អស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ កម្លាំងយោធារបស់សហរដ្ឋអាមេរិកឈរនៅលំដាប់លេខមួយលើពិភពលោក ដោយគ្មានប្រទេសណាអាចវ៉ាជែងយកដំណែងកំពូលនេះបានទេ។
រាប់ចាប់តាំងពីសហភាពសូវៀតដួលរំលំមក អាមេរិកគឺជាមហាអំណាចយោធាតែមួយគត់ ដែលបានដាក់ពង្រាយកងកម្លាំងរបស់ខ្លួនជុំវិញពិភពលោក ដើម្បីការពារសម្ព័ន្ធមិត្ត និងទប់ស្កាត់ភាពគឃ្លើនរបស់សត្រូវ។
យ៉ាងណាមិញ ទន្ទឹមនឹងភាពលេចធ្លោរបស់អាមេរិក គេមើលឃើញថា ពិភពលោកបច្ចុប្បន្នកំពុងពោរពេញទៅដោយជម្លោះ រាប់ចាប់តាំងពីសង្រ្គាមហ្គាហ្សានៅមជ្ឈិមបូព៌ា និងជម្លោះអ៊ុយក្រែន-រុស្ស៊ីនៅអឺរ៉ុបខាងកើត រហូតដល់ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េនៅអាស៊ីបូព៌ា។
ឆ្លៀតក្នុងឱកាសនេះ រុស្ស៊ី និងចិន កំពុងបង្កើនមហិច្ឆតារួមគ្នារបស់ខ្លួនឱ្យកាន់តែខ្លាំងឡើង ក្នុងប្រកួតប្រជែងផ្តួលរំលំសហរដ្ឋអាមេរិក ដែលជាមហាអំណាចធំបំផុតរបស់ពិភពលោក។
ក្រុមអ្នកវិភាគ បានលើកឡើងថា មេដឹកនាំនៃប្រទេសទាំង២ រួមមានប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានកេងប្រវ័ញ្ចអស្ថិរភាពពិភពលោក ដើម្បីបង្ខូចបង្ខាតសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ហើយកំពុងខិតកៀកទៅរកការបង្កើតសម្ព័ន្ធមិត្តយោធា ដែលបង្កការគំរាមកំហែងដ៏ធំបំផុតមិនធ្លាប់មានសម្រាប់សហរដ្ឋអាមេរិក។
នាយកប្រតិបត្តិនៃក្រុមហ៊ុនប្រឹក្សាយុទ្ធសាស្រ្ត Atlas Group លោក Jonathan Ward ដែលជាអ្នកជំនាញផ្នែកយុទ្ធសាស្ត្រសកលរបស់ចិន និងការប្រកួតប្រជែងអាមេរិក-ចិន បានថ្លែងប្រាប់សារព័ត៌មាន Business Insider ថា៖ «វាច្បាស់ណាស់ថា រដ្ឋទាំង២(រុស្ស៊ី និងចិន)មើលឃើញខ្លួនថាជាដៃគូយោធានឹងគ្នា ហើយភាពជាដៃគូនេះកាន់តែមានភាពស៊ីជម្រៅ និងមានបទពិសោធន៍កាន់តែច្រើន បើទោះបីជាវាមិនមែនជាសម្ព័ន្ធភាពផ្លូវការសម្រាប់លោកខាងលិចក៏ដោយ»។
ក្នុងជម្លោះនៅទូទាំងពិភពលោក ការប្រជែងគ្នារវាងសហរដ្ឋអាមេរិក ជាមួយនឹងដៃគូចិន-រុស្ស៊ី បាននិងកំពុងលេចចេញជារូបរាង ក្រោមរូបភាពផ្សេងៗ។
