អាជ្ញាធរបាននិយាយថា ការផ្ទុះមួយបានកើតឡើងនៅជិតស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងញូវដែលី កាលពីល្ងាចថ្ងៃអង្គារ ប៉ុន្តែមិនបង្កការរបួសស្នាមដល់បុគ្គលិកណាម្នាក់នោះទេ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អ្នកនាំពាក្យស្ថានទូតអ៊ីស្រាអែល លោក Guy Nir បានប្រាប់រ៉យទ័រថា៖«យើងអាចបញ្ជាក់បានថា នៅម៉ោងប្រហែល ៥ និង២០ នាទី ល្ងាច (ម៉ោងក្នុងតំបន់) មានការផ្ទុះមួយនៅជិតស្ថានទូត»។ លោកបន្ថែមថា ប៉ូលិសក្នុងតំបន់ និងក្រុមសន្តិសុខកំពុងស៊ើបអង្កេតឧប្បត្តិហេតុនេះ។
ក្រសួងការបរទេសអ៊ីស្រាអែល បាននិយាយថា បុគ្គលិកទាំងអស់មិនមានរបួសទេ ក្រោយការផ្ទុះ ហើយអាជ្ញាធរអ៊ីស្រាអែលកំពុងសហការជាមួយសមភាគីឥណ្ឌា ដើម្បីរកមើលមូលហេតុនៃការផ្ទុះនេះ។
មន្ត្រីពន្លត់អគ្គិភ័យជាន់ខ្ពស់ឥណ្ឌា លោក Atul Garg បានប្រាប់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌា ANI ថា សេវាពន្លត់អគ្គិភ័យរបស់ក្រុង មិនទាន់រកឃើញតម្រុយអ្វីនៅឡើយទេ។
យ៉ាងណាមិញ បណ្តាញព័ត៌មានឥណ្ឌាបានផ្សាយថា លិខិតមួយដែលផ្ញើទៅកាន់ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ត្រូវបានគេរកឃើញនៅជិតកន្លែងកើតហេតុនោះ។ សារព័ត៌មាន Indian Express បានរាយការណ៍ថា លិខិតនោះមានសរសេរពាក្យធ្ងន់ៗ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមនោះទេ ហើយថាក្រុមអ្នកស៊ើបអង្កេត កំពុងធ្វើការដើម្បីរកឱ្យឃើញ ថាតើលិខិតនោះមានការជាប់ទាក់ទងគ្នានឹងការផ្ទុះដែរឬយ៉ាងណា?
មិនមានការសន្និដ្ឋានណាមួយភ្លាមៗនោះទេជុំវិញការផ្ទុះចុងក្រោយ ប៉ុន្តែភាពតានតឹងពាក់ព័ន្ធនឹងអ៊ីស្រាអែលកំពុងកើនឡើង ដោយសារតែសង្រ្គាមនៅមជ្ឈិមបូព៌ា។ នាវាដឹកជញ្ជូនពាក់ព័ន្ធនឹងអ៊ីស្រាអែលនៅសមុទ្រក្រហម និងសមុទ្រអារ៉ាប់ក្បែរឆ្នេរឥណ្ឌា បានក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ និងក្រុមសកម្មប្រយុទ្ធហ៊ូធីនៅប្រទេសយេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់។
ក្នុងខែមករា ឆ្នាំ២០២១ គ្រាប់បែកតូចមួយបានផ្ទុះនៅជិតស្ថានទូតអ៊ីស្រាអែលប្រចាំក្រុងញូវដែលី ដោយមិនបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ប៉ុន្តែមន្ត្រីអ៊ីស្រាអែលម្នាក់បាននិយាយថា អ៊ីស្រាអែលចាត់ទុកការបំផ្ទុះនោះ ថាជាឧបទ្ទវហេតុភេរវជន។
តាមសារព័ត៌មានអ៊ីស្រាអែល The Times of Israel ប្រទេសឥណ្ឌាកាលនោះបានអះអាងថា វាជាការវាយប្រហារដែលរៀបចំដោយកងកម្លាំង Quds នៃកងឆ្មាំបដិវត្តន៍អ៊ិស្លាមអ៊ីរ៉ង់ (IRGC) ដែលជាសត្រូវដ៏បំផុតមួយរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។
កាលពីខែកុម្ភៈ ឆ្នាំ២០១២ ភរិយារបស់អនុព័ន្ធយោធាអ៊ីស្រាអែល បានរងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកលើរថយន្តក្នុងក្រុងញូវដែលី។ ប៉ូលិសឥណ្ឌាបានសន្និដ្ឋានថា IRGC ជាអ្នកនៅពីក្រោយខ្នងនាពេលនោះ ដែលវាជាការប៉ុនប៉ងវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងគោលដៅអ៊ីស្រាអែលជុំវិញពិភពលោក ពីសំណាក់អ៊ីរ៉ង់។
ការផ្ទុះក្បែរស្ថានទូតអ៊ីស្រាអែលនៅឥណ្ឌាកាលពីថ្ងៃអង្គារ កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា មន្ត្រីជាន់ខ្ពស់ IRGC ម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅរដ្ឋធានីដាម៉ាស់ នៃប្រទេសស៊ីរី។ ប្រធានាធិបតីអ៊ីរ៉ង់ លោក អេប្រាហ៊ីម រ៉ៃស៊ី បានប្តេជ្ញាថា អ៊ីស្រាអែល «នឹងត្រូវតែសងចំពោះឧក្រិដ្ឋកម្មនេះ»៕