ប្រទេស​អេស្ប៉ាញ​​​​​ដែល​​​ស្ថិត​នៅ​​ភាគ​​​ខាង​ត្បូង​អឺរ៉ុប​​និង​វិស័យ​ពាណិជ្ជកម្ម​​របស់ខ្លួន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​មធ្យោបាយ​ដឹក​ជញ្ជូន​តាមផ្លូវ​ទឹក បាន​ប្រកាស​ពី​ការ​មិនចូល​រួម​​​​ក្នុងសម្ព័ន្ធ​មិត្ត​​ថ្មី​​​ដែល​ទើប​បង្កើត​ឡើង​ដឹក​នាំ​ដោយសហរដ្ឋ​អាមេរិក​​ដើម្បី​ការ​ពារ​​ការ​ដឹក​ជញ្ជូ​ន​​​តាមសមុទ្រ​ក្រហម​​។ 

យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ​ប្រទេសអេស្ប៉ាញ​​​បាន​និយាយ​កាលពី​ថ្ងៃទី ២៤ខែធ្នូ​ថា ខ្លួន​នឹងមិន​ចូលរួម​ជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​ការពារ​ការដឹកជញ្ជូន​សមុទ្រ​ក្រហម​ពី​ការវាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី (Houthi) មាន​មូល​ដ្ឋាន​នៅ​ប្រទេស​យេ​ម៉ែន​​ ដែល​ប្រកាស​​ប្រឆាំង​នាវា​ដឹក​ទំនិញ​ណា​​ដែល​បំពាក់​​​ទង់ជាតិ​អ៊ីស្រាអែល។

ក្រុមហ៊ូធីដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ បានធ្វើការ​វាយប្រហា​ជាច្រើនលើក​​ច្រើនសារ​ណាស់​មក​ហើយ​ទៅ​លើ​ការដឹកជញ្ជូន​តាម​សមុទ្រ​ក្រហម នៅក្នុង​អ្វីដែល​ពួកគេ​និយាយថា គាំទ្រ​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ក្នុងអំឡុង​សង្គ្រាម​អ៊ីស្រាអែល និង​ក្រុម​ហា​ម៉ាស់​នៅ​ហ្គា​ហ្សា។

នៅ​ថ្ងៃទី២១​ខែធ្នូ ​​ក្រសួង​ការ​ពារជាតិ​អាមេរិក ឬ​ដែល​គេ​និយម​ហៅថា «មន្ទីរ​បញ្ច​កោណ​» បាន​និយាយថា ប្រទេស​ចំនួន២០បាន​ចូល​រួមជាមួយ​ក្រុមចម្រុះ​ដឹកនាំ​ដោយ​វ៉ាស៊ីនតោន ដើម្បី​ការពារ​ផ្លូវ​ដឹកជញ្ជូន​ដ៏​សំខាន់មួយ​​នេះ​​ក្រោយ​ទទួល​រង​ការ​រំខាន​ពី​ក្រុម​​ហ៊ូធី​​​។

រដ្ឋាភិបាល​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មាន​ភាពស្រពេចស្រពិល​ចំពោះ​​សម្ព័ន្ធ​មិត្ត​ថ្មី​នេះ​ ហើយ​នៅ​ថ្ងៃទី២៤​ខែធ្នូ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ប្រាប់ សារ​ព័ត៌មាន AFP ថា ប្រទេស​អេ​ស្ប៉ា​ញ «នឹងមិន​ចូលរួម​ឡើយ»។

ខណៈដែល​គ្មាន​ហេតុផល​ត្រូវបាន​គេ​ផ្តល់ឱ្យ​នោះ សារព័ត៌មាន​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយថា​ ការសម្រេចចិត្ត​មិន​ចូលរួម​ត្រូវបាន​ជំរុញ​ដោយ​នយោបាយ​ក្នុងស្រុក។

លោក Pedro Sanchez នាយក​រដ្ឋមន្ត្រី​អេស្ប៉ាញ​ កំពុងស្ថិត​ក្នុង​ដំណើរការ​នៃ​ការបង្កើត​ក្រុមចម្រុះ​មួយ ហើយ​ត្រូវការ​ការគាំទ្រ​ពី​គណបក្ស​ឆ្វេងនិយម​ជ្រុល​ឈ្មោះ Sumar ដែល​ប្រឆាំងនឹង​គោលនយោបាយ​ការបរទេស​របស់​សហ​រដ្ឋ​អាមេរិក។

ក្រោយ​ការ​ប្រកាសរបស់​អេស្ប៉ាញ​បែបនេះ ក្រុម ហ៊ូធី បាន​ស្វាគមន៍​ជំហរ​របស់​អេ​ស្ប៉ា​ញ ដោយ​អនុរដ្ឋមន្ត្រី​ការបរទេស Hussein al-Ezzi និយាយថា៖«យើង​សូម​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​ការបដិសេធ​របស់​អេ​ស្ប៉ា​ញ​ក្នុងការ​ទាក់ទាញ​ការ​កុហក​របស់​អាមេរិក និង​អង់គ្លេស​លើ​បញ្ហា​នាវាចរណ៍​ដែនសមុទ្រ»។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ ឧ​ត្ត​ម​សេនីយ​ឯក Pat Ryder បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កងកម្លាំង​ចម្រុះ​នឹង «បម្រើការ​ល្បាតផ្លូវ​ហាយ​វេ ដើរល្បាត​សមុទ្រ​ក្រហម និង​ឈូង​សមុទ្រ Aden ដើម្បី​ឆ្លើយតប និង​ជួយ​តាម​ការចាំបាច់​ ចំពោះ​នាវា​ពាណិជ្ជកម្ម​ដែល​កំពុង​ឆ្លងកាត់​ផ្លូវទឹក​អន្តរជាតិ​ដ៏​សំខាន់​នេះ»៕​