ប្រទេសចិនបានដកមន្ត្រីយោធាចំនួន ៩ រូបចេញពីសភា ក្នុងនោះក៏មានទាំងឧត្តមសេនីយ៍ជាន់ខ្ពស់មួយចំនួនដែលពួកគេកំពុងបម្រើការនៅអង្គភាពកងទ័ពមីស៊ីលកាលពីថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២៣។ នេះគឺជាការរុះរើរចនាសម្ព័ន្ធដឹកនាំ និងរៀបចំឡើងវិញបន្ទាប់ពីចិនបានតែងតាំងរដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី។
ទីភ្នាក់ងារព័ត៌មានរដ្ឋចិន ស៊ីន ហួ (Xinhua) បានរាយការណ៍ពីការសម្រេចចិត្តរបស់សភាចិននេះកាលពីល្ងាចថ្ងៃសុក្រកន្លងមកនេះបន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការកណ្តាលរបស់បក្សកុម្មុយនីស្តចិនបានបញ្ចប់ទៅ។ យ៉ាងណាក៏ដោយ គេមិនឃើញមានការពន្យល់អំពីមូលហេតុដែលមន្ត្រីទាំងអស់នោះត្រូវបានដកចេញពីតំណែងនោះទេ។
ការដកមន្ត្រីយោធាចេញពីតំណែងជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃដំណើរការផ្លាស់ប្តូរក្នុងកំណែទម្រង់ជួរមន្ត្រីយោធា ដោយបានចាប់ផ្តើមពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក លី សាហ្វ៊ូ (Li Shangfu) ដែលត្រូវបានបណ្តេញចេញភ្លាមៗនៅក្នុងខែតុលា ធ្វើឱ្យក្ដីរំពឹងដែលថាលោកអាចនឹងត្រូវបានផ្លាស់ប្ដូរទៅកាន់តំណែងផ្សេងត្រូវបានបញ្ចប់។
លោក លី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការពារជាតិកាលពីខែមីនា ប៉ុន្តែបានបាត់មុខពីសាធារណជនក្នុងខែសីហា។ ក្រោយមកទៀត លោកត្រូវបានបណ្តេញចេញជាផ្លូវការក្នុងខែតុលា។ កាលពីថ្ងៃសុក្រ ទីក្រុងប៉េកាំងបានតែងតាំងលោក តុង ជុន (Dong Jun) ជារដ្ឋមន្ត្រីការពារជាតិថ្មីជំនួសវិញដើម្បីដឹកនាំបន្ត បន្ទាប់ពីតំណែងមួយនេះនៅទំនេរអស់ប៉ុន្មានខែមក។
ប៉ុន្មានខែថ្មីៗនេះ ក៏ឃើញមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៃកងកម្លាំងគ្រាប់រ៉ុក្កែតសម្ងាត់របស់ចិន ដែលជាអង្គភាពកងទ័ពទទួលបន្ទុកត្រួតពិនិត្យឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង។ កំណែទម្រង់នេះបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្ដីពីការស៊ើបអង្កេតអំពើពុករលួយពាក់ព័ន្ធនឹងអតីតមេដឹកនាំរបស់អង្គភាពនេះផ្ទាល់។
ក្នុងចំណោមមន្ត្រី៩នាក់ដែលត្រូវបានបណ្តេញចេញពីតួនាទី គឺជាអតីតមេដឹកនាំកំពូល ឬជាមេដឹកនាំបច្ចុប្បន្ននៅក្នុងអង្គភាពកងកម្លាំងគ្រាប់រ៉ុក្កែតរបស់យោធាចិន ហើយមានម្នាក់ជាអតីតមេបញ្ជាការកងទ័ពអាកាសទៀតផងនេះបើយោងតាមការរាយការណ៍ដោយកាសែត South China Morning Post។
យោងតាមកាសែតដដែលខាងលើ បានរៀបរាប់ថា មន្ត្រី ២ រូបក្នុងចំណោមមន្ត្រីដែលត្រូវបានបណ្តេញចេញបានបម្រើការនៅក្នុងនាយកដ្ឋានទាក់ទងនឹងការអភិវឌ្ឍឧបករណ៍យោធាសម្រាប់គណៈកម្មការមជ្ឈិមយោធា (CMC) និងម្នាក់ទៀតជាមេបញ្ជាការនៅក្នុងកងនាវាចរ។
យោងតាមក្រុមហ៊ុន SinoInsider ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនិងធ្វើការលើបញ្ហានយោបាយចិន បានលើកឡើងថា ការដកចេញនូវមន្ត្រីយោធាទាំង ៩ រូបនេះ បានធ្វើឡើងដោយមានការស៊ើបអង្កេតទៅលើពួកគេក្រោយមានពាក្យចចាមអារ៉ាមលើបញ្ហានេះ៕