ប្រធានាធិបតី​បារាំង ​លោក​ អេ​ម៉ា​ណូអែល ​ម៉ា​ក្រុង​ បាន​និយាយ​កាលពី​ថ្ងៃទី២ធ្នូ​ ថា ​ប្រទេស​បារាំង​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ស្ថានភាព​ផ្ទុះ​សង្គ្រាម​ជាថ្មី​នៅ​តំបន់​ហ្គាហ្សា​ហើយ​ថា​ លោក​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​ដើម្បី​រួមគ្នា​រក​ដំណោះស្រាយ​សំដៅ​បន្ត​បទ​ឈប់​បាញ់។

ថ្លែង​នា​សន្និសីទ​សារព័ត៌មាន​មួយ​នៅឯ​កិច្ចប្រជុំ​កំពូល​អាកាសធាតុ COP28 នៅ​ទីក្រុង​ឌូ​បៃ​លោក​ម៉ា​ក្រុង​បាន​បញ្ជាក់ថា​ស្ថាន​ការណ៍​នៅ​តំបន់​ហ្គា​ហ្សា​តម្រូវឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​ដើម្បី​ទទួលបាន​បទ​ឈប់​បាញ់​រយៈពេល​យូរ​អង្វែង​និង​ជាពិសេស​ឈានទៅ​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់។

លោក​ម៉ា​ក្រុង​បាន​បន្ថែមទៀតថា៖«ក្នុងស្ថានភាព​នេះ​ភាគី​អ៊ីស្រាអែល​ត្រូវតែ​បង្ហាញ​ពី​ចេតនា​របស់​ពួកគេ​ចំពោះ​ការវាយលុក​នេះហើយ​ប្រសិនបើ​អ៊ីស្រាអែល​ពិតជា​មានបំណង​ក្នុងការ​វាយកម្ទេច​ក្រុម​ហា​ម៉ាស់​ពិតមែន​ទោះជា​រយៈពេល១០ឆ្នាំ​ទៀត​ក៏​សង្គ្រាម​នេះ​មិនអាច​បញ្ចប់​ដែរ»។

លោក​ប្រធានាធិបតី​បន្ត​សង្កត់ធ្ងន់​ផងដែរ​ថា៖ «វា​នឹងមិន​អាចមាន​សន្តិភាព​សម្រាប់​អ៊ីស្រាអែល​នោះទេ​ប្រសិនបើ​សន្តិភាព​របស់​ពួកគេ​ស្ថិតនៅលើ​ជីវិត​របស់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ផ្ទុយទៅវិញ​ទង្វើ​នេះ​នឹងធ្វើ​ឱ្យមាន​ការខឹង​សម្បា​រ​ពី​សាធារណៈជន​កាន់តែខ្លាំង​ឡើង»។

ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់លោក​ប្រធានាធិបតី​បារាំង​បែបនេះ​លោក Mark Regev ទីប្រឹក្សា​ជាន់ខ្ពស់​របស់​នាយករ​ដ្ឋ​មន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​អ៊ីស្រាអែល​មិន​ចង់ឃើញ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ត្រូវ​បាត់បង់​ជីវិត​នៅ​តំបន់​កា​ហ្សា​នោះទេ។

លោក Mark Regev បន្តថា៖«អ៊ីស្រាអែល​ផ្ដោត​ការ​វាយ​លុយ​ទៅលើ​តែ​ក្រុម​ឧទ្ទាម​ហា​ម៉ាស់​ប៉ុណ្ណោះ​ដោយ​ក្រុម​នេះ​ជា​ក្រុម​ភេរវកម្ម​ដែល​បានធ្វើ​សកម្មភាព​ហិង្សា​ទៅលើ​ប្រជាជន​ស៊ីវិល​ស្លូតត្រង់​រីឯ​អ្វីដែល​អ៊ីស្រាអែល​ធ្វើ​នាពេលនេះ​គឺ​ដើម្បី​ការពារ​ជីវិត​ប្រជាជន​ស៊ីវិល​ប៉ា​ឡេ​ស្ទី​ន​នោះឯង»។

កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន​រវាង​អ៊ីស្រាអែល​និង​ហា​ម៉ា​ស់បាន​បិទ​បញ្ចប់​នៅ​ថ្ងៃទី១ធ្នូ​បន្ទាប់ពី​អ៊ីស្រាអែល​បានចាប់ផ្ដើម​សកម្មភាព​បាញ់បោះភ្លាមៗក្រោយ​កិច្ចព្រមព្រៀង​ឈាន​ដល់ពេល​ផុតកំណត់។

យ៉ាងណាមិញ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​នេះ​ត្រូវបាន​ពន្យារពេល​ចំនួន​ ៣ ដង​ដោយ​លើក​ទី១​មាន​រយៈពេល ៤ ថ្ងៃ​លើក​ទី២ មាន​រយៈពេល ២ ថ្ងៃ​ និង​លើកចុងក្រោយ​ដែល​ត្រូវ​នឹង​ថ្ងៃទី៣០ ខែវិច្ឆិកា ​មាន​រយៈពេល១ថ្ងៃ។

ដោយឡែក​រហូតមកដល់​ពេលនេះ​អ៊ីស្រាអែល​កំពុង​វាយលុក​ដោយ​ទំលាក់​គ្រាប់បែក​ពីលើ​អាកាស​ទៅលើ​តំបន់​ហ្គា​ហ្សា​ភាគខាងត្បូង ក្រោម​ហេតុផល​ថា​មេដឹកនាំ​ក្រុម​ហា​ម៉ាស់​កំពុង​លាក់ខ្លួន​ជាមួយ​ក្រុម​ជន​ស៊ីវិល។

មនុស្ស​ជាង១,៧លាន​នាក់​ត្រូវបាន​ជម្លៀស​ចេញ​ពី​តំបន់​ហ្គា​ហ្សា​ជា​កន្លែង​ដែល​មន្ត្រី​សុខាភិបាល​បាន​អះអាង​ថា​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​លើស​ពី១៥,០០០​នាក់​បន្ទាប់ពី​ការវាយ​ប្រហារ​ជាច្រើន​សប្តាហ៍​របស់​អ៊ីស្រាអែល៕