តុលាការក្រុងហូជីមិញនៃប្រទេសវៀតណាម បានកាត់ទោសស្រ្តីអ្នកជំនួញសញ្ជាតិវៀតណាម-អាមេរិក ម្នាក់ឱ្យជាប់ពន្ធនាគារអស់ជីវិត ពីបទក្លែងបន្លំឯកសារដើម្បីលក់អាផាតមិន ៨០ល្វែង ហើយកិបកេងប្រាក់ចំនួន ៣០៩ ពាន់លានដុង (១២,៧ លានដុល្លារអាមេរិក) ពីជនរងគ្រោះចំនួន៥០នាក់។ នេះបើតាមការចុះផ្សាយរបស់កាសែត VnExpress កាលពីថ្ងៃសៅរ៍ទី៣០ខែធ្នូឆ្នាំ២០២៣។
ស្រ្តីរូបនោះឈ្មោះ Vu Bao Trinh អាយុ ៥០ ឆ្នាំ និងជាម្ចាស់ក្រុមហ៊ុន Nam Thi Real Estate Co. Ltd រងការកាត់ទោសពីបទ «ក្លែងបន្លំទ្រព្យសម្បត្តិ»។ ក្នុងសំណុំរឿងដដែល លោក Van Chi Tam ដែលជាប្រធានក្រុមហ៊ុន Nam Thi រងការកាត់ទោសឱ្យជាប់គុក ១៧ ឆ្នាំ ខណៈបុរសអ្នកសមគំនិតម្នាក់ទៀតឈ្មោះ Hoang Thai Anh ត្រូវជាប់ទោសជាប់គុក ១៦ឆ្នាំ។
បើយោងទៅតាមក្រុមចៅក្រម លោកស្រី Trinh បានបញ្ជាឱ្យលោក Tam និងលោក Anhប្រព្រឹត្តការក្លែងបន្លំ ហើយពួកគេនឹងទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនពីប្រាក់ចំនួន ៣០៩ ប៊ីលានដុង ដែលពួកគេកិបកេងពីជនរងគ្រោះចំនួន ៥០ នាក់។ ដូច្នេះ លោកស្រី Trinh ត្រូវទទួលខុសត្រូវផងដែរចំពោះសំណងដល់ជនរងគ្រោះ។
កាសែត VnExpress ផ្សាយថា ក្រុមហ៊ុន Nam Thi ដែលជាក្រុមហ៊ុនសាងសង់អគារការិយាល័យ និងអាផាតមិន La Bonita ក្នុងក្រុងហូជីមិញ បានដាក់បញ្ចាំអាគារនោះទៅឱ្យធនាគារ Rubber Finance Company ដើម្បីទទួលបានប្រាក់កម្ចីចំនួន ៩៥ ប៊ីលានដុង។
នៅក្រោមកិច្ចព្រមព្រៀងនោះ ក្រុមហ៊ុនរបស់លោកស្រី Trinh គ្មានសិទ្ធិលក់អាផាតមិនណាមួយក្នុងអំឡុងពេលដាក់បញ្ចាំ ដោយគ្មានការយល់ព្រមពីធនាគារ Rubber Finance នោះទេ។
យ៉ាងណាមិញ លោកស្រី Trinh បានប្រាប់លោក Tam និងលោក Anh ឱ្យលក់អាផាតមិន La Bonita។ លោក Tam និង លោក Anh ថែមទាំងលក់អាផាតមិនជាន់គ្នា ទៅឱ្យជនរងគ្រោះច្រើនគ្នាទៀតផង។ អង្គការ និងបុគ្គលចំនួន ៨៨ បានទិញអាផាតមិនចំនួន ១១៨ ក្នុងតម្លៃ ៤៨៥ ប៊ីលានដុង ហើយក្រុមហ៊ុន Nam Thi ទទួលបានប្រាក់ ៤២៣ ប៊ីលានដុង។
ក្នុងអំឡុងពេលស៊ើបអង្កេត មានតែបុគ្គល និងអង្គការចំនួន៥០ ប៉ុណ្ណេះ បានចោទប្រកាន់លោកស្រី Trinh និងអ្នកសមគំនិតថាបានបោកប្រាស់ពួកគេ ហើយចំនួនទឹកប្រាក់បាត់បង់ដែលពួកគេលើកឡើងគឺ៣៣២ ប៊ីលានដុង។
លោកស្រី Trinh បានប្រគល់ប្រាក់ទៅវិញចំនួន ២៣ ប៊ីលានដុង ហើយកិបកេងជាង ៣០៩ ប៊ីលានដុង ដូចមានក្នុងសាកក្រមរបស់តុលាការ៕