កុមារី បាហារ៉ា រុស្ថាម (Bahara Rustam) ដែលមានអាយុ ១៣ ឆ្នាំ បានចូលរៀនថ្នាក់ចុងក្រោយរបស់នាងនៅសាលារីប៊ី រ៉ាហ្ស៊ា (Bibi Razia) នុងទីក្រុងកាប៊ុល (Kabul) ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១១ ខែធ្នូ ដោយដឹងយ៉ាងច្បាស់ថា វាគឺជាថ្ងៃចុងក្រោយនៃការអប់រំរបស់នាង ដោយសារតែប្រទេសកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ ដូច្នេះហើយ នាងទំនងជាមិនហ៊ានចូលថ្នាក់រៀនម្តងទៀតនោះទេ។
កាលពីខែកញ្ញាឆ្នាំ២០២១ បន្ទាប់ពីកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ បានចាកចេញពីទឹកដីអាហ្វហ្គានីស្ថាន ក្រោយពីសង្គ្រាមរយៈពេល ២០ឆ្នាំ ពួកតាលីបង់ដែលចូលដឹកនាំប្រទេសអាហ្វហ្គានីស្ថានថ្មី បានប្រកាសថា ក្មេងស្រីមិនអាចទៅរៀននៅសាលាលើសពីថ្នាក់ទី ៦ នោះទេ។
កាលពីខែធ្នូ ឆ្នាំ២០២២ពួកតាលីបង់បានហាមឃាត់មិនឱ្យមានសិទ្ធិទទួលបានការអប់រំរហូតដល់សាកលវិទ្យាល័យ បើទោះបីជាពួកគេទទួលរងការរិះគន់ និងការថ្កោលទោសយ៉ាងខ្លាំងសហគមន៍អន្តរជាតិនិងការព្រមានថាការធ្វើបែបនេះ នឹងរារាំងការទទួលស្គាល់របស់ពួកគេថាជារដ្ឋាភិបាលដឹកនាំស្របច្បាប់របស់ប្រទេសអាហ្វហ្គានីស្ថានក៏ដោយ។
កាលពីសប្តាហ៍មុន បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រី រ៉ូហ្សា អូធុនបាយ៉េវ៉ា (Roza Otunbayeva) បានសម្តែងការព្រួយបារម្ភថា ពីមួយថ្ងៃទៅមួយថ្ងៃ ក្មេងស្រីអាហ្វហ្គានីស្ថានជាច្រើនកំពុងឃ្លាតឆ្ងាយពីការសិក្សាពីមួយជំនាន់ទៅមួយជំនាន់។
កាលពីសប្តាហ៍មុន មន្ត្រីនៅក្រសួងអប់រំមួយរូបបាននិយាយថា ក្មេងស្រីអាហ្វហ្គានីស្ថានគ្រប់គ្នាទាំងអស់ ត្រូវបានអនុញ្ញាតឱ្យសិក្សានៅក្នុងសាលាសាសនាមួយដែលគេហៅថា ម៉ាដ្រាសាស (Madrassas) ដែលតាមប្រពៃណីកន្លងមក គឺមានតែក្មេងប្រុសប៉ុណ្ណោះ។
ប៉ុន្តែ លោកស្រី អូធុនបាយ៉េវ៉ា បានលើកឡើងថា លោកស្រីមិនច្បាស់នោះទេថាតើកម្មវិធីសិក្សានៅទីនោះមានស្តង់ដារដែលអនុញ្ញាតឱ្យមានការរៀននូវមុខវិជ្ជាទំនើបឬក៏យ៉ាងណានោះទេ។
យ៉ាងណាក៏ដោយ កុមារី បាហារ៉ា កំពុងបន្តការសិក្សារបស់នាងនៅក្នុងផ្ទះដោយផ្ទាល់ ដោយសិក្សាតាមសៀវភៅពុម្ពរបស់នាង។ នាងបានរៀបរាប់ថា ៖ «ការបន្តទៅថ្នាក់ទី៧ បន្ទាប់ពីចប់ថ្នាក់ទី៦គឺជារឿងដែលមានន័យខ្លាំងណាស់សម្រាប់ពួកយើង។
ប៉ុន្តែនៅពេលដែលយើងដឹងថា យើងមិនអាចរៀនបន្តបាន ពួកយើងទាំងអស់គ្នាបាននាំគ្នាយំ ហើយមានអារម្មណ៍ថាពិតជាអស់សង្ឃឹមខ្លាំងណាស់»។
ក្មេងស្រីដែលរៀនចប់ថ្នាក់ទី៦ នៅសាលា ប៊ីប៊ី រ៉ាហ្ស៊ាមិនមានរៀបចំកម្មវិធីបញ្ចប់ការសិក្សានោះទេ។ ដោយឡែក នៅក្នុងតំបន់មួយផ្សេងទៀតក្នុងទីក្រុងកាប៊ុលដដែល កុមារី សេថាយ៉េស សាហ៊ីបហ្សដា (Setayesh Sahibzada)អាយុ ១៣ ឆ្នាំដូចគ្នា បានបង្ហាញពីអារម្មណ៍មិនច្បាស់លាស់ចំពោះអនាគតរបស់នាងទៅខាងមុខ។ នាងបានសម្ដែងការតូចចិត្តយ៉ាងខ្លាំង ដោយសារតែមិនអាចចូលសាលារៀនបានទៀត ដើម្បីបន្តក្តីសុបិនរបស់នាង។
កុមារីរូបនេះបាននិយាយថា៖«ខ្ញុំមិនអាចឈរជើងបានដោយឯករាជ្យខ្លួនឯងនោះទេ។ ខ្ញុំសុបិនចង់ក្លាយជាគ្រូបង្រៀន ប៉ុន្តែបើគ្មានការសិក្សា ឬទៅសាលាទេ ខ្ញុំមិនអាចធ្វើវាបានឡើយ»។
លោក មូហាម៉ាដ សាលីម ផៃហ្គី (Muhammad Saleem Paigir)ដែលជាអ្នកវិភាគសង្គម បានព្រមានថា ការបង្ខំស្ត្រីនិងកុមារីឱ្យនៅឆ្ងាយពីការអប់រំ នឹងបង្កបញ្ហាដ៏ធំសម្រាប់អាហ្វហ្កានីស្ថាន។ លោកបាននិយាយថា ៖ «យើងដឹងហើយថាមនុស្សដែលមិនចេះអានឬសរសេរនឹងមិនអាចមានសេរីភាពឬជោគជ័យក្នុងជីវិតបាននោះទេ»។
ចាប់តាំងពីចូលដឹកនាំប្រទេស ពួកតាលីបង់បានរារាំងស្ត្រីមិនឱ្យចេញនៅតាមទីសាធារណៈ និងមិនឱ្យចេញទៅធ្វើការទៀតផង ពោលគឺអនុញ្ញាតឱ្យពួកគេស្ថិតនៅតែក្នុងផ្ទះប៉ុណ្ណោះ៕