នៅយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសទៅលើពួកសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់ក្រុមទាំងនោះដែលបណ្ដាលឱ្យទាហានអាមេរិក៣នាក់រងរបួស។
ការវាយប្រហារគ្នាទៅវិញទៅមកនេះ គឺជាការរីករាលដាលចេញពីសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលបង្កឱ្យមានភាពតានតឹងនៅមជ្ឈិមបូព៌ា និងធ្វើឱ្យទាហានអាមេរិកនៅអ៊ីរ៉ាក់និងស៊ីរីស្ថិតក្នុងស្ថានភាពហានិភ័យខ្លាំង។
ក្រុមសកម្មប្រយុទ្ធនៅអ៊ីរ៉ាក់ និងស៊ីរីដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានបង្ហាញពីជំហរប្រឆាំងនឹងសកម្មភាពរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។
ទន្ទឹមនឹងនេះ ពួកគេបានថ្កោលទោសសហរដ្ឋអាមេរិក ហើយថាអាមេរិកត្រូវចូលរួមទទួលខុសត្រូវជុំវិញបញ្ហានេះមួយផ្នែកផងដែរ។ តាមការបញ្ជារបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) យោធាអាមេរិកបានធ្វើការវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ាក់នៅម៉ោង ១ រំលងអធ្រាត្រ ឈានចូលដល់ថ្ងៃអង្គារ ទី២៦ ម៉ោងនៅអ៊ីរ៉ាក់។
ការវាយប្រហារនេះទំនងជាបានសម្លាប់ពួកសកម្មប្រយុទ្ធ កាទៀប អេបូឡា (Kataib Hezbollah) និងបំផ្លិចបំផ្លាញទីកន្លែងរបស់ពួកគេ។
ការវាយប្រហារតាមអាកាសរបស់អាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់នេះ បានកំណត់គោលដៅទៅលើក្រុមដែលបានវាយប្រហារមកលើកងទ័ពរបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់ឧត្តមសេនីយ លោកអ៊ីរិក គូរីឡា (Erik Kurilla)។ លោកបាននិយាយថា៖ «យើងនឹងចាត់វិធានការឆ្លើយតបវិញ ដើម្បីបញ្ឈប់ការវាយប្រហារនាពេលអនាគត និងការពារកងកម្លាំងសហរដ្ឋអាមេរិក»។
កន្លងមក ក្រុមសកម្មប្រយុទ្ធបានធ្វើការវាយប្រហារទៅលើមូលដ្ឋានទ័ពអាមេរិកជាច្រើនលើកមកហើយ។ ជាក់ស្ដែង កាលពីខែតុលា យន្តហោះគ្មានមនុស្សបើក១គ្រឿង បានហោះចូលទៅក្នុងដែនអាកាសរបស់តំបន់យោធាអាមេរិក ប៉ុន្តែមិនផ្ទុះ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកមិនបានផ្ដល់ព័ត៌មានលម្អិតអំពីអ្នករងរបួស ឬរបៀបដែលយន្តហោះដ្រូននោះបានហោះចូលទៅមូលដ្ឋានទ័ពរបស់ពួកគេនោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានបង្ហាញក្ដីនឹករឭកទៅកាន់ទាហានអាមេរិកដែលរងរបួស ហើយបានសន្យាថានឹងចាត់វិធានការឆ្លើយតបវិញ។ ឥឡូវនេះ លោកប្រធានាធិបតី បៃដិន កំពុងពិចារណាទៅលើមធ្យោបាយប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលត្រូវទទួលខុសត្រូវ ហើយថាការការពារទាហានអាមេរិកគឺជារឿងអាទិភាពបំផុត។
យ៉ាងក៏ដោយ បើទោះបីជាអាមេរិកធ្វើការវាយប្រហារតាមអាកាសរួចហើយក៏ដោយ ក៏គេមិនអាចធានាបានថា ក្រុមសកម្មប្រយុទ្ធទាំងនោះនឹងបញ្ឈប់ការវាយប្រហារលើមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរីនោះដែរ។ គួរដឹងដែរថា ការឈរជើងមូលដ្ឋានទ័ពរបស់អាមេរិកនៅអ៊ីរ៉ាក់ និងស៊ីរី គឺធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ការវិលត្រឡប់មកវិញនូវក្រុមសកម្មប្រយុទ្ធអ៊ិស្លាម។
ចាប់តាំងពីការផ្ទុះសង្គ្រាមនៅអ៊ីស្រាអែល មូលដ្ឋានទ័ពអាមេរិកបានទទួលរងការវាយប្រហាររហូតដល់ទៅជាង ១០០ ដងមកហើយ ដែលជារឿយៗក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់គ្រាប់រ៉ុក្កែត និងយន្តហោះគ្មានមនុស្សបើក។
កាលពីដើមខែធ្នូ ស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ (Baghdad) ប្រទេសអ៊ីរ៉ាក់ បានរងការវាយប្រហារដោយគ្រាប់ផ្លោងជាលើកដំបូងក្នុងរយៈពេលជាង១ឆ្នាំមកនេះ។ ការវាយប្រហារនេះបានកើតឡើងភ្លាមៗបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក អូស្ទីន ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងបញ្ឈប់ក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ពីការពង្រីកសង្គ្រាមអ៊ីស្រាអែលនិងហាម៉ាស់ឱ្យកាន់តែធំ។
ដំណើរទស្សនកិច្ចរបស់លោក អូស្ទីនក៏បានធ្វើឡើងក្នុងគោលបំណងបង្កើតសម្ព័ន្ធភាពជាមួយ ២០ ប្រទេសដើម្បីបង្កើតក្រុមឆ្មាំសមុទ្រ ការពារនាវា និងកប៉ាល់ពាណិជ្ជកម្មនៅតំបន់សមុទ្រក្រហម ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធហ៊ូទីនៅប្រទេសយេម៉ែន។ក្រុមឆ្មាំសមុទ្រនោះត្រូវបានគេដាក់ឈ្មោះថា៖ «ប្រតិបត្តិការការពារភាពរុងរឿង»(Operation Prosperity Guardian)៕