ប្រទេសចិន បានផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច និងការទូតយ៉ាងសំខាន់ដល់រុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែនដែលមិនញញើតនឹងច្បាប់អន្តរជាតិ។ ជានិច្ចកាល គេតែងតែឃើញចិនបញ្ចេញវោហាសាស្រ្តការពាររុស្ស៊ី ហើយទម្លាក់កំហុសលើអាមេរិក និងសម្ព័ន្ធមិត្ត ចំពោះជម្លោះអ៊ុយក្រែន។
សហរដ្ឋអាមេរិកឯណោះវិញ បានផ្តល់ជំនួយយោធា និងមនុស្សធម៌រាប់ពាន់លានដុល្លារដល់អ៊ុយក្រែន ហើយកៀងគរសម្ព័ន្ធមិត្តដាក់ទណ្ឌកម្មលើរុស្ស៊ី ដែលជាមូលហេតុចម្បងមួយឱ្យរុស្ស៊ីបង្កើនទំនាក់ទំនងការទូត និងសេដ្ឋកិច្ចជាមួយចិន។
ងាកទៅមើលបញ្ហានៅមជ្ឈិមបូព៌ាវិញ រុស្ស៊ី និងចិនបានចងសម្ព័ន្ធភាពជាមួយប្រទេសអ៊ីរ៉ង់ ដែលរងទណ្ឌកម្មតឹងរ៉ឹងពីលោកខាងលិចដូចគ្នាដោយសារតែកម្មវិធីនុយក្លេអ៊ែរ។ ប្រទេសទាំង៣ រិះគន់ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ដើម្បីកម្ទេចក្រុមភេរវករហាម៉ាស់គាំទ្រដោយក្រុងតេអេរ៉ង់។
ប៉ុន្តែអាមេរិកវិញ បានផ្តល់ជំនួយយោធា និងការគាំទ្រផ្នែកការទូតសម្រាប់អ៊ីស្រាអែល ទោះបីជាសកម្មភាពយោធារបស់ប្រទេសនេះ សម្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង ២០ ០០០ នាក់ហើយក៏ដោយ។
ក្រុមអ្នកជំនាញបាននិយាយថា ប្រទេសចិន ទំនងជាកំពុងមើលលទ្ធផលនៃសង្រ្គាមអ៊ុយក្រែនយ៉ាងប្រុងប្រយ័ត្នទុកជាមេរៀនលើរបៀបដែលពិភពលោកបញ្ចេញប្រតិកម្ម ប្រសិនបើខ្លួនឈ្លានពានកោះតៃវ៉ាន់ ដែលចិនទទូចទាមទារថាជារបស់ខ្លួន។ ខណៈដែលទំនាក់ទំនងទ្វេភាគីកាន់តែស្អិតរមួតក្នុងកាលៈទេសៈនេះ ចិន និងរុស្ស៊ីកំពុងសម្របសម្រួលធនធានយោធាឱ្យកាន់តែប្រសើរឡើង។
ត្រង់ចំណុចនេះ លោក Ward បាននិយាយថា៖«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលរវាងរុស្ស៊ី-ចិន» តែងតែផ្ដោតលើអំណាចយោធា។
ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ រុស្ស៊ី និងចិន បានធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា រាប់បញ្ជូលនៅសមុទ្រជប៉ុនហើយរុស្ស៊ីបានប្រគល់បច្ចេកវិទ្យានាវាមុជទឹកទៅចិន ដែលនឹងជាប្រយោជន៍ប្រសិនបើសង្រ្គាមជាមួយសម្ព័ន្ធមិត្តអាមេរិកនៅប៉ាស៊ីហ្វិកផ្ទុះឡើង។ ហើយថ្មីៗនេះកាលពីខែវិច្ឆិកា លោក ពូទីន បាននិយាយថា មេដឹកនាំប្រទេសទាំង២បានសន្យាថានឹងសហការគ្នាលើការអភិវឌ្ឍន៍អាវុធបច្ចេកវិទ្យាខ្ពស់។
