ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃអាទិត្យ ទី ៣ ខែធ្នូថា ការិយាល័យប្រតិបត្តិការផ្កាយរណប ចារកម្មរបស់ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមសកម្មភាពរបស់ខ្លួនហើយ ក្នុងនាមជាអង្គភាពស៊ើបការណ៍យោធា។ យោងសេចក្តីរាយការណ៍បន្តរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
KCNA បានផ្សព្វផ្សាយថា ទីតាំងការិយាល័យនៅមជ្ឈមណ្ឌលគ្រប់គ្រងទូទៅក្រុងព្យុងយ៉ាងរបស់រដ្ឋបាល បច្ចេកវិទ្យាអវកាសជាតិ (NATA) បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយនឹងរាយការណ៍ព័ត៌មានដែលខ្លួនទទួលបាន ទៅកាន់ការិយាល័យចារកម្មនៅកងទ័ព និងអង្គភាពសំខាន់ៗផ្សេងទៀត។
កូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យកាលពីថ្ងៃទី ២១ ខែវិច្ឆិកា ដោយបញ្ជូនរូបភាពសេតវិមាន មន្ទីរបញ្ចកោណ មូលដ្ឋានយោធាអាមេរិក និងតំបន់គោលដៅផ្សេងៗនៅក្នុងប្រទេសកូរ៉េខាងត្បូង។
យ៉ាងណាមិញ កូរ៉េខាងជើងមិនទាន់បានបញ្ចេញរូបភាពណាមួយពីផ្កាយរណបនេះទេ មកទល់ពេលនេះដោយទុកឱ្យអ្នកវិភាគ និងរដ្ឋាភិបាលបរទេសជជែកវែកញែក ថាតើផ្កាយរណបថ្មីនេះពិតជាមានសមត្ថភាព ឬយ៉ាងណា។
ក្នុងអត្ថបទដាច់ដោយឡែកមួយដែល KCNA រាយការណ៍កាលពីថ្ងៃអាទិត្យ អ្នកអត្ថាធិប្បាយយោធាកូរ៉េខាងជើងមិនបញ្ចេញឈ្មោះម្នាក់ បាននិយាយថា កូរ៉េខាងត្បូងជាអ្នកខុសលើការរំសាយកិច្ចព្រមព្រៀងកសាងទំនុកចិត្តយោធារវាងប្រទេសទាំង ២ ហើយថា ប្រទេសកូរ៉េខាងជើងអាចបាញ់បង្ហោះផ្កាយរណបដូចប្រទេសផ្សេងទៀតដែរ។
អត្ថបទដដែលក៏បានអះអាងដែរថា ផ្កាយរណបចារកម្មយោធាដំបូង ដែលកូរ៉េខាងត្បូងទើបនឹងបាញ់បង្ហោះថ្មីនេះ បង្ហាញពីភាពផ្ទុយគ្នានៃអ្វីដែលខ្លួនបានឃោសនា។
កាលពីថ្ងៃសុក្រ គ្រាប់រ៉ុក្កែតបាញ់បង្ហោះ Falcon 9 ពីក្រុមហ៊ុន SpaceX បានដឹកផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងត្បូងទៅកាន់គន្លងគោចរពីមូលដ្ឋានកងកម្លាំងអវកាស Vandenberg នៃរដ្ឋកាលីហ្វ័រនីញ៉ា។ កូរ៉េខាងត្បូង បានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនអាមេរិក មួយនេះ ក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មសរុបចំនួន ៥ត្រឹមឆ្នាំ ២០២៥ ដើម្បីជាកិច្ចខិតខំប្រឹងប្រែងពន្លឿនគោលដៅរបស់ខ្លួនក្នុងការឃ្លាំមើលឧបទ្វីបកូរ៉េ ២៤ ម៉ោង។
ការវិវឌ្ឍចុងក្រោយទាំងអស់នេះ កើតឡើងស្របពេលដែលស្ថានភាពនៃឧបទ្វីបកូរ៉េបន្តភាពតានតឹង។ កូរ៉េខាងជើងបាននិយាយកន្លងមកថា ខ្លួននឹងដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធខ្លាំងជាងមុន និងសព្វាវុធថ្មីនៅតាមព្រំដែនជាប់កូរ៉េខាងត្បូងក្រោយក្រុងសេអ៊ូលផ្អាកផ្នែកមួយនៃកិច្ចព្រមព្រៀងយោធាឆ្នាំ ២០១៨៕