ដែលបានស្នើឡើងនូវដំណោះស្រាយនោះបាននិយាយថា៖ «វាគឺជាអព្ភូតហេតុបុណ្យណូអែលដែលយើងទាំងអស់គ្នាសង្ឃឹម»។
លោកស្រីបាននិយាយថា វានឹងបញ្ជូនសញ្ញាមួយទៅកាន់ប្រជាជននៅតំបន់ហ្គាហ្សាថា ក្រុមប្រឹក្សាសន្តិសុខកំពុងធ្វើការដើម្បីកាត់បន្ថយការឈឺចាប់របស់ពួកគេ។ យោងតាមការដកស្រង់សម្តីរបស់សារព័ត៌មាន AP លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកដែលមានភាពធូរស្រាលបានប្រាប់ក្រុម ប្រឹក្សាថា៖«វាពិបាកណាស់ ប៉ុន្តែយើងបានទៅដល់ទីនោះ»។
លោកស្រីបាននិយាយថា ការបោះឆ្នោតជំរុញកិច្ចខិតខំប្រឹងប្រែង «ដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នេះ ដើម្បីទទួលបានជំនួយសង្គ្រោះជីវិតទៅកាន់តំបន់ហ្គាហ្សា និងចាប់ចំណាប់ខ្មាំងចេញពីហ្គាហ្សា ជំរុញការការពារជនស៊ីវិលស្លូតត្រង់ និងបុគ្គលិកមនុស្សធម៌ និងធ្វើការឆ្ពោះទៅរកសន្តិភាពយូរអង្វែង»។
ការបោះឆ្នោតនេះបានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិកបានវេតូវិសោធនកម្មរបស់រុស្ស៊ីដែលនឹងស្តារការអំពាវនាវឱ្យផ្អាកជាបន្ទាន់នូវអរិភាព។
ការបោះឆ្នោតនាពេលនោះមានប្រទេសចំនួន ១០ ដែលគាំទ្រ ខណៈសហរដ្ឋអាមេរិកប្រឆាំង និង ៤ ទៀតអនុបវាទ។
ទោះបីដំណោះស្រាយចុងក្រោយនេះបានអនុម័តដោយគ្មានការរាំងស្ទះ ប៉ុន្តែឯកអគ្គរដ្ឋទូតរុស្ស៊ីរបស់អង្គការសហប្រជាជាតិ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS លោក Vassily Nebenzia បានបរិហារសហរដ្ឋអាមេរិកដែលព្យាយាមកែខៃខ្លឹមសារ និងអត្ថន័យ ដែលធ្វើឱ្យដំណោះស្រាយដាក់ទៅបោះឆ្នោតមានលក្ខណៈទន់ជ្រាយ។ ប្រមុខការទូតរុស្ស៊ីប្រចាំ UN រូបនេះបានហៅដំណោះស្រាយនេះថា «គ្មានធ្មេញ» ទៀតផង៕