ខណៈការបោះឆ្នោតប្រធានាធិបតីខិតកាន់តែកៀក កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៣ មេដឹកនាំជួរមុខរបស់គណបក្សកាន់អំណាចនៅតៃវ៉ាន់ ដែលជាបេក្ខជនប្រធានាធិបតីនៅអាណត្តិបន្ទាប់បានចោទប្រកាន់គណបក្សប្រឆាំងថា បានបោះបង់ចោលផ្នត់គំនិតប្រឆាំងកុម្មុយនីស្ត និងងាកទៅគាំទ្រចិនជ្រុលហួសហេតុ។
ការចោទប្រកាន់ខ្លាំងៗនេះកើតមានឡើងនៅមុនពេលដែលថ្ងៃបោះឆ្នោតនឹងមកដល់ក្នុងរយៈពេលប្រហែល ២ សប្តាហ៍ខាងមុខនេះ និងជាព្រឹតិ្តការណ៍បោះឆ្នោតដែលឥទ្ធិពលរបស់ប្រទេសចិនត្រូវបានគេផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងបរិបទពិភពលោកកំពុងប្រឈមការប្រែប្រួលភូមិសាស្ត្រ។
អនុប្រធានាធិបតីនៃគណបក្សកាន់អំណាច លោក ឡៃ ឈិង តេ (Lai Chingte) ដែលឈរឈ្មោះជាប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) បានលើកឡើងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយថា គណបក្សគួមីនតាំង (KMT) ធ្លាប់បានដឹកនាំប្រឆាំងនឹងរបបកុម្មុយនីស្តចិន ប៉ុន្តែឥឡូវនេះមេដឹកនាំរបស់គណបក្សនេះមិនត្រឹមតែបរាជ័យក្នុងការបន្តប្រឆាំងចិនកុម្មុយនីស្ដប៉ុណ្ណោះទេ ផ្ទុយទៅវិញ ពួកគេថែមទាំងនាំគ្នាគាំទ្រកុម្មុយនីស្តចិនកាន់តែខ្លាំងឡើង។
ការបោះឆ្នោតប្រធានាធិបតី និងសភានៅតៃវ៉ាន់នៅថ្ងៃទី ១៣ ខែមករា ខាងមុខនេះធ្វើឡើង ខណៈពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធទាំងយោធា និងនយោបាយ ដើម្បីទាមទារសិទ្ធិអំណាច ចង់គ្រប់គ្រងលើកោះតៃវ៉ាន់។ បន្ថែមលើនេះ ប្រទេសចិនបានចាត់ទុក លោកឡៃ ថាជាអ្នកបំបែកខ្លួននិយមដ៏គ្រោះថ្នាក់ ហើយថា ការបោះឆ្នោតនៅតៃវ៉ាន់ គឺជាការសម្រេចចិត្តរវាងសង្គ្រាម និងសន្តិភាព។
លោក ឡៃ បាននិយាយថា៖ «នៅពេលណាដែលមានការបោះឆ្នោតនៅតៃវ៉ាន់ ចិនតែងតែព្យាយាមជ្រៀតជ្រែក ដោយមានបំណងគាំទ្រគណបក្សដែលមានទំនោរគាំទ្រខ្លួន»។
ការថ្លែងបែបនេះ ធ្វើឡើងនៅខណៈពេលដែលលោកកំពុងឈរក្បែរបេក្ខជនប្រធានាធិបតី មកពីគណបក្ស គួមីនតាំង លោក ហ៊ូ យូអ៊ី (Hou Yuih)។
លោក ឡៃ បានសរសើរអតីតប្រធានាធិបតីតៃវ៉ាន់ លោក ជាង ឈិងគួ (Chiang Chingkuo) ដែលត្រូវជាកូនប្រុសរបស់ លោក ជាង កៃជាក ថា លោកតែងតែប្រឆាំងដាច់ខាតជាមួយកុម្មុយនីស្តចិន។
លោកបានបន្ថែមថា នៅពេលដែលចិនគំរាមកំហែងតៃវ៉ាន់ បែរជាមេដឹកនាំមកពីគណបក្សគួមីនតាំង ដូចជាអតីតប្រធានាធិបតី ម៉ា យីងជូ (Ma Yingjeou) ជាដើម មកបន្ទោសថា តៃវ៉ាន់ជាអ្នករករឿងចិនទៅវិញ។
លោក ឡៃ ថ្លែងថា៖ «ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាក្នុងប្រទេសសម្រេចចិត្ត ថាតើគណបក្សគួមីនតាំង កំពុងដើរតាមគន្លងរបស់លោក ឈិងគួ ដែរឬទេ?»។
រីឯប្រទេសចិនវិញ បានចាត់ទុកការបោះឆ្នោតនៅតៃវ៉ាន់ថា ជាកង្វល់របស់ខ្លួន ហើយថា ការចោទប្រកាន់ពីការជ្រៀតជ្រែករបស់ចិនចូលទៅក្នុងការបោះឆ្នោត គឺជាយុទ្ធសាស្ត្ររបស់គណបក្ស DPP ដើម្បីទទួលបានសំឡេងឆ្នោតតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លោក ហ៊ូ បានប្រាប់អ្នកសារព័ត៌មានថា លោកសូមថ្កោលទោសអ្វីដែលជាការចោទប្រកាន់មិនពិត និងការប៉ុនប៉ងលាបពណ៌ តាមរយៈការផ្សារភ្ជាប់គណបក្សគួមីនតាំង ទៅនឹងពណ៌ក្រហម ដែលជានិមិត្តសញ្ញានៃគណបក្សកុម្មុយនីស្តចិន។
កន្លងមក គណបក្សគួមីនតាំង តែងតែចូលចិត្តមានទំនាក់ទំនងល្អជាមួយប្រទេសចិន ប៉ុន្តែបដិសេធចំពោះការចោទប្រកាន់ថា គាំទ្រចិន៕