​ជន​ចំណាកស្រុក​រាប់ពាន់នាក់​បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង Alvaro Obregon នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃទី​ ២៤ ខែធ្នូ​ ហើយ​បាន​ចំណាយ​ពេលវេលា​បុណ្យ​ណូ​អែល​របស់ខ្លួន​នៅលើ​ទីលាន​សាធារណៈ​ដោយ​គ្មាន​ទីជម្រក​មុនពេល​បន្តដំណើរ​ដើម្បី​ឆ្លង​ប្រទេស និង​ឆ្ពោះទៅកាន់​ព្រំដែន​សហរដ្ឋអាមេរិក​។​

​ក្រុម​ជន​ចំណាកស្រុក​ដែល​ភាគច្រើន​មកពី​អាមេរិក​កណ្តាល​និង​តំបន់​កា​រ៉ា​ប៊ី​ន​ភាគច្រើន​បាន​ដើរ​ចម្ងាយ​១៥​គីឡូម៉ែត្រ​ពី​ទីក្រុង ​Tapachula ភាគ​ខាង​​ត្បូង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ដើម្បី​ឆ្ពោះទៅ​ទីក្រុង Alvaro Obregon ព្រម​ជាមួយនឹង​គម្រោង​ចេញដំណើរ​ម្តងទៀត​នៅ​ម៉ោង​ ៤ ​ភ្លឺ​នៅ​ថ្ងៃ​បន្ទាប់​។​

​សកម្មជន​សិទ្ធិ​ជន​ចំណាក​ស្រុក​លោក Luis Garcia Villagran​ បាន​ជំរុញ​ថា ជន​ចំណាកស្រុក​មិនគួរ​ត្រូវបាន​ក្លាយជា​ឧ​ប​​ករ​ណ៍​នយោបាយ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នាពេល​ខាងមុខ​នោះទេ​ដោយ​លោក​អះអាងថា​ក្រុម​របស់ខ្លួន​នឹង​បន្ត​ដើរ​ដោយ​មិន​ឈប់​ទេ​។​

​បើតាម​អាជ្ញាធរ​មូលដ្ឋាន​បាន​ប៉ាន់ប្រមាណ​ថា ទំហំ​នៃ​ក្បួន​ដើរ​នេះ​មាន​មនុស្ស​ជា​មធ្យម​ប្រហែល ៨​ ពាន់​នាក់​ក្នុង​ ១ ​ថ្ងៃ​។ បើតាម​សាក្សី​ម្នាក់​ដែល​ធ្វើដំណើរ​ជាមួយ​ក្បួន​នេះ​បាន​ថ្លែងប្រាប់​សារព័ត៌មាន Reuters ថា ជន​ចំណាកស្រុក​ភាគ​ច្រើន​មកពី​អាមេរិក​កណ្តាល​និង​ខាងត្បូង​ហើយក៏​មាន​តំបន់​ការី​ប៊ី​ន​ផងដែរ​។​

​ចំណែក​ជន​ចំណាកស្រុក​ជន​ជាតិ​ហៃ​ទី​ម្នាក់​ឈ្មោះ Ysguel Jean ដែល​កំពុងកាន់​ឈើឆ្កាង​ពណ៌​ស​ជាមួយ​អក្សរ​សរសេរថា ​«​ព្រះ​យេស៊ូ​គ្រី​ស្ទ​» ​បាន​និយាយថា លោក​បាន​ចាក​ចេញពី​ប្រទេស​កំណើត​ដោយសារតែ​បញ្ហា​ឧក្រិដ្ឋ​កម្ម និង​អំពើពុករលួយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ហើយ​ម្យ៉ាង​ដោយ​សារ​តែ​លោក​ចង់ឱ្យ​កូនស្រី​ទាំង ​២ ​របស់ខ្លួន​មាន​អនាគត​ប្រសើរ​ជាង​នេះ​។​

​លោក​ Ysguel Jean បញ្ជាក់ថា​៖ «៣ ​ខែ​នៅ​ទីក្រុង ​Tapachula ខ្ញុំ​ព្យាយាម​ស្នើសុំ​ឯក​​សារ​ហើយ​ខ្ញុំ​នៅតែ​គ្មាន​លទ្ធ​​ផល​អ្វី​សោះ ខ្ញុំ​ធុញទ្រាន់​នឹង​ការរង់ចាំ​នៅ​ Tapachula​ពួក​យើង​ឃ្លាន​ហើយ​មិនអាច​រកប្រាក់​ចំណូល​បាន​សោះឡើយ​។ ដូច​អ្នកដទៃ​ដែរ​ខ្ញុំ​ចង់ទៅ​ដល់​ទឹកដី​សហរដ្ឋអាមេរិក​»​។​

​កាលពី​ឆ្នាំ​ ២០១៨ និង​ ២០១៩​ ក្បួន​ដើរ​ធំៗ​ភាគច្រើន​ជា​ជនជាតិ​អាមេរិក​កណ្តាល ​បាន​ឆ្លងកាត់​ម៉ិ​ក​ស៊ិ​ក ​ទៅដល់​សហរដ្ឋអាមេរិក​ហើយ​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​កន្លងទៅនេះ​សកម្មភាព​ទាំងនេះ​ត្រូវបាន​បន្តធ្វើ​ដោយ​ក្រុម​ដើរ​ក្បួន​តូចៗ​ជំនួស​វិញ​៕