eSIM ដែលត្រូវបានប្រើប្រាស់បង្កប់នៅក្នុងឧបករណ៍អេឡិចត្រូនិក ជាពិសេសទូរស័ព្ទដៃ បានផ្តល់ឱ្យប្រជាជនប៉ាឡេស្ទីននៅតែអាចចូលប្រើអ៊ីនធឺណិត និងរក្សាបណ្តាញទំនាក់ទំនងជាមួយមនុស្សជាទីស្រឡាញ់នៅបរទេស។
ក្នុងសង្គ្រាមជិត៣ខែកន្លងមកនេះ តំបន់ហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន រងការបាញ់ប្រហារយ៉ាងខ្លាំង និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី ដាច់អ៊ីនធឺណិត ប៉ុន្តែដំណោះស្រាយរស់ពួកគេគឺប្រើប្រាស់eSIM។
ទីភ្នាក់ងារព័ត៌មាន AFP បានផ្សាយថា លោក Hani al-Shaerអ្នកកាសែតក្នុងស្រុកដែលពឹងផ្អែកលើកាត eSIMដើម្បីធ្វើការផ្សាយផ្ទាល់របស់គាត់បាននិយាយថា៖«បើគ្មានeSIMទេ យើងនឹងត្រូវកាត់ចេញពីពិភពលោក»។
លោកបានបន្ថែមថា៖«ហើយគ្មាននរណាម្នាក់អាចដឹងពីអ្វីដែលកំពុងកើតឡើងនៅក្នុងហ្គាហ្សានោះទេ» ខណៈពេលដែលទឹកដីដែលត្រូវបានឡោមព័ទ្ធកាលពីថ្ងៃទី២៦ខែធ្នូបានពើបប្រទះនូវបទពិសោធន៍ចុងក្រោយបង្អស់នៃការកាត់ផ្តាច់ទូរគមនាគមន៍ជាបន្តបន្ទាប់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
សង្គ្រាមបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី៧ខែតុលាបានសម្លាប់មនុស្សប្រហែល ១១៤០នាក់នៅក្នុងប្រទេសអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបរបស់ AFP ដោយផ្អែកលើតួលេខផ្លូវការចុងក្រោយរបស់អ៊ីស្រាអែល។
ដោយប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាស់ អ៊ីស្រាអែលបានដឹកនាំយុទ្ធនាការផ្លូវអាកាស និងផ្លូវគោកទ្រង់ទ្រាយធំមិនធ្លាប់មានប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនដើម្បីជាការសងសឹក។
ការវាយលុកនេះបានធ្វើឱ្យតំបន់ដ៏ធំនៃតំបន់ហ្គាហ្សាស្ថិតក្នុងការបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០៩១៥នាក់ដែលភាគច្រើនជាស្ត្រី និងកុមារ។ នេះបើយោងតាមក្រសួងសុខាភិបាលនៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាស់។
អង្គការឃ្លាំមើលសិទិ្ធមនុស្សបានព្រមានថា ការរំខានតាមទូរស័ព្ទ និងអ៊ីនធឺណិតនៅក្នុងតំបន់ហ្គាហ្សាអាច«ផ្តល់នូវការបិទបាំងសម្រាប់អំពើឃោរឃៅ និងបង្កឱ្យមាននិទ្ទណ្ឌភាព ខណៈពេលដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងធ្វើឱ្យមានគ្រោះថ្នាក់ដល់ជីវិត»។
គំនិតនៅពីក្រោយ eSIMគឺសាមញ្ញ៖ វាជាកម្មវិធីនៃបន្ទះឈីបដែលត្រូវបានបញ្ចូលទៅក្នុងទូរស័ព្ទ ដើម្បីភ្ជាប់ទៅបណ្តាញកោសិកា និងអ៊ីនធឺណិត។
បង្កប់ដោយផ្ទាល់ទៅក្នុងឧបករណ៍ ពួកវាអាចដំណើរការបានដោយប្រើកូដ QR ដែលអ្នករស់នៅហ្គាហ្សាទទួលបានពីសមាជិកគ្រួសារដែលរស់នៅក្រៅប្រទេស។
បន្ទាប់មកអ្នកស្រុកហ្គាហ្សាអាចភ្ជាប់ក្នុងរបៀបរ៉ូមីង(Roaming) ទៅកាន់បណ្តាញបរទេស ដែលជារឿយៗជាជនជាតិអ៊ីស្រាអែល ឬជួនកាលជាជនជាតិអេហ្ស៊ីប។
អ្នកស្រី Samar Labadបាននិយាយថា eSIMគឺជាអំណោយដ៏ថ្លៃថ្លាមួយ។
ស្ត្រីអាយុ៣៨ឆ្នាំរូបនេះបានភៀសខ្លួនចេញពីផ្ទះរបស់នាងក្នុងទីក្រុងហ្គាហ្សាភាគខាងត្បូង ជាកន្លែងដែលជនភៀសខ្លួនប៉ាឡេស្ទីនរាប់ម៉ឺននាក់កំពុងរស់នៅក្នុងជំរំបណ្តោះអាសន្ន។
ឥឡូវនេះនាងកំពុងស្ថិតនៅជិតច្រកព្រំដែន Rafahជាមួយអេហ្ស៊ីប នាងបានបាត់បង់ទំនាក់ទំនងជាមួយគ្រួសាររបស់នាងអស់រយៈពេលជាង១សប្តាហ៍។ ប៉ុន្តែបន្ទាប់មកបងប្រុសរបស់នាង ដែលរស់នៅប្រទេសបែលហ្ស៊ិក បានផ្ញើ eSIMដល់នាង។
នាងបាននិយាយថា៖«ការតភ្ជាប់មិនមានស្ថិរភាពទេ។ យ៉ាងហោចណាស់យើងអាចរក្សាទំនាក់ទំនងដើម្បីធានាដល់គ្នាទៅវិញទៅមក ទោះបីជាមានការរំខានក៏ដោយ»។
នាងក៏មានសមាជិកក្រុមគ្រួសារជាទីស្រឡាញ់នៅទីក្រុងKhan Yunis ភាគខាងត្បូងហ្គាហ្សាដែលកំពុងរងការវាយប្រហារផងដែរ។
នាងបាននិយាយថា៖«ខ្ញុំរកឃើញពីរបៀបដែលពួកគេកំពុងធ្វើពីអ្នកដែលរស់នៅជាមួយពួកគេដែលទូរស័ព្ទរបស់ពួកគេអាចប្រើ eSIMបាន។
សេវាកម្មមានតែនៅតំបន់ក្បែរព្រំដែនជាមួយអ៊ីស្រាអែលប៉ុណ្ណោះ។ បើមិនដូច្នោះទេ អ្នកត្រូវឡើងទៅលើដំបូល ដើម្បីចាប់សញ្ញា៕