រុស្ស៊ីដែលបានបើកការវាយលុកដោយយោធាចូលប្រទេសអ៊ុយក្រែន កាលពីដើមឆ្នាំ ២០២២ មានផែនការដាក់ពង្រាយកាំភ្លើងផ្លោង (howitzers) ផលិតថ្មីបំផុតដែលបាញ់បានចម្ងាយ ៧០ គីឡូម៉ែត្រនៅតាមព្រំដែនភាគខាងជើង។
យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ប្រធានក្រុមការពារជាតិរដ្ឋ Rostec បាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃពុធថា ប្រទេសរុស្ស៊ីនឹងដាក់ពង្រាយប្រភេទកាំភ្លើងផ្លោង (howitzers) ផលិតថ្មីបំផុតរបស់ខ្លួនទៅកាន់តំបន់យោធាភាគខាងជើងដែលមានព្រំប្រទល់ជាប់ប្រទេសហ្វាំងឡង់ និងន័រវែស។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ី បានផ្សាយថា លោក Sergei Chemezov ប្រធានរដ្ឋ Rostec និយាយថា ការសាកល្បងកាំភ្លើងធំប្រភេទថ្មីដែលបាញ់ដោយស្វ័យប្រវត្តិ Coalition-SV ត្រូវបានបញ្ចប់ ហើយការផលិតដ៏ច្រើនរបស់ពួកគេបានចាប់ផ្តើមរួចហើយ។ ការបំពាក់អាវុធនេះនឹងត្រូវរៀបចំឡើងនៅចុងឆ្នាំ ២០២៣ នេះ។
រុស្ស៊ីធ្លាប់បានព្រមានហ្វាំងឡង់ក្នុងដំណាក់កាលដំបូងក្រោយសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើង ហើយងាកទៅរកចូលរួមជាមួយអង្គការប្រដាប់អាវុធណាតូ ដោយនិយាយថា ពួកគេនឹងជួប «ផលវិបាកផ្នែកយោធា និងនយោបាយ» នៃសកម្មភាពចូលណាតូ ហើយការចូលសមាជិកណាតូរបស់ប្រទេសទាំង ២ នោះ តម្រូវឱ្យរុស្ស៊ី «ស្តារតុល្យភាពយោធា» ដោយពង្រឹងការការពាររបស់ខ្លួននៅក្នុងតំបន់សមុទ្របាល់ទិក រួមទាំងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ។ នេះផ្អែកតាមខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយកាលពីខែមិថុនា ឆ្នាំ ២០២២ ក្នុងដំណាក់កាលដែលហ្វាំងឡង់ និងស៊ុយអែតទើបដាក់ពាក្យស្នើសុំចូលណាតូ។
លោក Chemezov បាននិយាយថា៖«ខ្ញុំគិតថា អាវុធថ្មីនឹងបង្ហាញខ្លួននៅទីនោះ (នៅក្នុងតំបន់យោធាភាគខាងជើង) ក្នុងពេលឆាប់ៗនេះ ដោយសារអ្នកបាញ់កាំភ្លើងប្រភេទនេះត្រូវការជាចាំបាច់ ដើម្បីមានប្រៀបជាងគំរូកាំភ្លើងធំលោកខាងលិចទាក់ទងនឹងការបាញ់កាំជ្រួចហ្វូង»។
យោងតាមរ៉យទ័រ នៅឆ្នាំ ២០២១ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានផ្លាស់ប្តូរស្ថានភាពនៃកងនាវាចរណ៍ខាងជើងរបស់រុស្ស៊ី ដែលតំបន់ទទួលខុសត្រូវចម្បង គឺតំបន់អាក់ទិករបស់រុស្ស៊ី ទៅជាស្រុកយោធាភាគខាងជើង ដោយបញ្ចូលទៅក្នុងនោះផងដែរ តំបន់ Murmansk ដែលមានព្រំប្រទល់ជាមួយប្រទេសហ្វាំងឡង់ និងន័រវែស។
ចាប់តាំងពីការចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំនៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ទីក្រុងម៉ូស្គូបានចោទប្រកាន់ «បស្ចិមប្រទេស» រួមកម្លាំងគ្នាដើម្បីប្រឆាំងខ្លួន ហើយបានព្រមានថាទីក្រុងម៉ូស្គូនឹងបង្កើតកងកម្លាំងនៅព្រំដែនភាគខាងលិចរបស់ខ្លួនបន្ទាប់ពីការចូលជាសមាជិករបស់ហ្វាំងឡង់ទៅក្នុងសម្ព័ន្ធមិត្តណាតូដែលដឹកនាំដោយ សហរដ្ឋអាមេរិក។
ទោះបីប្រឈមការព្រមានពីរុស្ស៊ី ទីបំផុតស៊ុយអែត និងហ្វាំងឡង់បានក្លាយជាសមាជិកណាតូពេញសិទ្ធិ៕