នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ក្រុមមន្ត្រីប្រទេសម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានព្រមព្រៀងសហការគ្នា​កាន់តែជិតស្និទ្ធ ដើម្បីដោះស្រាយ​កំណើនចំនួន​ពលរដ្ឋធ្វើ​ចំណាកស្រុកនៅតាមព្រំដែន​ប្រទេសទាំងពីរ។ កិច្ចសហការនេះ​ធ្វើឡើងបន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​របស់ភាគីទាំងពីរ បានជួបពិភាក្សាគ្នា ក្នុងគោលបំណង​កាត់បន្ថយលំហូរ​ចូលនៃជនចំណាកស្រុក។  
 
បន្ទាប់ពីដំណើរ​ទស្សនកិច្ច​របស់រដ្ឋមន្ត្រី​ការបរទេសអាមេរិក លោក អាន់តូនី ប្លិងកិន (Antony Blinken) ទៅកាន់ប្រទេស​ម៉ិកស៊ិក ប្រទេសទាំងពីរ​បានសន្យាថា​នឹងពង្រឹងការអនុវត្ត​កម្មវិធីគាំទ្រ​ជនចំណាកស្រុក​ដែលមកពីប្រទេស​វ៉េណេស៊ុយអេឡា គុយបា នីការ៉ាហ្គា និងហៃទីជាដើម។ បន្ថែមលើនេះ ពួកគេបានព្រមព្រៀង​ថានឹងពិនិត្យមើល​ទៅលើដំណោះស្រាយបញ្ហា​ចម្បងនៅពីក្រោយ​ការធ្វើចំណាកស្រុក​ចេញពីប្រទេសទាំង​អស់នោះ។ 
 
គួរដឹងដែរថា គណៈប្រតិភូតំណាង​ប្រទេសទាំងពីរ នឹងជួបពិភាក្សាគ្នា​ម្ដងទៀតនៅ​ខែមករា ឆ្នាំ២០២៤ នៅទីក្រុង​វ៉ាស៊ីនតោន ដើម្បីជជែកអំពី​មធ្យោបាយជួយ​ដល់អ្នកទទួល​ប្រយោជន៍ពីកម្មវិធី DACA ដែលជាគោលនយោបាយ​អន្តោប្រវេសន៍​របស់​សហរដ្ឋអាមេរិក បង្កើតឡើងដើម្បីគាំពារ​ជនអន្តោប្រវេសន៍​ដែលគ្មានឯកសារ​មួយចំនួន ជាពិសេសកុមារ​មិនទាន់គ្រប់អាយុ។ 
 
គួររំឭកថា ជំនួបពិភាក្សាថ្មីៗនេះ​ធ្វើឡើងក្រោយសហរដ្ឋអាមេរិក​បានបិទព្រំដែន​មួយចំនួនជាបណ្តោះអាសន្ន ដើម្បីផ្លាស់ប្ដូរ​ទីភ្នាក់ងារទទួលបន្ទុក ដែលបណ្តាល​ឱ្យសកម្មភាពពាណិជ្ជកម្ម​នៅព្រំដែន​បានធ្លាក់ចុះ ហើយគណបក្ស​សាធារណរដ្ឋ​បានរិះគន់គោលនយោបាយ​ព្រំដែន​របស់លោក ចូ បៃដិន យ៉ាងខ្លាំង។

បញ្ហា​អន្តោប្រវេសន៍ និងបញ្ហា​ព្រំដែនទំនងជា​នឹងក្លាយជា​ប្រធានបទសំខាន់​ក្នុងការបោះឆ្នោត​ប្រធានាធិបតី​អាមេរិកនៅឆ្នាំ២០២៤ ដែលលោកប្រធានាធិបតី បៃដិន នឹងឈរឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតីមួយអាណត្តិទៀត។ 
 
នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ម៉ិកស៊ិក លោក អាន់ដ្រេស ម៉ានូអែល ឡូប៉េស អូប្រាដូ (Andres Manuel Lopez Obrador)  បានប្រកាស​ថា ប្រទេសម៉ិកសិក​និងសហរដ្ឋអាមេរិក​បានព្រមព្រៀងគ្នា​បើកច្រកព្រំដែន​ឡើងវិញ បន្ទាប់ពីបានបិទ​បណ្តោះអាសន្ន​អស់មួយរយៈ។

លោកបានបញ្ជាក់​ថា ជំនួបជាមួយអាមេរិក​បានប្រព្រឹត្តទៅ​ដោយរលូន ប្រកបដោយផ្លែផ្កា ហើយថែមទាំង​បានសរសើរនូវ​ទំនាក់ទំនងល្អ​រវាងប្រទេសទាំងពីរ​ក្រោមការដឹកនាំរបស់​លោក បៃដិន។ 
 
ក្នុងឆ្នាំ២០២៣ ជនចំណាកស្រុកជាង ៥ សែននាក់បានធ្វើ​ដំណើរផ្សងព្រេងដ៏គ្រោះថ្នាក់ ឆ្លងកាត់ព្រៃដារៀនហ្កាប (Darien Gap) ដែលជាព្រៃនៅព្រំដែន​តភ្ជាប់ទ្វីប​អាមេរិកខាងត្បូងទៅអាមេរិក​កណ្តាល។ ចំនួននេះបានកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន។ ពួកគេភាគច្រើនកំពុងរត់គេច​ពីឧក្រិដ្ឋកម្ម ភាពក្រីក្រ និងជម្លោះស៊ីវិល​នៅក្នុងប្រទេស ហើយព្យាយាមស្វែងរកឱកាស​ការងារនៅ​សហរដ្ឋអាមេរិក។ 
 
ជនចំណាកស្រុក និងអ្នកស្វែងរកសិទ្ធិជ្រកកោន​ទាំងនោះ រួមទាំងគ្រួសារខ្លះ​មានក្មេងតូចៗផងនោះ កំពុងធ្វើដំណើរ​ឆ្លងកាត់ព្រំដែន​ភាគខាងត្បូងប្រទេស​ម៉ិកស៊ិក ឆ្ពោះទៅ​កាន់ទឹកដីសហរដ្ឋអាមេរិក។ លោក ឡូប៉េស អូប្រាដូ បានលើកឡើង​ថា ជនចំណាកស្រុកទាំងនោះមានប្រមាណ ១៥០០ នាក់ ប៉ុន្តែក្រុម​សកម្មជន និងប្រព័ន្ធផ្សព្វផ្សាយ​ក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយ​ថាមាន​រហូតដល់ទៅ ៧ ពាន់នាក់។ 
 
លោក ឡូប៉េស អូប្រាដូ បានរំលេចថា បើទោះបីម៉ិកស៊ិកបានជួបពិភាក្សាជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ​ក៏ដោយ ប៉ុន្តែពួកគេមិនបានផ្ដោត​លើបញ្ហាជួញ​ដូរអាភៀន​ខុសច្បាប់ ដែលជួញដូរដោយ​ក្រុមជួញដូរម៉ិកស៊ិក​ចូលទៅក្នុងសហរដ្ឋអាមេរិកនោះទេ។

យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក​ចង់ឱ្យម៉ិកស៊ិកដោះស្រាយបញ្ហា​ការជួញដូរអាភៀននេះ ខណៈដែលម៉ិកស៊ិកជំរុញ​ឱ្យអាមេរិក​ដាក់ចេញវិធានការ​បញ្ឈប់ការជួញដូរ​អាវុធចូល​ក្នុងប្រទេសម៉ិកស៊ិក​វិញផងដែរ៕​