អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា រុស្ស៊ីមិនដែលដាក់ឱសានវាទ ឬការចោទប្រកាន់ណាមួយឡើយ បន្ទាប់ពីភាគីអ៊ុយក្រែនអះអាងពីគ្មានការសន្ទនាសន្តិភាពក្នុងពេលកន្លងមកនោះទេ។
ការអត្ថាធិប្បាយរបស់មន្ត្រីនាំពាក្យនេះ កើតមានឡើងបន្ទាប់ពីទីប្រឹក្សាការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Mikhail Podolyak ដែលបាននិយាយថានឹងមិនមានកិច្ចចរចាជាមួយរុស្ស៊ីទេ។
តាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS មន្ត្រីនាំពាក្យរូបនេះ បានរំឭកពីការចោទប្រកាន់របស់ភាគីអ៊ុយក្រែនដែលថារុស្ស៊ីនឹងទទួលយក«ការទាមទារឱសានវាទនៅកម្រិតខ្ពស់បំផុត»។
មានការវិភាគកន្លងមកបានលើកឡើងថា រុស្ស៊ីទទួលយកការចរចាជាមួយសហរដ្ឋអាមេរិកផ្ទាល់លើបញ្ហាអ៊ុយក្រែន ដោយមិនចរចាជាមួយអ៊ុយក្រែនលើវិបត្តិដែលកំពុងកើតមាននៅអ៊ុយក្រែនឡើយ។
ទាហានអ៊ុយក្រែនបានបាញ់ផ្លោងលើទីក្រុង Belgorod និងតំបន់ Belgorod តាំងពីល្ងាចថ្ងៃសុក្រ។ ការបាញ់ផ្លោងចុងក្រោយបង្អស់ត្រូវបានសំដៅកាន់ទីប្រជុំជន Belgorod ជាមួយនឹងការប្រើប្រាស់គ្រាប់បែកចង្កោមពីគ្រាប់រ៉ុក្កែតជាច្រើនដែលផលិតដោយឆេក។
យ៉ាងហោចណាស់មនុស្ស ១៤នាក់ រួមទាំងកុមារ ២នាក់បានស្លាប់ និង ១០៨នាក់ផ្សេងទៀតបានរងរបួស។ យោងតាមក្រសួងការពារជាតិរុស្ស៊ី ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់ទាំងមីស៊ីលបានភាគច្រើន។ បើមិនដូច្នេះទេ ផលវិបាកនឹងកាន់តែធ្ងន់ធ្ងរទៅ។
ភាគីអ៊ុយក្រែនក៏បានបង្ហាញថា រុស្ស៊ីបាញ់ផ្លោងនិងប្រើយន្តហោះគ្មានមនុស្សបើកបាញ់ប្រហារក្រុងជាច្រើននៅអ៊ុយក្រែន បង្កឱ្យមានអ្នកស្លាប់និងរបួសយ៉ាងច្រើន ជាពិសេសជនស៊ីវិល៕