ស្ត្រីវ័យ ៩០ ឆ្នាំ ម្នាក់ ទើបនឹងបានទទួលសញ្ញាបត្រអនុបណ្ឌិតរបស់ខ្លួនកាលពីពេលថ្មីៗនេះហើយការទទួលសញ្ញាបត្រនេះបានកត់ត្រាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដោយលោកស្រីគឺជាមនុស្សមានវ័យចំណាស់បំផុតក្នុងការបញ្ចប់វគ្គសិក្សានៅសាកលវិទ្យាល័យ North Texas។ នេះបើយោងតាមការឱ្យដឹងពីមន្ត្រីសាកលវិទ្យាល័យ។
បើតាមការឱ្យដឹងពីសាកលវិទ្យាល័យ លោកស្រី Minnie Payne អាយុ ៩០ ឆ្នាំ មានដើមកំណើតមកពីរដ្ឋ South Carolina ហើយបានបញ្ចប់កម្មវិធីសិក្សារបស់ខ្លួនលើជំនាញអន្តរកម្មតាមអ៊ីនធឺណិតក្នុងខែកក្កដាឆ្នាំ២០២៣នេះ។
លោក Billy Roessler ជាទីប្រឹក្សានិស្សិតគ្រោងបញ្ចប់ការសិក្សានៅសាលា UNT's Toulouse និងជាទីប្រឹក្សារបស់លោកស្រី Payne បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា៖ «យើងតែងតែប្រើពាក្យថាការសិក្សាពេញមួយជីវិតហើយពេលនេះ Payne បានបង្ហាញឱ្យយើងឃើញថាវាជាការពិតមែន»។
លោក Billy Roessler បន្តឱ្យដឹងថា៖ «ការតស៊ូដើម្បីបញ្ចប់ការសិក្សារបស់លោកស្រីនៅអាយុ៩០គឺគួរឱ្យចាប់អារម្មណ៍ហើយជាអ្វីដែលស្របតាមគោលបំណងលោកស្រីខ្លួនឯងផ្ទាល់ថែមទៀត»។
លោកស្រី Payne ដែលបានសិក្សាផ្តោតលើការសរសេរបានធ្វើការជាអ្នកនិពន្ធឯករាជ្យនិងបុគ្គលិកជាច្រើនឆ្នាំសម្រាប់រោងពុម្ពផ្សាយនៅទីក្រុង Dallasនិងទីក្រុងHouston ព្រមជាមួយការងារមួយចំនួនផ្សេងទៀតនៅក្នុងរដ្ឋតិចសាស់។
លោកស្រី Payne បានរៀបរាប់ឱ្យដឹងថា៖ «អ្នកនិពន្ធភាគច្រើនសរសេរដោយសារតែពួកគេចូលចិត្តវាខ្ញុំធ្វើក៏ព្រោះស្រឡាញ់វាខ្ញុំធ្វើវាព្រោះវាដូចជាការព្យាបាលមួយនិងផ្តល់ឱ្យខ្ញុំនូវអ្វីថាមពលវិជ្ជមាន»។
មុនទទួលបានសញ្ញាបត្រអនុបណ្ឌិតលោកស្រី Payne បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកសិក្សាទូទៅនៅក្នុងឆ្នាំ២០០៦ពីសាកលវិទ្យាល័យ Texas Woman's University។មកទល់ពេលនេះទោះបីជាមានសញ្ញាបត្រកម្រិតខ្ពស់ពីរនៅអាយុ៩០ឆ្នាំក៏ដោយក្តីតែលោកស្រីបញ្ជាក់ថាការអប់រំរបស់ខ្លួនមិនទាន់មកដល់ទីបញ្ចប់នោះទេ។
បើយោងតាមកំណត់ត្រាពីសាកលវិទ្យាល័យបានឱ្យដឹងថា Payne ធំធាត់ឡើងនៅក្នុង សហគមន៍រោងចក្រវាយនភណ្ឌក្រីក្រមួយនៅក្នុងរដ្ឋ South Carolina។យុវតី Payne បានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យនៅឆ្នាំ១៩៥០ហើយបានចូលសិក្សាត្រឹមរយៈពេលខ្លីនៅមហាវិទ្យាល័យតូចមួយមុនពេលចាប់ផ្តើមប្រលោកក្នុងការងារជាស្មៀនរបស់ក្រុមហ៊ុនអចលនទ្រព្យមួយ។
ក្នុងឆ្នាំ១៩៦១លោកស្រីបានរៀបការជាមួយស្វាមីឈ្មោះ Dale និងបានចូលធ្វើការជាអ្នករាយការណ៍របស់តុលាការ South Carolina Industrial Commission រហូតដល់កូនរបស់ខ្លួនកើតមកទើបឈប់ធ្វើការងារនោះ។បន្ទាប់ពីធ្វើជាមេផ្ទះប៉ុន្មានឆ្នាំលោកស្រីបានងាកមកបន្តការងារជាគ្រូបង្រៀនជំនួសវិញ។
ក្រោយមកគ្រួសាររបស់លោកស្រីបានផ្លាស់ទីទៅរស់នៅរដ្ឋផ្សេងៗគ្នាមុនពេលដែលទីបំផុតបានតាំងលំនៅអចិន្ត្រៃយ៍នៅទីក្រុង Carrollton រដ្ឋ Texas ។ក្រោយមកទៀតលោកស្រីបានបន្តការងារជាអ្នកបកប្រែនិងសរសេរអត្ថបទអស់រយៈ៣០ឆ្នាំរហូតបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ Texas Woman's University។ លោកស្រីបានចូលរៀនផ្នែកសារព័ត៌មាននិងអាជីវកម្ម ដោយជោគជ័យហើយបន្តសិក្សាថ្នាក់អនុបណ្ឌិតផ្នែកសារព័ត៌មានដដែលប៉ុន្តែក្រោយមកបានផ្លាស់ទៅជំនាញសិក្សាអន្តរកម្មវិញ។
យ៉ាងណាក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលោកស្រី Payne និយាយថាខ្លួនមានអារម្មណ៍ថាការបន្តការសិក្សាថ្នាក់អនុបណ្ឌិតនេះបានឱ្យខ្លួននិងគ្រួសារកាន់តែប្រសើរឡើង៕