ការវាយប្រហាររបស់អ៊ុយក្រែនលើកំពង់ផែ Feodosia នៅគ្រីមា បានបណ្ដាលឱ្យនាវាដឹកគ្រឿងសឹកសង្រ្គាមរបស់រុស្ស៊ីដ៏ធំមួយរងការខូចខាត និងសម្លាប់មនុស្សម្នាក់។ នេះបើតាមការអះអាងរបស់ក្រុងម៉ូស្គូកាលពីថ្ងៃអង្គារ បន្ទាប់ពីអ៊ុយក្រែនអះអាងថា ការវាយប្រហាររបស់ខ្លួនបានបំផ្លាញនាវាចម្បាំងរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បានស្រង់សម្ដីក្រសួងការពារជាតិរុស្ស៊ី ដែលនិយាយថា អ៊ុយក្រែនបានប្រើមីស៊ីលបាញ់ពីលើអាកាស ដើម្បីវាយប្រហារដែលធ្វើឱ្យខូតខាតនាវាដឹកគ្រឿងសឹកសង្រ្គាម Novocherkassk។
នាវា Novocherkassk ដែលផលិតក្នុងប្រទេសប៉ូឡូញ និងយកប្រើនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ត្រូវបានរចនាឡើងសម្រាប់ការដាក់ពង្រាយទ័ពជើងទឹក និងអាចផ្ទុករថពាសដែកជាច្រើនប្រភេទ រួមទាំងរថក្រោះផងដែរ។ ខ្សែវិដេអូផ្សេងៗ បានបង្ហាញថា ការវាយប្រហាររបស់អ៊ុយក្រែន បានបណ្ដាលឱ្យមានការផ្ទុះយ៉ាងខ្លាំងនៅកំពង់ផែ Feodosia ដែលនាវា Novocherkassk កំពុងឈរជើង។
លោក Sergei Aksyonov អភិបាលតំបន់គ្រីមា ដែលរុស្ស៊ីលើកបន្តុប បាននិយាយលើបណ្ដាញផ្ញើសារតេឡេក្រាម ថា ការវាយប្រហារដដេលបានសម្លាប់មនុស្សម្នាក់ របួស ២ នាក់ និង ៦ នាក់ត្រូវជម្លៀសចេញពីផ្ទះ។
គេមើលឃើញថា ទោះបីជាប្រតិបត្តិការវាយបករបស់អ៊ុយក្រែនបានផលតិចតួចនៅសមរភូមិក៏ដោយ ក៏អ៊ុយក្រែនអាចបើកការវាយប្រហារជាបន្តបន្ទាប់លើតំបន់គ្រីមា ដែលជាទីស្នាក់ការកណ្តាលនៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ចំពោះការវាយប្រហារចុងក្រោយនេះ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយថា អាកាសយានិករបស់ខ្លួនបានវាយប្រហារក្រុងកំពង់ផែFeodosiaនៅម៉ោង ២ កន្លះ ព្រឹកថ្ងៃអង្គារ ដោយប្រើមីស៊ីលគ្រូស ហើយបានបំផ្លាញនាវាដឹកគ្រឿងសឹក Novocherkassk ។
ក្រុង Feodosia មានប្រជាជនប្រហែល ៦៩ ០០០ នាក់រស់នៅ លើឆ្នេរសមុទ្រភាគខាងត្បូងនៃឧបទ្វីបគ្រីមា ដែលរុស្ស៊ីកាត់បញ្ជូលជាទឹកដីរបស់ខ្លួនកាលពីឆ្នាំ ២០១៤ ទោះបីមានការថ្កោលទោសជាអន្តរជាតិ៕