ប្រមុខដឹកនាំតួកគី ដែលមានជម្លោះជាមួយលោកខាងលិចលើបញ្ហាជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន និងបានបង្ហាញការគាំទ្រចំពោះការវាយប្រហាររបស់ក្រុមហាម៉ាស់ ដោយបានហៅក្រុមនោះថា ជាក្រុមរើបម្រះ (Liberation Group) បានអះអាងជាថ្មីក្នុងការនាំយកប្រមុខដឹកនាំរដ្ឋាភិបាលអ៊ីស្រាអែលឱ្យទទួលខុសត្រូវនៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ចំពោះអំពើឃោរឃៅដែលពួកគេសម្រេចចិត្តធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាដែលរហូតមកដល់ពេលនេះសម្លាប់ជនស៊ីវិលយ៉ាងហោច ១៥ ០០០ នាក់។
ការបង្ហាញជំហរអរិភាពប្រឆាំងអ៊ីស្រាអែលចុងក្រោយនេះរបស់ប្រធានាធិបតីតួកគីលោក រ៉េស៊ីប តៃយីប អេរដូហ្គែន (Recep Tayyip Erdogan) គឺនៅពេលលោកត្រឡប់ពីចូលរួមនៅក្នុងសន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP28) ទីក្រុងឌូបៃប្រទេសអារ៉ាប់រួមជាទីដែលលោកបានជួបប្រមុខដឹកនាំរដ្ឋអារ៉ាប់ជាច្រើន។
ទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu បានដកស្រង់សម្តី លោក អេរដូហ្គែន ដូចបានប្រាប់អ្នកសារព័ត៌មានថា៖«យើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីឱ្យតុលាការឧក្រិដ្ឋកម្មអន្តរជាតិដាក់ទណ្ឌកម្ម [អ៊ីស្រាអែល] ចំពោះអំពើប្រល័យពូជសាសន៍នេះ។ នេះគឺជាសញ្ញាខ្មៅមិនត្រឹមតែលើរដ្ឋាភិបាលរបស់ [នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin] ប៉ុណ្ណោះទេ ថែមទាំងលើប្រទេសទាំងនោះដែលគាំទ្រដោយឥតលក្ខខណ្ឌផងដែរ។ ហើយ ពួកគេក៏នឹងត្រូវបង់ថ្លៃចំពោះភាពមិនដឹងមិនឮជាច្រើនឆ្នាំកន្លងមក។ ពិភពលោកនឹងមិនភ្លេចពីភាពលម្អៀងនេះទេ»។
តាមសារព័ត៌មានដដែលលោក អេរដូហ្គែន បានលាតត្រដាងឱ្យដឹងថា មេធាវីប្រហែល ៣០០០ នាក់រួមទាំងមេធាវីតួកគីផង បានដាក់ញត្តិទៅ ICC ទាក់ទងនឹងសកម្មភាពរបស់អ៊ីស្រាអែលនៅហ្គាហ្សា។
«មេធាវីប្រហែល ៣ ពាន់នាក់បានដាក់ពាក្យស្នើសុំចាំបាច់ទៅកាន់ ICC នៅទីក្រុងឡាអេ។ លោក Netanyahu ដែលមានបាតដៃប្រឡាក់ឈាមនឹងទទួលបានការដាក់ទណ្ឌកម្មជាចាំបាច់»។
លោកក៏បាននិយាយផងដែរថា ប្រទេសតួកគីនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យអ៊ីស្រាអែលទទួលខុសត្រូវ ដោយនិយាយថា៖«យើងនឹងមិនបំភ្លេចអំពើប្រល័យពូជសាសន៍នេះទេ ហើយយើងនឹងមិនទុកឱ្យអ្នកផ្សេងបំភ្លេចវាដោយស្រួលឡើយ។ មិនយូរមិនឆាប់ អ៊ីស្រាអែលនឹងចំណាយចំពោះរឿងនោះ»។
សារព័ត៌មាន The NEWARAB បានផ្សាយថា ក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីនបានអំពាវនាវឱ្យប្រធានតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) លោក Karim Khan ចូលរួមដោយផ្ទាល់ជាមួយជនរងគ្រោះប៉ាឡេស្ទីនពីការឈ្លានពានរបស់អ៊ីស្រាអែល។
មជ្ឈមណ្ឌល Al Mezan សម្រាប់សិទ្ធិមនុស្ស Al-Haq និងមជ្ឈមណ្ឌលសិទ្ធិមនុស្សប៉ា-ឡេស្ទីន បានសម្តែង «ការព្រួយបារម្ភយ៉ាងខ្លាំង» លើអ្វីដែលពួកគេបាននិយាយថាជា «ការពន្យារពេលដ៏យូរ» នៅក្នុងការចូលរួមដោយផ្ទាល់របស់ ប្រធានតុលាការ ICC ជាមួយជនរងគ្រោះ ជាពិសេសនៅក្នុងតំបន់ហ្គាហ្សា។
ក្រុមសិទ្ធិមនុស្សបានបន្ថែមនៅក្នុងសេចក្តីប្រកាសព័ត៌មានថា Khan មិនមានពេលដើម្បីជួបជាមួយជនរងគ្រោះប៉ាឡេស្ទីន និងអ្នកតំណាងផ្លូវច្បាប់របស់ពួកគេ ដោយនិយាយថា «សំណើជាច្រើន» ត្រូវបានធ្វើឡើងចាប់តាំងពីប្រធាន-តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចូលកាន់តំណែងក្នុងខែមិថុនា ឆ្នាំ ២០២១។
យោងតាមការចុះផ្សាយដដែល នៅខែមីនាឆ្នាំនោះ ប្រធានរដ្ឋអាជ្ញា ICC លោក Fatou Bensouda បានប្រកាសពីការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាមដែលត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តនៅប៉ាឡេស្ទីនចាប់តាំងពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៤។ ការស៊ើបអង្កេតដែលកំពុងបន្តគ្របដណ្តប់លើសកម្មភាពរបស់ប៉ាឡេស្ទីន និងជនជាតិអ៊ីស្រាអែល។
ទោះមានការចោទប្រកាន់ ប៉ុន្តែទង្វើបង្កហេតុរបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលធ្វើឱ្យបស្ចិមលោក ឈរជាមួយអ៊ីស្រាអែល និងផ្តល់ការគាំទ្រយ៉ាងច្រើន៕