គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៣ ទីក្រុងប៉េកាំង ប្រទេសចិន បានបំបែកកំណត់ត្រាលើសីតុណ្ហភាពក្រោមសូន្យអង្សាដែលមានរយៈពេលយូរមិនធ្លាប់មានរាប់ចាប់ពីឆ្នាំ ១៩៥១ មក។ យ៉ាងណាមិញសីតុណ្ហភាពដ៏ត្រជាក់នេះ កើតឡើងបន្ទាប់ពីរលកខ្យល់ត្រជាក់បានបក់នៅទូទាំងផ្ទៃប្រទេសព្រមទាំងបានបង្កើតជាព្យុះភ្លៀងជាច្រើន។
ក្នុងនោះសីតុណ្ហភាពនៅតំបន់ភាគខាងជើងនិងភាគឦសាននៃប្រទេសបានចាប់ផ្ដើមចុះត្រជាក់ ខ្លាំងចាប់តាំងពីសប្តាហ៍មុនដោយតំបន់មួយចំនួននៅភាគឦសានមានសីតុណ្ហភាពរហូតទៅដល់ដក៤០អង្សាសេខណៈដែលអ្នកជំនាញអះអាងថាខ្យល់នោះបក់ចេញមកពីតំបន់អាក់ទិក (ប៉ូលខាងជើង)។
យ៉ាងណាមិញគិតត្រឹមថ្ងៃអាទិត្យទី២៤ ខែធ្នូ ក្រុមសង្កេតការណ៍អាកាសធាតុនៅទីក្រុងប៉េកាំងបានកត់ត្រាសីតុណ្ហភាពក្រោមសូន្យអង្សាដែលមានរយៈពេលជាង៣០០ម៉ោងចាប់តាំងពីថ្ងៃទី១១ខែធ្នូមកជាពេលវេលាដែលយូរបំផុតគឺយូរជាងកំណត់ត្រាកាលពីឆ្នាំ១៩៥១ទៅទៀត។នេះបើយោងតាមការចុះផ្សាយរបស់កាសែត Beijing Daily ។
ដោយឡែកទីក្រុងជាច្រើននៅភាគកណ្តាលនៃខេត្ត Henan ភាគនិរតីនៃប្រទេសចិនកំពុងតែមមាញឹកក្នុងការដោះស្រាយលើម៉ាស៊ីនកម្ដៅដើម្បីធានាការរស់នៅរបស់ប្រជាជនក្នុងរដូវរងានេះ។ប៉ុន្តែយ៉ាងណាឡចំហាយកម្ដៅជាច្រើននៅរោងចក្ រJiao Zuo Wan Fang Aluminum ដែលរោងចក្រផ្គត់ផ្គង់ដ៏សំខាន់នោះបែរជាមានការខូចខាតដែលនាំឱ្យតម្រូវការម៉ាស៊ីនកម្ដៅកើនឡើងជាបន្ទាន់។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថាក្រុមហ៊ុនផ្គត់ផ្គង់កំពុងព្យាយាមជួសជុលបញ្ហាមិនដំណើរការហើយរំពឹងថានឹងបន្តការផ្គត់ផ្គង់ឡើងវិញនៅត្រឹមថ្ងៃទី២៦ខែធ្នូប៉ុន្តែមិនបានបញ្ជាក់ចំនួនពិតប្រាកដនៃឡចំហាយកម្ដៅដែលបានខូចនោះទេ។
ដើម្បីដោះស្រាយនឹងបញ្ហាបន្ទាន់នេះទីក្រុងប៉េកាំងនឹងផ្អាកការផ្គត់ផ្គង់កម្តៅដល់អាជីវករភាគច្រើនលើកលែងតែអ្នកផ្តល់សេវាសំខាន់ៗដូចជាមន្ទីរពេទ្យនិងមជ្ឈមណ្ឌលសំខាន់ៗផ្សេងទៀតដើម្បីជាការផ្តល់អាទិភាពក្នុងការប្រើប្រាស់កម្តៅនៅតាមលំនៅឋានប្រជាពលរដ្ឋ។
ប៉ុន្តែយ៉ាងណាអ្នកព្យាករណ៍អាកាសធាតុនៃខេត្តកណ្តាលបាននិយាយកាលពីថ្ងៃសៅរ៍ថាសីតុណ្ហភាពនៅក្នុងតំបន់មួយចំនួននៃខេត្ត Henan នឹងធ្លាក់ចុះដល់កម្រិតទាបបំផុតគឺត្រឹម-១៥អង្សានៅចុងសប្តាហ៍នេះ។
គិតត្រឹមម៉ោង២រសៀលនាថ្ងៃទី២៤ធ្នូនេះអាជ្ញាធរអាកាសធាតុរបស់ប្រទេសចិនបានឱ្យដឹងថាសីតុណ្ហភាពនៅក្នុងតំបន់ជាច្រើននៃភាគកណ្តាលនិងភាគខាងកើតប្រទេសចិនបានស្ទុះងើបឡើងវិញបន្តិចដោយសីតុណ្ហភាពនៅក្នុងតំបន់ខ្លះកើនឡើងលើសពី១០អង្សាសេ៕