ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា រុស្ស៊ីនឹងធ្វើប្រតិបត្តិការយោធាលើទឹកដីអ៊ុយក្រែន រហូតខ្លួនទទួលបានជោគជ័យ ដើម្បីបំបាត់ហានិភ័យដល់សន្តិសុខរបស់ខ្លួន ខណៈសង្គ្រាមនេះបានអូសបន្លាយអស់រយៈពេល ២២ ខែ ដោយមិនដឹងពីលទ្ធផលឈ្នះ ឬចាញ់នៅឡើយ។
ការអះអាងនេះ បានកើតមានឡើងក្នុងពេលដែល លោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មានក្រោមប្រធានបទទំនាក់ទំនងរវាងរុស្ស៊ីនិងកម្ពុជា ព្រមទាំងប្រធានបទសំខាន់ៗនៃគោលនយោបាយការបរទេសរុស្ស៊ី សម្រាប់តំណាងក្រសួង ស្ថាប័ន មជ្ឈមណ្ឌលវិភាគ និងប្រព័ន្ធផ្សព្វផ្សាយនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២៦ ខែធ្នូឆ្នាំ ២០២៣ ដោយមានអ្នកសារព័ត៌មានក្នុងស្រុកចូលរួមច្រើន ខុសពីសន្នីសីទសារព័ត៌មានដែលត្រូវបានរៀបចំឡើងលើកមុនៗ។
នៅពេលដែលសួរថា តើលោកសង្ឃឹមថា សង្គ្រាមដែលរុស្ស៊ីចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២ នឹងបញ្ចប់ទៅក្នុងពេលឆាប់ៗឬទេ?
លោក អាណាតូលី បូរ៉ូវីក បានឆ្លើយតបថា៖«គោលដៅនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ី គឺការកម្ចាត់លទ្ធិណាស៊ីនិយម និងមូលដ្ឋានយោធានៅប្រទេសអ៊ុយក្រែន ព្រមទាំងការលុបបំបាត់ការគំរាមកំហែងដល់ប្រទេសរបស់យើងពីរបបទីក្រុងកៀវ។ យើងនឹងសម្រេចគោលដៅរបស់ប្រតិបត្តិការយោធាពិសេសនេះ។ ដំណើរការនៃប្រតិបត្តិការយោធានេះ គឺជាសិទ្ធិផ្តាច់មុខរបស់កងទ័ពយើង»។
ក្នុងសន្និសីទសារព័ត៌មានចុងក្រោយក្នុងឆ្នាំ ២០២៣ នេះឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំកម្ពុជា បានព្រាងឯកសារយ៉ាងវែងរៀបរាប់ពីទំនាក់ទំនងរវាងរុស្ស៊ី និងកម្ពុជា ទំនាក់ទំនងរុស្ស៊ី និងអាស៊ានផង សេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំង និងវីរភាពនៃលទ្ធិណាស៊ីនិយមផង ព្រមទាំងវិបត្តិនៅប្រទេសអ៊ុយក្រែនជាទីដែលរុស្ស៊ីកំពុងធ្វើសង្គ្រាមដោយផ្ទាល់ដើម្បីលើកកំហុសដែលបស្ចិមប្រទេសគាំទ្ររដ្ឋាភិបាលអ៊ុយក្រែនបច្ចុប្បន្នដឹកនាំដោយប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេឡេនស្គី។
លើទិដ្ឋភាពទំនាក់ទំនងជាមួយកម្ពុជាដែលងាកទៅគាំទ្រអ៊ុយក្រែនតាមរយៈយន្តការរបស់អង្គការសហប្រជាជាតិដែលទាមទារឱ្យរុស្ស៊ីដកកងទ័ពចេញពីទឹកដីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ និងជាបន្ទាន់ ឯកអគ្គរដ្ឋទូតរុស្ស៊ីបានបំភ្លឺប្រធានបទនៃទំនាក់ទំនងរុស្ស៊ី-កម្ពុជា ដែលមានចាប់តាំងពីឆ្នាំ ១៩៥៦ មកនោះថា រុស្ស៊ីយល់ពីបរិបទអន្តរជាតិ និងគោរពអ្វីដែលកម្ពុជាធ្វើ ប៉ុន្តែសម្រាប់ទំនាក់ទំនងទ្វេភាគីវិញ ប្រទេសទាំង ២ មានការរីកចម្រើនក្នុងអំឡុងពេលនេះ។
ក្នុងវិបត្តិអ៊ុយក្រែន ឯកអគ្គរដ្ឋទូតរុស្ស៊ី បានលើកឡើងថាប្រទេសអ៊ុយក្រែនបានបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេចស្តីពីការប្រយុទ្ធប្រឆាំងនឹងវីរភាពនៃលទ្ធិណាស៊ីនិយមរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។
លោក អាណាតូលី បូរ៉ូវីក ក៏បានចោទអ៊ុយក្រែនថា ពួកគេបន្តតស៊ូប្រឆាំងនឹងមរតកប្រវត្តិសាស្ត្ររបស់ខ្លួន ដោយថ្មីៗនេះនៅទីក្រុងកៀវវិមានឧទ្ទិសដល់នាវិកនៃរថភ្លើងពាសដែកសូវៀត «Taraschanets» ដែលត្រូវបានសាងសង់នៅទីកន្លែងបញ្ចុះសពសមាជិកនាវិកពីសង្គ្រាមស៊ីវិលត្រូវបានកម្ទេចចោល។ ក្នុងអំឡុងពេលចូលកាន់កាប់ទឹកដីអ៊ុយក្រែនសូវៀត ពួកអាល្លឺម៉ង់ក៏ធ្វើដូចគ្នាដែរ៕