ប្រធានមជ្ឈមណ្ឌលឧត្តមភាពផ្នែករោគវិទ្យានៃមហាវិទ្យាល័យវេជ្ជសាស្ត្ររបស់សាកលវិទ្យាល័យជូឡាឡុងកន លោក Yong Poovorawan បានបង្ហោះសារព្រមាននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ករណីឆ្លងជំងឺហ្ស៊ីកាជាច្រើនបានផ្ទុះឡើងនៅទីក្រុងបាងកក សូម្បីតែនៅតាមវត្តនានា។
វេជ្ជបណ្ឌិតរូបនេះ មិនបានផ្តល់តួលេខពិតប្រាកដនៃករណីជំងឺហ្ស៊ីកា ដែលកំពុងផ្ទុះឡើងនៅរាជធានីរបស់ប្រទេសថៃនោះទេ ប៉ុន្តែថា ការឆ្លងអាចបណ្តាលឱ្យមនុស្សមួយចំនួនធ្លាក់ក្នុងអាការៈធ្ងន់ធ្ងរ ហើយទារកកើតមកមានពិការភាពជាដើម។ នេះយោងការចុះផ្សាយរបស់កាសែត The Nation។
ក្នុងខណៈពេលនេះ លោក Yong បានរំឭកថា រោគសញ្ញានៃជំងឺហ្ស៊ីកាគឺស្រដៀងនឹងជំងឺគ្រុនឈាម ប៉ុន្តែស្ថានភាពនឹងមិនសូវធ្ងន់ធ្ងរទេ ហើយមេរោគហ្ស៊ីកាទៀតសោតក៏ចម្លងដោយសត្វមូស ស្រដៀងទៅនឹងមេរោគគ្រុនឈាមដែរ។ លោកបានលើកទឹកចិត្តប្រជាជនឱ្យការពារខ្លួនដោយពាក់អាវដៃវែងពណ៌ស្រាលៗ និងលាបថ្នាំការពារមូស ដើម្បីការពារស្បែករបស់ពួកគេ។
ជំងឺហ្ស៊ីកា ដែលភាគច្រើនផ្ទុះឡើងនៅប្រទេសនានានៅតំបន់ត្រូពិកទទួលបានការចាប់អារម្មណ៍ខ្លាំងជាលើកដំបូងក្នុងឆ្នាំ ២០១៥ ដោយសារតែវាអាចបង្កឱ្យមានពិការភាពពីកំណើតធ្ងន់ធ្ងរ ចំពោះទារកកើតចេញពីម្តាយដែលផ្ទុកជំងឺនេះ។ ក្រៅពីមូសខាំ ជំងឺហ្ស៊ីកាក៏អាចឆ្លងតាមរយៈការរួមភេទ និងការបញ្ចូលឈាមផងដែរ។
មនុស្សភាគច្រើនកើតជំងឺនេះ គឺជាសះស្បើយក្នុងរយៈពេលពី ៣ ថ្ងៃទៅ ១ សប្ដាហ៍ ហើយករណីជាច្រើន មិនលេចឡើងជារោគសញ្ញានោះទេ។ ប៉ុន្តែរោគសញ្ញាជំងឺញឹកញាប់រួមមាន ក្ដៅខ្លួន កន្ទួលរមាស់លើស្បែក ឈឺសន្លាក់ ឈឺក្បាល និងឡើងក្រហមភ្នែកជាដើម៕