សារព័ត៌មានរបស់អ៊ីស្រាអែល បានរាយការណ៍ថា ទាហានអ៊ីស្រាអែលបានសម្លាប់កងកម្លាំងរបស់ហាម៉ាស់ ៨០០០ នាក់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ប៉ុន្តែគ្មានរបាយការណ៍ណាមួយដែលបង្ហាញពីទិន្នន័យនៃការស្លាប់បាត់បង់របស់ទាហានអ៊ីស្រាអែលឡើយ។
សារព័ត៌មាន The Jerusalem Post រាយការណ៍ថា កងកម្លាំងនៃក្រសួងការពារជាតិអ៊ីស្រាអែល (IDF) បានសម្លាប់សមាជិកប្រហែល៨០០០នាក់នៃចលនាហាម៉ាស់ប៉ាឡេស្ទីន ក្នុងសង្គ្រាមរយៈពេលជាង១០សប្តាហ៍ដែលបានចាប់ផ្តើមតាំងពីថ្ងៃទី៧ខែតុលានោះ។
តាមសេចក្តីរាយការណ៍របស់កាសែត New York Times កុ្រមចលនាហាម៉ាស់មានកងកម្លាំងសរុបប្រមាណ៣៥០០០នាក់នៅតំបន់ហ្គាហ្សា។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតនៅថ្ងៃទី៧ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធពីក្រុមហាម៉ាសប៉ាឡេស្ទីន បានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់អ្នកស្រុកនៃសហគមន៍ព្រំដែន និងចាប់មនុស្សធ្វើជាចំណាប់ខ្មាំង។
អ៊ីស្រាអែលបានចាប់ផ្តើមធ្វើការវាយប្រហារសងសឹកទៅលើក្រុមប៉ាឡេស្ទីន ក៏ដូចជាលើតំបន់មួយចំនួននៅប្រទេសលីបង់ និងប្រទេសស៊ីរី។ កងទ័ពអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានឈានដល់កិច្ចព្រមព្រៀងលើបទឈប់បាញ់ម្តងកាលពីចុងខែវិច្ឆិកា ដើម្បីដោះដូរអ្នកទោសនិងចំណាប់ខ្មាំង និងការដឹកជញ្ជូនជំនួយមនុស្សធម៌ ប៉ុន្តែកាលពីថ្ងៃទី១ខែធ្នូ កងទ័ពអ៊ីស្រាអែលបានចោទប្រកាន់ក្រុមហាម៉ាស់ថាបានរំលោភលើបទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី២៤ខែវិច្ឆិកា ហើយបានបន្តប្រតិបត្តិការប្រយុទ្ធនៅហ្គាហ្សាជាថ្មី។
រហូតដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែលក្នុងការកម្ទេចក្រុមហាម៉ាស់មានជាង២០០០០នាក់៕