ក្រោយការវាយឆ្មក់របស់ក្រុមឧទ្ទាមហ៊ូធី (Houthi) ទៅលើកប៉ាល់ដឹកទំនិញដែលឆ្លងកាត់សមុទ្រក្រហម និងសមុទ្រមេឌីទែរ៉ាណេប៉ុន្មានសប្ដាហ៍កន្លងមកនេះ សហភាពអឺរ៉ុប ក៏ដូចជាអាមេរិក បាននិងកំពុង រិះរកដំណោះស្រាយដើម្បីទប់ទល់។
ក្នុងនោះ សហរដ្ឋអាមេរិកបានប្រកាសបង្កើតក្រុមការងារកងទ័ពជើងទឹករួមមួយជាមួយប្រទេសប្រមាណ១០ផ្សេងទៀត ដើម្បីចេញសកម្មភាពយាមល្បាតដែនទឹក។ ក្នុងចំណោមប្រទេសទាំង១០ នោះ ក៏មានវត្តមានរបស់អេស្បាញផងដែរ ខណៈដែលប្រទេសនេះកំពុងបង្ហាញការមិនសប្បាយចិត្ត ចំពោះអាមេរិកដែលមិនបានជូនដំណឹងដល់ខ្លួនជាមុន។
ការបង្ហាញមិនសប្បាយចិត្តនេះ ព្រោះអេស្បាញបដិសេដមិនធ្វើសកម្មភាពឯកតោភាគីនោះទេ ប៉ុន្តែអាចធ្វើបានក្នុងក្របខ័ណ្ឌរួមជាមួយសហភាពអឺរ៉ុប និងអង្គការណាតូ។
ការណ៍នេះបាននាំឱ្យនាយករដ្ឋមន្ត្រីអេស្បាញ លោក Pedro Sanchez កាលពីថ្ងៃទី២៧ ខែធ្នូ បានអះអាងថា ប្រទេសអេស្បាញជំទាស់នឹងការប្រើប្រាស់កងកម្លាំងទ័ពជើងទឹក ក្នុងការប្រឆាំងនឹងក្រុមហ៊ូធី ហើយថា ខ្លួនកំពុងពិចារណាបង្កើតបេសកម្មផ្សេងដើម្បីដោះស្រាយបញ្ហានេះ។
លោក Sanchez បាននិយាយយ៉ាងដូច្នេះថា៖ «យើងមានឆន្ទៈ នឹងបើកចំហដើម្បីពិចារណាប្រតិបត្តិការបែបនេះ ប៉ុន្តែមិនមែននៅក្នុងក្របខ័ណ្ឌដែលយើងអាចយកកងកម្លាំងសហភាពអឺរ៉ុប (Operation Atalanta) មកធ្វើប្រតិបត្តិការនោះទេ»។
លោកនាយករដ្ឋមន្ត្រីបានបន្តដែរថា ស្ថានភាពនៅសមុទ្រក្រហមគឺ ខុសគ្នាទាំងស្រុង ពីតំបន់ប្រតិបត្តិការរបស់កងកម្លាំងសហភាពអឺរ៉ុបដែលកាន់កាប់លើដែនទឹក នៃមហាសមុទ្រឥណ្ឌា។
ដោយឡែក ប្រតិបត្តិការ Operation Atalanta សំដៅលើកងកម្លាំងជើងទឹកសហភាពអឺរ៉ុប ដែលជាប្រតិបត្តិការយោធាដើម្បីការពារដែនទឹកនៅភាគខាងលើនៃទ្វីបអាហ្វ្រីក និងមហាសមុទ្រឥណ្ឌាភាគខាងលិច។
ចាប់តាំងពីឆ្នាំ ២០១៩ មក ទីស្នាក់ការកណ្តាលរបស់ Operation Atalanta បានប្លាស់ពីទីក្រុងឡុងដ៍ទៅកាន់តំបន់ Naval Station Rota (NAVSTA Rota) ក្នុងប្រទេសអេស្ប៉ាញ បន្ទាប់ពីអង់គ្លេសដកខ្លួន ចេញពីសហភាពអឺរ៉ុប។
ក្រុមហ៊ូធី គាំទ្រដោយអ៊ីរ៉ង់ ដែលគ្រប់គ្រងភាគច្រើននៃប្រទេសយេម៉ែន រួមទាំងរដ្ឋធានី Sanaa ចាប់តាំងពីឆ្នាំ ២០១៤ បានវាយប្រហារកប៉ាល់ពាណិជ្ជកម្មនៅសមុទ្រក្រហម ដែលពួកគេចោទប្រកាន់ថាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឬកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល។
មិនត្រឹមតែប៉ុណ្ណោះ ក្រុមដដែលនេះ បានឱ្យដឹងទៀតថា ពួកគេនឹងបន្តការវាយប្រហាររហូតដល់អ៊ីស្រាអែលបញ្ឈប់ជម្លោះនៅតំបន់កាហ្សា ហើយថាពួកគេនឹងវាយបកភ្លាមៗទៅលើនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ប្រសិនបើក្រុមសម្ព័ន្ធមិត្តណាមួយរបស់ខ្លួនត្រូវរងការវាយប្រហារ។
យ៉ាងណាមិញ តាមរយៈការវាយប្រហាររបស់ក្រុមឧទ្ទាមនេះ កប៉ាល់ដឹកទំនិញជាច្រើនបានផ្អាកប្រតិបត្តិការដឹកទំនិញឆ្លងកាត់ សមុទ្រក្រហមតែម្ដង ជំនួសឱ្យការធ្វើដំណើរវាងទ្វីបអាហ្វ្រីក៕