និយតករថាមពលនុយក្លេអ៊ែររបស់ជប៉ុន នៅថ្ងៃពុធទី ២៧ ខែធ្នូនេះ បានលុបចោលការហាមឃាត់ប្រតិបត្តិការដែលដាក់លើរោងចក្រថាមពល Kashiwazaki-Kariwa របស់ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនី Tokyo Electric Power (Tepco) កាលពី ២ ឆ្នាំមុន។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ (NRA) បានលើកឡើងពីភាពប្រសើរឡើងនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ដោយបានដកបញ្ជា ដែលរារាំងក្រុមហ៊ុន Tepco ពីការដឹកជញ្ជូនឥន្ធនៈអ៊ុយរ៉ានីញ៉ូមថ្មីទៅកាន់រោងចក្រ ឬផ្ទុកកំណាត់ឥន្ធនៈចូលទៅក្នុងម៉ាស៊ីនរ៉េអាក់ទ័ររបស់រោងចក្រ Kashiwazaki-Kariwa។ ការលុបចោលនេះ គឺជាការជម្រះផ្លូវសម្រាប់ឱ្យរោងចក្រថាមពល នុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បើកដំណើរការឡើងវិញ។
កន្លងមក Tepco បានខ្នះខ្នែងក្នុងការបើករោងចក្រថាមពល Kashiwazaki-Kariwa ឡើងវិញ ដើម្បីកាត់បន្ថយការចំណាយប្រតិបត្តិការ ប៉ុន្តែការណ៍នេះត្រូវមានការយល់ព្រមពីអាជ្ញាធរមូលដ្ឋានក្នុងខេត្តNiigata លើឆ្នេរសមុទ្រជប៉ុន។
រោងចក្រ Kashiwazaki-Kariwa ដែលមានសមត្ថភាពផលិតថាមពលកម្លាំង ៨ ២១២ មេហ្គាវ៉ាត់ (MW) បានផ្អាកដំណើរការចាប់តាំងពីឆ្នាំ ២០១១ ពោលគឺនៅពេលដែលគ្រោះមហន្តរាយហ្វូគូហ្ស៊ីម៉ាបានជំរុញឱ្យមានការបិទរោងចក្រថាមពលនុយក្លេអ៊ែរទាំងអស់នៅក្នុងប្រទេសជប៉ុនអំឡុងពេលនោះ។
ក្នុងឆ្នាំ ២០២១ NRA បានហាមឃាត់ក្រុមហ៊ុន Tepco មិនឱ្យធ្វើប្រតិបត្តិការនៅរោងចក្រ Kashiwazaki-Kariwa ដែលជាស្ថានីយថាមពលនុយក្លេអ៊ែរអាចដំណើរការបានតែ ១ គត់របស់ក្រុមហ៊ុន។
កាលនោះ NRA បានលើកឡើងពីការរំលោភលើសុវត្ថិភាព រួមទាំងការបរាជ័យក្នុងការការពារសម្ភារនុយក្លេអ៊ែរ និងកំហុសឆ្គងដែលនាំឱ្យសមាជិកបុគ្គលិកដែលគ្មានការអនុញ្ញាត ចូលទៅកាន់តំបន់រសើបនៃរោងចក្រជាដើម។
នៅពេលដែលពិភពលោកធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាមចាប់តាំងពីរុស្ស៊ីធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ២០២២ វិស័យថាមពលបានធ្លាក់ចូលទៅក្នុងស្ថានភាពមិនច្បាស់លាស់ គ្មានស្ថិរភាព ដោយសារតែប្រទេសផ្គត់ផ្គង់ថាមពលឥន្ធនៈរុស្ស៊ី រងទណ្ឌកម្មយ៉ាងដំណំ។ វិស័យថាមពលស៊ីវិល ជាពិសេសថាមពលនុយក្លេអ៊ែរបានស្ថិតក្នុងរ៉ាដានៃការអភិវឌ្ឍរបស់ប្រទេសរីកចម្រើន៕