ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បានរាយការណ៍កាលពីថ្ងៃអាទិត្យ ទី ២៤ ខែធ្នូថា អ៊ីរ៉ង់បានកោះហៅបេសកជនការទូតរុស្ស៊ី បន្ទាប់ពីទីក្រុងម៉ូស្គូ និងបណ្តាប្រទេសអារ៉ាប់បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីដើមសប្តាហ៍នេះ ប្រឆាំងនឹងការទាមទាររបស់អ៊ីរ៉ង់លើកោះជម្លោះនៅឈូងសមុទ្រពែក្ស៍។ នេះបើតាមការរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មាន AP។
IRNA ផ្សាយថា រដ្ឋាភិបាលអ៊ីរ៉ង់បានកោះហៅបេសកជនរុស្ស៊ីកាលពីថ្ងៃសៅរ៍ ហើយបានប្រគល់លិខិតមួយជូនទៅកាន់រដ្ឋាភិបាលរុស្ស៊ី ដើម្បីប្រឆាំងតវ៉ានឹងសេចក្តីថ្លែងការណ៍ចេញពីវេទិកាសហប្រតិបត្តិការអារ៉ាប់-រុស្ស៊ីលើកទី ៦ ដែលអំពាវនាវឱ្យមានដំណោះស្រាយដោយសន្តិវិធី ដើម្បីដោះស្រាយវិបត្តិរវាងអ៊ីរ៉ង់ និងអេមីរ៉ាត់អារ៉ាប់រួមលើកោះដែលមានជម្លោះ។
ដាច់ដោយឡែកពីការកោះហៅនេះ កាលពីព្រឹកថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បានប្រាប់សមភាគីរុស្ស៊ីតាមទូរស័ព្ទថា៖ «ការគោរពអធិបតេយ្យភាព និងបូរណភាពរបស់ប្រទេស គឺជាគោលការណ៍ជាមូលដ្ឋានក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំង ២។
គេមើលឃើញថា នេះជាលើកទី២ ហើយនៅឆ្នាំ ២០២៣ ដែលអ៊ីរ៉ង់បានកោះហៅប្រេសិតរុស្ស៊ី ដើម្បីប្រឆាំងតវ៉ាជុំវិញការលូកលាន់ក្នុងជម្លោះលើកោះនៅសមុទ្រពែក្ស៍។ ទីក្រុងតេអេរ៉ង់ បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីកាលពីខែកក្កដា ជុំវិញការចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដែរ។
ជម្លោះការទូត គឺជារឿងដ៏កម្រមួយ រវាងរុស្ស៊ី និងអ៊ីរ៉ង់ ដោយសារតែប្រទេសដែលរងទណ្ឌកម្មលោកខាងលិចទាំង ២ មានទំនាក់ទំនងយ៉ាងស៊ីជម្រៅ ជាពិសេសរាប់តាំងពីរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន។ អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដល់ប្រទេសរុស្ស៊ីដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន។ ប្រទេសទាំង ២ ក៏ជាអ្នកគាំទ្រដ៏សំខាន់សម្រាប់ប្រធានាធិបតីស៊ីរី លោក Bashar Assad ក្នុងសង្គ្រាមស៊ីវិលរបស់ប្រទេសនេះផងដែរ។
ពាក់ព័ន្ធនឹងកោះជម្លោះនៅឈូងសមុទ្រពែក្ស៍ រុស្ស៊ីមិនមែនជាប្រទេសជាមិត្តតែមួយគត់ដែលអ៊ីរ៉ង់កោះហៅប្រេសិតនោះទេ។ នៅឆ្នាំ ២០២២ អ៊ីរ៉ង់បានកោះហៅបេសកជនការទូតរបស់ចិន ជុំវិញការចេញសេចក្តីថ្លែងការណ៍រួមស្រដៀងគ្នាជាមួយប្រទេសអារ៉ាប់។
អ៊ីរ៉ង់បានកាន់កាប់កោះជម្លោះ ៣ រួមមានកោះ Abu Musa កោះ Greater Tunb និងកោះ Lesser Tunb បន្ទាប់ពីកងកម្លាំងអង់គ្លេសបានដកខ្លួននៅឆ្នាំ ១៩៧១។ អ៊ីរ៉ង់បានចាត់ទុកកោះទាំងនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន «ដែលមិនអាចបំបែកចេញបាន» ដោយវាជាទឹកដីនៃរដ្ឋពែក្ស៍តាំងពីសម័យបុរាណ។ ប៉ុន្តែអេមីរ៉ាតអារ៉ាប់រួម ក៏ទាមទារកោះទាំង ៣ នេះផងដែរ ហើយបានទាមទារជាយូរមកហើយឱ្យមានការចរចារកដំណោះស្រាយ។
កោះទាំង ៣ គ្របដណ្តប់លើផ្លូវទៅកាន់ច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់ ដោយ ១/៥ នៃប្រេងផ្គត់ផ្គង់ពិភពលោក ត្រូវបានគេដឹកឆ្លងកាត់ផ្លូវមួយនេះ៕