ក្រោយសង្គ្រាមផ្ទុះឡើងយ៉ាងសាហាវព្រៃផ្សៃបំផុតក្នុងប្រវត្តិសាស្ត្រសង្គ្រាមដែលនាំឱ្យមន្ត្រីអង្គការសហប្រជាជាតិជាង ១៤០ នាក់បានបាត់បង់ជីវិតក្នុងរយៈពេលដ៏ខ្លីក្នុងកិច្ចការមនុស្សធម៌របស់ពួកគេ ក្រសួងការពារជាតិអ៊ីស្រាអែលក៏បានបង្ហាញតួលេខនៃការបាត់បង់ជីវិតរបស់ក្រុមសកម្មជនហាម៉ាស់ ៨ ០០០ នាក់ក្នុងសង្គ្រាមរយៈពេល ១០ សប្តាហ៍កន្លងមកនេះ។
សារព័ត៌មាន The Jerusalem Post របស់អ៊ីស្រាអែល បានរាយការណ៍ថា ទាហានអ៊ីស្រាអែលបានសម្លាប់កងកម្លាំងរបស់ហាម៉ាស់ ៨ ០០០ នាក់ ចាប់តាំងថ្ងៃទី ៧ខែតុលា ជាពេលដែលក្រុមសកម្មប្រយុទ្ធបានវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលតាមគ្រប់មធ្យោបាយ ដើម្បីចាប់ចំណាប់ខ្មាំង និងសម្លាប់ជនជាតិអ៊ីស្រាអែលតាមបណ្តោយព្រំដែនក្នុងពេលវេលាដែលប្រជាជនអ៊ីស្រាអែលកំពុងឈប់សម្រាកថ្ងៃបុណ្យ។
តាមសេចក្តីរាយការណ៍របស់កាសែត New York Times បានផ្សាយក្នុងពេលកន្លងមកដោយដកស្រង់សម្តីរបស់មន្ត្រីជាន់ខ្ពស់របស់លីបង់ ដែលអះអាងថា ក្រុមចលនាហាម៉ាស់មានកងកម្លាំងសរុបចន្លោះពី ៣៥ ០០០ នាក់ ទៅ ៤០ ០០០ នាក់នៅតំបន់ហ្គាហ្សា។
ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតនៅថ្ងៃទី ៧ ខែតុលា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធពីក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបើកការលុកលុយដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្គាហ្សាស្ទ្រីប ដោយបានសម្លាប់អ្នកស្រុកនៃសហគមន៍តាមតំបន់ជាប់ព្រំដែន និងបានចាប់មនុស្សធ្វើជាចំណាប់ខ្មាំងប្រមាណ ២៤០ នាក់។
តាមរយៈកិច្ចព្រមព្រៀងឈប់បាញ់ដែលសម្រេចបានម្តងកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា សម្រាប់រយៈពេល ៤ ថ្ងៃ ដែលធ្វើឡើងក្នុងបំណងដោះដូរអ្នកទោសប៉ាឡេស្ទីន និងចំណាប់ខ្មាំងដែលក្រុមហាម៉ាស់ចាប់ទៅ ចំណាប់ខ្មាំង ១០០ នាក់ ត្រូវបានក្រុមហាម៉ាស់ដោះលែង ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនជាច្រើនរយនាក់។
កិច្ចព្រមព្រៀងបទឈប់បាញ់នោះ បានបន្ថែម ២ ថ្ងៃ ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំង ១០ នាក់ក្នុង ១ ថ្ងៃ ហើយសង្គ្រាមក៏ចាប់ផ្តើមជាថ្មីនៅថ្ងៃទី ១ ខែធ្នូដោយអ៊ីស្រាអែលចោទក្រុមហាម៉ាស់ថា បានរំលោភបំពានកិច្ចព្រមព្រៀងនោះ។
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានរាយការណ៍ពីការស្លាប់របស់បុគ្គលិករបស់ខ្លួនចំនួន ១៤២នាក់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាស្ទ្រីប។
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបានសរសេរនៅលើបណ្តាញសង្គម X (អតីត Twitter) ថា៖«ក្រុម របស់យើងកំពុង ធ្វើអ្វីដែល មិនអាចទៅរួចទេក្នុងការជួយមនុស្សដែលត្រូវការជំនួយ។ យើងកាន់ទុក្ខចំពោះការបាត់បង់សហការី UNRWA បន្ថែមទៀតដែលត្រូវបានសម្លាប់នៅហ្គាហ្សា ឥឡូវនេះ ១៤២ នាក់ ភាគច្រើនជាមួយគ្រួសារពួកគេ»។
អង្គការសហប្រជាជាតិស្ទើរតែជាប់គាំងក្នុងការដាក់ចេញលើសេចក្តីសម្រេចសម្រាប់ដំណោះស្រាយឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដោយសារតែអ៊ីស្រាអែលបានបដិសេធរាល់ការដាក់ចេញនូវសេចក្តីសម្រេចនានាទោះតាមរយៈដំណោះស្រាយក្នុងក្រុមប្រឹក្សាអង្គការសហប្រជាជាតិឬក៏សន្និបាតរបស់ស្ថាប័នកំពូលមួយនេះ។ ម្យ៉ាងទៀតសហរដ្ឋអាមេរិកក៏តែងនៅពីក្រោយគាំទ្រអ៊ីស្រាអែលដោយប្រើសិទ្ធិវេតូសេចក្តីសម្រេចចិត្ត ២ លើក។
រហូតដល់ពេលនេះ ជនរងគ្រោះបាត់បង់ជីវិតក្នុងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់ មានជាង ២ ម៉ឺននាក់៕