ប្រធានាធិបតីវៀតណាម លោក Vo Van Thuong កាលពីថ្ងៃពុធ បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ដែលកាត់បន្ថយទោសប្រហារជីវិតមកត្រឹមជាទោសជាប់ពន្ធនាគារអស់មួយជីវិតវិញ សម្រាប់អ្នកទោសចំនួន ១៨ នាក់ ដែលបានដាក់ញត្តិស្នើសុំការបន្ធូរបន្ថយទោស។ នេះបើតាមការចុះផ្សាយរបស់កាសែត VnEpress។
ការសម្រេចនេះ ធ្វើឡើងដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ ហើយតាមសំណើរបស់ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលនិងប្រធានការិយាល័យប្រធានាធិបតីវៀតណាម។
យោងតាមការិយាល័យប្រធានាធិបតី ការសម្រេចចិត្តនេះបង្ហាញពីក្ដីមេត្តា និងគោលនយោបាយមនុស្សធម៌របស់បក្សកុម្មុយនិស្ត និងរដ្ឋវៀតណាម ចំពោះមនុស្សដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ផ្តល់ឱកាសឱ្យពួកគេអាចជួបក្រុមគ្រួសារ និងសហគមន៍វិញ។
កាលពីចុងខែសីហា លោកប្រធានាធិបតី Vo Van Thuong បានធ្វើការសម្រេចចិត្តស្រដៀងគ្នានេះចំពោះអ្នកទោស ១១ នាក់រួមម្ដងមកហើយដើម្បីជាផ្នែកមួយនៃការប្រារព្ធបុណ្យឯករាជ្យជាតិវៀតណាម ថ្ងៃទី ២ ខែកញ្ញា។
ក្រមព្រហ្មទណ្ឌរបស់ប្រទេសវៀតណាមបានចែងថា បុគ្គលដែលរងការកាត់ទោសប្រហារជីវិត អាចដាក់ញត្តិស្នើសុំការបន្ធូរបន្ថយទោស មកត្រឹមជាការជាប់ពន្ធនាគារអស់មួយជីវិតវិញ ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ពីសាលក្រមរបស់តុលាការចូលជាធរមាន៕