ទីក្រុងចំនួន២ នៅភាគពាយ័ព្យនៃប្រទេសចិន រួមមានក្រុង Xian និងក្រុង Yinchuan បានណែនាំឱ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដាក់កម្រិតផលិតកម្មឧស្សាហកម្មធុនធ្ងន់ និងផ្អាកការកែច្នៃធ្យូងថ្ម ដោយព្រមានពីការបំពុលបរិយាកាសខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះដែលនឹងមានអ័ព្ទក្រាសខ្លាំង។នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ក្រុមសង្កេតការណ៍ឧតុនិយមកណ្តាលរបស់ប្រទេសចិន បានព្យាករណ៍ពីអ័ព្ទដ៏ក្រាស់សម្រាប់ភាគខាងជើង និងខាងកើតរបស់ប្រទេស ចាប់ពីដើមថ្ងៃព្រហស្បតិ៍ ទី២៨ ខែធ្នូ ដល់ថ្ងៃសៅរ៍ មុនពេលរលកធាតុអាកាសត្រជាក់ចូលមកដល់នៅរសៀលថ្ងៃសៅរ៍ ដែលនឹងរំសាយអ័ព្ទខ្លាំង។
ក្រុមដដែលបាន ព្រមានឱ្យអ្នកដែលមានជំងឺផ្លូវដង្ហើម និងសរសៃឈាមបេះដូង មានការប្រុងប្រយ័ត្ន ដោយសារតែការបំពុលភាគច្រើនកើតឡើងដោយសារភាគល្អិតតូចៗអាចចូលជ្រៅទៅក្នុងសួត និងសូម្បីតែចរន្តឈាម។
នៅទីក្រុង Xian ដែលជាទីរួមខេត្តShaanxi អាជ្ញាធរបានចេញការប្រកាសអាសន្នពណ៌ក្រហមនៅថ្ងៃពុធនេះ ដោយរំពឹងថានឹងមានការបំពុលធ្ងន់ធ្ងររហូតដល់ថ្ងៃសុក្រ ហើយបានអនុវត្តវិធានការបន្ទាន់ជាកាតព្វកិច្ច ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន រួមទាំងការស្នើសុំឱ្យសាធារណជនប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ និងក្រុមហ៊ុននានាឱ្យអនុញ្ញាតឱ្យមានការរៀបចំការងារពីចម្ងាយ។
ទូរទស្សន៍រដ្ឋចិន CCTV បានផ្សាយថា ទីក្រុង Xian បានស្នើសុំឱ្យក្រុមហ៊ុន ស្ថាប័ន និងការដ្ឋានសំណង់ដែលបញ្ចេញការបំពុលកែសម្រួលកាលវិភាគផលិតកម្ម និងកាត់បន្ថយការបំភាយឧស្ម័នយ៉ាងសកម្ម។
ចំណែកឯក្រុង Yinchuan ដែលជាទីរួមតំបន់ Ningxia វិញ បានអនុវត្តវិធានការកាត់បន្ថយការបំភាយឧស្ម័នពុលជាង ២០ ភាគរយចាប់តាំងពីរសៀលថ្ងៃអង្គារ ខណៈធានាឱ្យសហគ្រាសបន្តលក្ខខណ្ឌប្រតិបត្តិការធម្មតា។
រូបថតពីសេវាកម្មព័ត៌មានចិនបានបង្ហាញថា ការបំពុលកម្រិតមធ្យមរំពឹងថានឹងមានរហូតដល់ថ្ងៃសុក្រនៅក្នុងទីក្រុងYinchuan ដែលគ្របដណ្តប់ទៅដោយបរិយាកាសពណ៌ប្រផេះ ហើយការបំពុលអាចនឹងឈានដល់កម្រិតធ្ងន់ធ្ងរនៅថ្ងៃព្រហស្បតិ៍។
ទីក្រុងនេះ បានស្វែងរកការកាត់បន្ថយ ឬផ្អាកការផលិតឧស្សាហកម្មធុនធ្ងន់ និងពង្រឹងការគ្រប់គ្រងការបំពុលចេញពីឧស្សាហកម្មសំខាន់ៗដូចជា ស្ថានីយ៍ថាមពល និងរោងចក្រគីមីឥន្ធនៈ គីមី លោហធាតុ និងស៊ីម៉ងត៍ជាដើម។
ទាំងអាជ្ញាធរនៃក្រុងXian និងក្រុង Yinchuan បានបញ្ឈប់ប្រតិបត្តិការគាស់កាយដី និងរុះរើសំណង់នៅកន្លែងសាងសាងភាគច្រើន និងផ្អាកការបាញ់ថ្នាំ និងការលាបពណ៌ការផលិត និងការដឹកជញ្ជូនសម្ភារភាគច្រើនដែលប្រើឡានដឹកទំនិញធុនធ្ងន់ នៅរោងចក្របេតុង កន្លែងកែច្នៃធ្យូងថ្មកន្លែងកាប់ថ្ម និងជីកយករ៉ែជាដើម។
មិនត្រឹមតែប៉ុណ្ណេះ ទីក្រុងទាំង២បានពង្រីកការរឹតបន្តឹងលើការប្រើប្រាស់យានជំនិះដែលបញ្ចេញឧស្ម័នខ្ពស់ រួមទាំងរថយន្តម៉ាស៊ូត និងបានណែនាំប្រជាជនឱ្យជៀសវាងការទុកយានយន្តរបស់ពួកគេចោល៕