ក្រៅពីនេះ គេក៏ឃើញរុស្ស៊ីលក់យន្តហោះចម្បាំង Su-25 ឧទ្ធម្ភាគចក្រMI-17 និងប្រព័ន្ធការពារដែនអាកាសS-400 ទៅឱ្យចិនផងដែរ។
ទោះបីជាលោក ស៊ី និងលោក ពូទីន មិនបានចុះហត្ថលេខាបង្កើតសម្ព័ន្ធភាពយោធាជាផ្លូវការក៏ដោយ ទំនាក់ទំនងផ្នែកយោធាបែបនេះ គឺជាការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត។
បើតាមការសរសេររបស់អ្នកស្រាវជ្រាវផ្នែកសន្តិសុខ លោកស្រីChelsMichtaក្នុងអត្ថបទចេញផ្សាយដោយមជ្ឈមណ្ឌលសម្រាប់ការវិភាគគោលនយោបាយអឺរ៉ុប (CEPA) ថ្មីៗនេះ។
លោកស្រី Michta បានសរសេរយ៉ាងដូច្នេះថា៖«សម្ព័ន្ធភាពចិន-រុស្ស៊ី ទ្រង់ទ្រាយធំ នឹងបង្ហាញសហរដ្ឋអាមេរិកនូវការគំរាមកំហែងដែលខ្លួនមិនធ្លាប់បានប្រឈមមុខ ចាប់តាំងពីចុងបញ្ចប់នៃសង្រ្គាមត្រជាក់មក»។
កាលពីខែតុលា គណៈកម្មាធិការសភាស្តីពីជំហរយុទ្ធសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថាបច្ចុប្បន្នសហរដ្ឋអាមេរិកប្រឈមនឹងការគំរាមកំហែងដែលខុសពីអ្វីដែលខ្លួនធ្លាប់បានជួបពីអតីតកាល ដោយសារតែការកើនឡើងនៃការគំរាមកំហែងពីចិន និងរុស្ស៊ី។
ក្រោមហេតុផលនេះ គណៈកម្មាធិការបានជំរុញឱ្យបញ្ចកោណពិនិត្យឡើងវិញនូវផែនការរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់លទ្ធភាពនៃសង្គ្រាមជាមួយចិន និងរុស្ស៊ីក្នុងពេលដំណាលគ្នា។
លោក Ward ថ្លែងថា៖«រុស្ស៊ី ចិន បង្កការគំរាមកំហែងយ៉ាងសម្បើមដល់សហរដ្ឋអាមេរិក ដោយសារយើងនឹងត្រូវដោះស្រាយសន្តិសុខទាំងនៅអឺរ៉ុប និងអាស៊ី ក៏ដូចជានៅមជ្ឈិមបូព៌ាជាមួយនឹងហានិភ័យដែលពិបាកគ្រប់គ្រង ស្របពេលដែលក្រុងប៉េកាំង និងក្រុងម៉ូស្គូ សម្របសម្រួលគ្នាដើម្បីបន្តមហិច្ឆតាតាមតំបន់រៀងៗខ្លួន»។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះនៅតែមានការសង្ស័យចំពោះស្ថិរភាពនៃសម្ព័ន្ធភាពរុស្ស៊ី-ចិន ដោយចង្អុលទៅភាពតានតឹងដ៏យូរអង្វែងរវាងមហាអំណាចទាំងអស់នាពេលកន្លងមក និងបំណងប្រាថ្នារបស់ចិន ក្នុងការរក្សាទំនាក់ទំនងរឹងមាំទៅនឹងទីផ្សារសេដ្ឋកិច្ចនៅលោកខាងលិច។ ប៉ុន្តែលទ្ធភាពនៃកិច្ចព្រមព្រៀងយោធារវាងរុស្ស៊ី និងចិន គឺជារឿងមួយដែលអ្នកជំនាញនិយាយថា អាមេរិកត្រូវតែត្រៀមខ្លួន៕