ការជម្លៀសខ្លួនកំពុងដំណើរការនៅក្នុងប្រទេសហ្វីលីពីន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងត្បូងនៃកោះមីនដាណាវ កាលពីយប់ថ្ងៃសៅរ៍ ខណៈគ្រោះរញ្ជួយដីកម្រិតខ្ពស់នេះទៀតសោត បង្កឱ្យមានក្តីព្រួយបារម្ភអំពីរលកយក្សស៊ូណាមិ កើតឡើងនៅក្នុងប្រទេសហ្វីលីពីនផ្ទាល់ និងក្នុងប្រទេសជប៉ុន។
ជុំវិញក្តីបារម្ភនេះទីភ្នាក់ងារអាមេរិកមួយបាននិយាយថាហានិភ័យនៃរលកធំៗ បានកន្លងផុតទៅហើយ បើទោះជាដំបូងឡើយប្រព័ន្ធតាមដានរលកយក្សស៊ូណាមិ របស់សហរដ្ឋអាមេរិកបានព្រមានថា នឹងអាចមានការកើតឡើងនៃរលកកម្ពស់រហូតដល់ ៣ ម៉ែត្រ (១០ ហ្វីតពីលើកម្រិតទឹករលកខ្ពស់ធម្មតា)។
ចំណែកវិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន «Phivolcs» វិញបានអះអាងថា ហានិភ័យនៃរលកយក្សនេះនៅតែមាន។
បើតាមទីភ្នាក់ងារឧតុនិយមជប៉ុនវិញបានឱ្យដឹងថា រលកកើនឡើងកម្ពស់ ៤០ សង់ទីម៉ែត្រត្រូវបានគេសង្កេតឃើញនៅលើកោះ Hachijojima របស់ប្រទេសជប៉ុនចម្ងាយប្រហែល ២៩០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតូក្យូ។
យ៉ាងណាមកទល់ពេលនេះការជម្លៀសខ្លួនកំពុងបន្តនៅក្នុងប្រទេសហ្វីលីពីន ខណៈមិនទាន់មានការរាយការណ៍បឋមអំពីការខូចខាតដែលបង្កឡើងដោយរលកធំៗឬការស្លាប់បាត់បង់ជីវិត បើទោះបីជាមានការរញ្ជួយដីនៅតែបន្តកើតមានក៏ដោយ។
ស្របពេលជាមួយគ្នានេះដែរវិទ្យាស្ថាន Phivolcs របស់ប្រទេសហ្វីលីពីនក៏ចេញសេចក្តីប្រកាស ដោយជំរុញឱ្យប្រជាជនដែលរស់នៅក្បែរឆ្នេរសមុទ្រនៃខេត្ត Surigao Del Sur និងខេត្ត Davao Oriental ជម្លៀសខ្លួន ឬផ្លាស់ទីទៅឆ្ងាយក្នុងដីគោក៕