ទីភ្នាក់ងារព័ត៌មាន Bloomberg បានផ្សាយថា អ៊ីស្រាអែលនឹងត្រូវបង្កើនការចំណាយលើវិស័យការពារជាតិចំនួនជាង ៣០ ពាន់លានសេកែល (៨,៣ ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ខាងមុខនេះ ខណៈសង្គ្រាមកំពុងឆាបឆេះនៅតំបន់ហ្គាហ្សារយៈពេលជិត ៣ ខែ ហើយឯកសារនោះសន្មតថា សង្គ្រាមនឹងបញ្ចប់នៅត្រីមាសទី ១ ឆ្នាំ ២០២៤។
ការចុះផ្សាយដែលដកស្រង់តាមឯកសាររបស់ក្រសួងហិរញ្ញវត្ថុដែលដាក់ជូនសភាកាលពីថ្ងៃទី ២៥ ខែធ្នូ បាននិយាយថា ថវិកាសរុបឆ្នាំ ២០២៤ ប្រហែលត្រូវមានសរុបចំនួន ៥៦២ ពាន់លានសេកែល (shekels រូបិយប័ណ្អ៊ីស្រាអែល) បើធៀបនឹង ៥១៣ ពាន់លានសេកែល នៅពេលដែលផែនការចំណាយត្រូវបានអនុម័តជាលើកដំបូងកាលពីខែឧសភា ឆ្នាំមុន។
ក្រៅពីការចំណាយចាំបាច់លើផ្នែកយោធា ក្រសួងបាននិយាយថា ទឹកប្រាក់បន្ថែមចំនួន ១០ ពាន់លានសេកែល នឹងត្រូវចំណាយលើការជម្លៀសមនុស្សប្រហែល ១២ ម៉ឺននាក់ពីតំបន់ភាគខាងជើង និងភាគខាងត្បូងរបស់អ៊ីស្រាអែល ការបន្ថែមថវិកាច្រើនជាងមុនសម្រាប់ប៉ូលិស និងកម្លាំងសន្តិសុខផ្សេងទៀត និងការកសាងឡើងវិញនូវការតាំងទីលំនៅដែលត្រូវបានបំផ្លាញក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា។
ការព្យាករនេះ បង្ហាញពីការចំណាយហិរញ្ញវត្ថុខ្ពស់នៃសង្គ្រាមសម្រាប់អ៊ីស្រាអែល ដែលបានកេណ្ឌទាហានបម្រុងរាប់សែននាក់សម្រាប់ប្រតិបត្តិការជើងគោកប្រឆាំងនឹងក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីបនៅភាគខាងត្បូង ហើយបានដាក់ពង្រាយកងទ័ពបន្ថែមទៀតនៅភាគខាងជើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងពីពួកសកម្មប្រយុទ្ធ Hezbollah ដែលមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ក្បែរខាង។
ឯកសារនោះបានសន្មតថា ការប្រយុទ្ធគ្នាខ្លាំងនៅតំបន់ហ្គាហ្សានឹងបញ្ចប់នៅដើមឆ្នាំ ២០២៤៕