ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃអាទិត្យ ទី ៣១ ខែធ្នូថា ប្រទេសកូរ៉េខាងជើងគ្រោងនឹងបាញ់បង្ហោះផ្កាយរណបចារកម្មចំនួន ៣ បន្ថែមទៀតនៅឆ្នាំ ២០២៤ ដែលជាផ្នែកនៃការខិតខំប្រឹងប្រែងជំរុញកម្លាំងយោធារបស់ខ្លួន។
KCNA ផ្សាយយ៉ាងដូច្នេះថា៖«ភារកិច្ចនៃការបាញ់បង្ហោះផ្កាយរណបចារកម្មបន្ថែមចំនួន ៣ នៅឆ្នាំ ២០២៤ ត្រូវបានប្រកាស» ជាការសម្រេចចិត្តគោលនយោបាយដ៏សំខាន់មួយសម្រាប់ឆ្នាំក្រោយនៅឯកិច្ចប្រជុំបក្សចុងឆ្នាំរយៈពេល ៥ ថ្ងៃដែលបានបញ្ចប់ទៅកាលពីថ្ងៃសៅរ៍ ហើយចូលរួមដោយលោក គីម ជុងអ៊ុន។
ការប្រកាសស្ដីពីផែនការបង្ហោះផ្កាយរណបចារកម្មបន្ថែមនាពេលនេះ ធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើងជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបចារកម្មមួយចូលទៅក្នុងគន្លងតារាវិថីកាលពីខែមុន ហើយអះអាងចាប់តាំងពីពេលនោះមកថា ផ្កាយរណបនោះចាប់បានរូបភាពនៃទីតាំងយោធាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
វឌ្ឍនភាពចុងក្រោយនេះកើតឡើងក្នុងឆ្នាំជាមួយគ្នា ដែលគេមើលឃើញថា កូរ៉េខាងជើងបាញ់សាកល្បងអាវុធផ្សេងៗ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដល់កំណត់ត្រាថ្មី ដោយទម្លាក់កំហុសទៅការគំរាមកំហែងកាន់តែ ខ្លាំងឡើងពីសហរដ្ឋ អាមេរិក។
លោក ជុងអ៊ុន បាននិយាយក្នុងកិច្ចប្រជុំចុងឆ្នាំថា៖«សហរដ្ឋអាមេរិក ដែលបានបង្កអស្ថិរភាពនយោបាយជាយូរមកហើយនៅលើឧបទ្វីបកូរ៉េ នៅតែបន្តបង្កការគំរាមកំហែងផ្នែកយោធាជាច្រើនមុខដល់ប្រទេសរបស់យើង ទោះបីជាឆ្នាំ (២០២៣) ជិតបញ្ចប់ទៅហើយក្ដី»។
សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់រួមមានកូរ៉េខាងត្បូង និងជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនៅឆ្នាំនេះ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីកូរ៉េខាងជើង ព្រមទាំងបានបង្កើតប្រព័ន្ធមួយដើម្បីចែករំលែកទិន្នន័យតាមពេលវេលាជាក់ស្តែងជាមួយគ្នា លើការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
អាមេរិកកាលពីដើមខែធ្នូបានរំកិលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ខ្លួនទៅដល់ក្រុងកំពង់ផែប៊ូសានរបស់កូរ៉េខាងត្បូង ហើយបានប្រើយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយក្នុងសមយុទ្ធនោះ។
កូរ៉េខាងជើងធ្លាប់បានពណ៌នាសកម្មភាពយោធា និងការដាក់ពង្រាយអាវុធយុទ្ធសាស្ត្ររបស់អាមេរិក ដូចជាយន្តហោះទម្លាក់គ្រាប់បែក B-52 នៅក្នុងសមយុទ្ធរួមគ្នាថាជា«ចលនាបង្កហេតុនៃសង្គ្រាមនុយក្លេអ៊ែរ»៕