រដ្ឋាភិបាលប្រទេសចិនបានហៅបេក្ខភាពជួរមុខសម្រាប់តំណែងប្រធានាធិបតីបន្ទាប់របស់តៃវ៉ាន់ថាជាអ្នកប្រឆាំងនិងជាអ្នកបំផ្លាញសន្តិភាពបន្ទាប់ពីលោកបាននិយាយនាការជជែកដេញដោលប្រធានាធិបតី ថាអធិបតេយ្យភាពនិងឯករាជ្យរបស់កោះនេះជាកម្មសិទ្ធិរបស់ប្រជាជនរបស់ខ្លួន។
ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនិងសភាដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ កំពុងតែកើតឡើង ចំពេលដែលទំនាក់ទំនងកំពុងអាក្រក់រវាងទីក្រុងប៉េកាំងនិងតៃប៉ិ។ ប្រទេសចិនបាននិងកំពុងបង្កើនសម្ពាធយោធាដើម្បីអះអាងការទាមទារអធិបតេយ្យភាពរបស់ខ្លួនជុំវិញការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យតៃវ៉ាន់។
ប្រទេសចិនបានតាមដានពិសេសចំពោះអនុប្រធានាធិបតីបច្ចុប្បន្នលោក Lai Ching-te ដែលជាបេក្ខភាពប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ (DPP) និងនាំមុខក្នុងការស្ទង់មតិដោយលើកឡើងថាលោកជាអ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់។
ឆ្លើយតបចំពោះការអត្ថាធិប្បាយរបស់លោក Lai កាលពីយប់ថ្ងៃទី៣០ខែធ្នូនៅឯការជជែកដេញដោលរបស់ប្រធានាធិបតីតាមកញ្ចក់ទូរទស្សន៍ ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនបាននិយាយថាលោក Lai បានលាតត្រដាងមុខមាត់ពិតរបស់គាត់ថាជា «មនុស្សរឹងរូសដើម្បីឯករាជ្យភាពតៃវ៉ាន់និងជាអ្នកបំផ្លាញសន្តិភាពរបស់តៃវ៉ាន់»។
អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិនលោក Chen Binhuaបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ពាក្យរបស់គាត់គឺពោរពេញដោយគំនិតប្រឆាំង»។
លោក Chen ធ្លាប់បាននិយាយតាំងពីឆ្នាំ២០១៦នៅពេលដែលប្រធានាធិបតីបច្ចុប្បន្នលោកស្រី Tsai Ing-wen ចូលកាន់តំណែងថារដ្ឋាភិបាលដឹកនាំដោយ DPP បានជំរុញឱ្យមានការបំបែកខ្លួនជាមេឧក្រិដ្ឋកម្មនិងធ្វើឱ្យខូចផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់។
មិនខុសពីគូរប្រជែងដ៏សំខាន់របស់លោក Lai នៅក្នុងការបោះឆ្នោតគឺលោកHou Yu-ihមកពីគណបក្សប្រឆាំងដ៏ធំបំផុតរបស់តៃវ៉ាន់គឺ Kuomintang (KMT) គណបក្ស DPP ក៏និយាយស្រដៀងគ្នាដូច្នេះថាមានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអនាគតរបស់ពួកគេ។
ទោះយ៉ាងណាក្តីជាធម្មតាគណបក្ស KMT ត្រូវបានគេយល់ថាមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនខ្លាំងបើទោះពួកគេបដិសេធយ៉ាងដាច់អហង្ការថាមិនមានគាំទ្រទីក្រុងប៉េកាំងក៏ដោយ៕